ទស្សនវិស័យចម្បងៗទាំងអស់នេះ គឺមានសារសំខាន់ណាស់សម្រាប់សាធារណជន និងជាពិសេសសម្រាប់អ្នករៀបចំគោលនយោបាយសេដ្ឋកិច្ច និងរូបិយវត្ថុ ក្នុងគោលបំណងតាមដានអតុល្យភាពម៉ាក្រូសេដ្ឋកិច្ច និងការវាយតម្លៃហានិភ័យដែលកើតឡើងលើវិស័យពាក់ព័ន្ធផ្សេងៗទៀត។ នេះបើតាមសេចក្ដីជូនដំណឹងមួយរបស់ធនាគារជាតិនៃកម្ពុជា។
ធនាគារជាតិនៃកម្ពុជា និងវិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ បានសហការគ្នារៀបចំសិក្ខាសាលាស្តីពី ការផ្សព្វផ្សាយ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការសន្ទស្សន៍ថ្លៃលំនៅដ្ឋាន នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២២។
គោលបំណងសំខាន់នៃសិក្ខាសាលានេះ គឺដើម្បីធ្វើការផ្សព្វផ្សាយ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវលទ្ធផលរបស់សន្ទស្សន៍ថ្លៃលំនៅដ្ឋានឱ្យបានទូលំទូលាយទៅកាន់សាធារណជន ដែលមានតម្រូវការក្នុងការប្រើប្រាស់ទិន្នន័យនេះ ជាពិសេសសម្រាប់អ្នករៀបចំគោលនយោបាយសេដ្ឋកិច្ច និងរូបិយវត្ថុ ក្នុងគោលបំណងតាមដានអតុល្យភាពម៉ាក្រូសេដ្ឋកិច្ច និងវាយតម្លៃហានិភ័យដែលអាចកើតមានលើវិស័យពាក់ព័ន្ធ ពិសេសវិស័យហិរញ្ញវត្ថុតែម្ដង។
សិក្ខាសាលាស្តីពី ការផ្សព្វផ្សាយ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការសន្ទស្សន៍ថ្លៃលំនៅដ្ឋាន ត្រូវបានរៀបចំដោយឈរលើទស្សនវិស័យចម្បងៗ ៣ដូចជា ទី១. តម្រូវការប្រើប្រាស់ទិន្នន័យ ៖ ការរីកលូតលាស់យ៉ាងឆាប់រហ័សនូវវិស័យអចលនទ្រព្យ និងសំណង់ ស្របពេលវិស័យនេះ បានក្លាយជាសសរស្ដម្ភដ៏សំខាន់ក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ចប្រទេសកម្ពុជា ដែលទាមទារឱ្យព័ត៌មាននិងទិន្នន័យសន្ទស្សន៍ថ្លៃលំនៅដ្ឋានត្រូវតែមានភាពរឹងមាំ គ្រប់ជ្រុងជ្រោយ និងទាន់ពេលវេលា សម្រាប់ជាធាតុចូលសំខាន់ក្នុងការវិភាគ វាយតម្លៃ ចេញវិធានការណ៍ និងរៀបចំផែនការនិងយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល។
ទី២. គុណភាព និងវិសាលភាពទិន្នន័យ ៖ ការអភិវឌ្ឍ ការពង្រឹងគុណភាព និងការពង្រីកវិសាលភាពសន្ទស្សន៍ថ្លៃលំនៅដ្ឋាន ត្រូវតែធ្វើឡើងជាប្រចាំ ដើម្បីឆ្លើយតបទៅតាមការវិវឌ្ឍលឿននូវវិស័យនេះ ដែលអាចបង្កជាហានិភ័យពាក់ព័ន្ធនានាដល់វិស័យផ្សេងទៀត ពិសេសវិស័យហិរញ្ញវត្ថុ ដែលជាប្រភពហិរញ្ញប្បទានដល់វិស័យសេដ្ឋកិច្ចក្នុងស្រុក និងកំណើនសេដ្ឋកិច្ចជារួម។ និងទី៣. ប្រភពផ្គត់ផ្គង់ទិន្នន័យ ៖ ប្រភពផ្គត់ផ្គង់ទិន្នន័យ គឺជាបុរេលក្ខខណ្ឌចាំបាច់ដែលធានាបាននូវស្ថិរភាពក្នុងការផលិតនិងផ្សព្វផ្សាយស្ថិតិនេះ។
បើតាមការគូសបញ្ជាក់របស់ធនាគារជាតិការប្រាស្រ័យទាក់ទងគ្នា និងការយល់ពីគ្នាទៅវិញទៅមក រវាងប្រភពផ្គត់ផ្គង់ទិន្នន័យ អ្នកចងក្រងទិន្នន័យ និងអ្នកប្រើប្រាស់ទិន្នន័យ គឺជាគន្លឹះជោគជ័យនៃការអភិវឌ្ឍសន្ទស្សន៍ថ្លៃលំនៅដ្ឋាន ប្រកបដោយចីរភាព៕