ចិនក្តោបចំណែកទីផ្សារអង្ករកម្ពុជាធំជាងគេ

ការនាំចេញអង្ករកម្ពុជាទៅអឺរ៉ុបស្ទុះកើន៤៨% នៅ៥ខែឆ្នាំនេះ ខណៈចិននៅតែបន្ដក្តោបក្ដាប់ចំណែកទីផ្សារអង្ករធំជាងគេ


ក្រោយទទួលបានការអនុគ្រោះពន្ធពីសភាពាណិជ្ជកម្មសហភាពអឺរ៉ុបលើការនាំចេញអង្ករគ្រប់ប្រភេទឡើងវិញ ការនាំចេញអង្កររបស់កម្ពុជាទៅកាន់ទីផ្សារអឺរ៉ុបមានការកើនឡើងគួរឲ្យកត់សម្គាល់នៅប៉ុន្មានខែមកនេះ។ ជាក់ស្តែង នៅ៥ខែឆ្នាំ២០២២ កម្ពុជាសម្រេចបានការនាំចេញអង្ករទៅកាន់ទីផ្សារអឺរ៉ុបជាង៨ម៉ឺនតោន កើនឡើង៤៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមការអះអាងរបស់មន្ត្រីជាន់ខ្ពស់សហព័ន្ធស្រូវអង្ករកម្ពុជា។
ការនាំចេញអង្ករ

កំណើននេះ សបញ្ជាក់ឲ្យឃើញថា ទីផ្សារអង្ករ​កម្ពុជានៅ​អឺរ៉ុបបានវិលមករកប្រក្រតីភាព​ដូចពេល​មិនទាន់​មានទណ្ឌកម្មពីសហភាពអឺរ៉ុបវិញហើយ។ ទោះយ៉ាងណា ប្រទេស​ចិននៅតែក្ដោបក្ដាប់ចំណែក​ទីផ្សារនាំចេញអង្ករធំជាងគេរបស់កម្ពុជាដដែល។ ជាក់ស្តែងនៅ៥ខែឆ្នាំនេះចិនបានក្តោបចំណែកទីផ្សារអង្ករកម្ពុជាជាង៥០% ខណៈអឺរ៉ុបមានតែជាង៣០% ប៉ុណ្ណោះ។

លោក លន់ យ៉េង អគ្គលេខាធិការនៃសហព័ន្ធស្រូវអង្ករកម្ពុជាបានគូសបញ្ជាក់ថា កម្ពុជាសម្រេចបានការនាំ​ចេញអង្ករទៅកាន់ទីផ្សារអឺរ៉ុប​ចំនួនជាង៨ម៉ឺនតោននៅ៥ខែឆ្នាំ២០២២ មានការកើនឡើង៤៨%​ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ កំណើននាំចេញទៅកាន់ទីផ្សារអឺរ៉ុបនេះ ​គឺបន្ទាប់ពីកម្ពុជាទទួលបានការលើកលែងពន្ធលើការនាំចេញអង្ករ​ទៅកាន់ទីផ្សារអឺរ៉ុប​ពីសភាពាណិជ្ជកម្មសហភាពអឺរ៉ុបឡើងវិញ កាលពីថ្ងៃទី២០ មករា ឆ្នាំ២០២២។ សម្រាប់លោក លន់ យ៉េង កំណើននេះ​បានបង្ហាញពីការវិលមកភាពល្អប្រសើរឡើងវិញ នៃទីផ្សារអង្ករកម្ពុជានៅអឺរ៉ុប ដូចមុនពេលមិនទាន់​មានទណ្ឌកម្ម​ពីសហភាពអឺរ៉ុបកាលពីអំឡុងឆ្នាំ២០១៩ដែរ។

អគ្គលេខាធិការរូបនេះបានគូសបញ្ជាក់ថា ក្រោយរុស្ស៊ីវាយចូលឈ្លាន​ពានអ៊ុយក្រែន ការបញ្ជាទិញអង្ករកម្ពុជាពីប្រទេសបញ្ជាទិញ​ជាពិសេសសហភាពអឺរ៉ុបមានល្បឿនលឿនជាងមុន។ ប៉ុន្តែ លោកកត់សម្គាល់ឃើញ​ថា នៅមួយរយៈចុងក្រោយនេះមានការបញ្ជាទិញ​អង្ករ​សច្រើនជាងអង្ករក្រអូប ព្រោះអង្ករស​មានតម្លៃថោកជាងអង្ករក្រអូប។

បើក្រឡេកទៅមើលទីផ្សារចិនវិញ ទោះបីប្រទេសនេះ មានការរឹតបន្តឹងខ្លាំងលើវិធានការកូវីដ-១៩ ក្រោមវិធានការគ្មានកូវីដក៏ដោយ តែការនាំចេញអង្ករកម្ពុជាទៅចិននៅតែអាចរក្សាបាននូវកំណើនគួរឲ្យកត់សម្គាល់។ បើតាមការគូសបញ្ជាក់របស់លោក លន់ យ៉េង នៅ៥ខែឆ្នាំនេះ កម្ពុជាបាននាំចេញអង្ករទៅកាន់ទីផ្សារចិនសម្រេចបានជិត១៥ម៉ឺនតោន កើនឡើងជិត២៤% បើធៀបនឹង៥ខែកាលពីឆ្នាំមុន។ ចំនួននេះបានជួយឲ្យចិនក្លាយជាទីផ្សារនាំចេញអង្ករធំជាងគេរបស់កម្ពុជា​ ដោយបានក្តោបបានចំណែកទីផ្សារជិត៥៣% នៃការនាំចេញអង្ករសរុប ខណៈទីផ្សារអឺរ៉ុបឈរលំដាប់ទីពីរ​មានចំណែកទីផ្សារ​៣១%។

បើតាមការអះអាងរបស់លោក លន់ យ៉េង ប្រទេសចិនបានក្តោបក្តាប់តំណែងក្នុងនាមប្រទេសបញ្ជាទិញអង្ករច្រើនជាងពីកម្ពុជាអស់រយៈពេលឆ្នាំមកហើយ ពោលគឺតាំងពីសភាពាណិជ្ជកម្មសហភាពអឺរ៉ុប បានដាក់ទណ្ឌកម្មដោយយកពន្ធមកអង្ករកម្ពុជាពេលនាំចេញទៅកាន់ទីផ្សារអឺរ៉ុប កាលពីអំឡុងខែមករាឆ្នាំ២០១៩។ មុនរងទណ្ឌកម្មនេះ ទីផ្សារអឺរ៉ុបឈរលំដាប់ទី១ក្នុងនាមទីផ្សារ​នាំចូលអង្ករពីកម្ពុជាច្រើនជាងគេបំផុត។

គួរបញ្ជាក់ថា​ បើតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជានៅ៥ខែឆ្នាំ២០២២ កម្ពុជាសម្រេចបានការនាំ​ចេ​ញអង្ករទៅកាន់ទីផ្សារអន្តរជាតិសរុបជាង ២៨ម៉ឺន៣ពាន់តោន កើនឡើងជិត២២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ដោយឡែកនៅពេញមួយខែឧសភា កម្ពុជានាំចេញអង្ករសម្រេចបានជិត ៦ម៉ឺន៣ពាន់តោនកើនឡើងជាង៥៤% បើធៀបនឹងខែឧសភា កាលពីឆ្នាំ២០២១។ ជាមួយគ្នានេះ សហព័ន្ធស្រូវអង្ករកម្ពុជារំពឹងថា នៅឆ្នាំ២០២២ នេះ កម្ពុជានឹងអាចនាំចេញអង្ករសម្រេចបានចន្លោះពី៧៥ម៉ឺនទៅ៨០ម៉ឺនតោន៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អាមេរិកកំពុងស៊ើបអង្កេតដាក់បន្ថែមក្រុមហ៊ុនចិនក្នុងបញ្ចីខ្មៅ ក្រោយមានក្រុមហ៊ុនមួយចំនួនចង់គេចវេះពីទណ្ឌកម្ម

ព័ត៌មាន
នៅថ្ងៃទី១ ដើមខែមិថុនានេះ ក្រសួងពាណិជ្ជកម្មអាមេរិកបានប្រកាសថា រដ្ឋបាលរបស់លោកចូ បៃឌិន កំពុងពិចារណាយ៉ាងហ្មត់ចត់ក្នុងការបន្ថែមក្រុមហ៊ុនចិន…

Vietnam Airline លក់ភាគហ៊ុន៣៥%នៅ Cambodia Angkor Airទៅឲ្យក្រុមហ៊ុនចិនមួយក្នុងតម្លៃ៣៥លានដុល្លារ

ព័ត៌មាន
ថ្នាក់ដឹកនាំក្រុមហ៊ុនអាកាសខេមបូឌាអង្គរអ៊ែរ បានអះអាងប្រាប់ខេមបូណូមីសថា ក្រុមហ៊ុនអាកាសចរណ៍ Vietnam Airline បានសម្រេចចិត្តលក់ភាគហ៊ុនទា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ