រដ្ឋមន្ត្រីសុខាភិបាលអាល្លឺម៉ង់ លោក ជេនស៍ ស្ប៉ាន (Jens Spahn) បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ នៅថ្ងៃសុក្រនេះ ថា «ពលរដ្ឋជាច្រើនទទួលស្គាល់ពីភាពចាំបាច់ដើម្បីបញ្ចប់រលកឆ្លងថ្មីនេះ ដោយអនុវត្តវិធានការបន្ថែម ហើយប្រជាជនភាគច្រើនចង់ឃើញវិធានការតឹងរ៉ឹងជាងនេះបន្ថែមទៀត ។»
លោករដ្ឋមន្ត្រីសុខាភិបាល បន្តថា «គេត្រូវការចាំបាច់នូវការបិទប្រទេសទាំងមូល ដើម្បីកាត់ផ្ដាច់រលកឆ្លងថ្មីនាពេលបច្ចុប្បន្ននេះ ។»
ចាប់តាំងពីខែតុលាឆ្នាំ២០២០មក ករណីឆ្លងកូវីដ-១៩ នៅអាល្លឺម៉ង់បានហក់ឡើងខ្លាំងវិញ ហើយបើទោះបីជាមានភាពប្រសើរឡើងបន្តិចក្ដីកាលពីខែកុម្ភៈ ចំនួនឆ្លងថ្មីបានកើនឡើងយ៉ាងគំហុកវិញ ចាប់តាំងពីចុងខែមីនា មក ។ នាសប្ដាហ៍នេះ ថ្ងៃខ្លះ ចំនួនឆ្លងថ្មីបានកើនឡើងដល់ទៅ ជាង ២ម៉ឺន ឬដល់ ៣ម៉ឺនករណី ។
ស្របពេលនឹងការព្រួយបារម្ភនេះ អាល្លឺម៉ង់ក៏បានជំរុញពន្លឿនការចាក់វ៉ាក់សាំងឲ្យប្រជាជនផងដែរ ដោយអត្រាចំនួនអ្នកចាក់វ៉ាក់សាំងបានកើនពីជាង ៣សែននាក់ក្នុងមួយថ្ងៃ កាលពីសប្ដាហ៍មុន មកដល់ជាង ៧សែននាក់ក្នុងមួយថ្ងៃ ។ ហើយទៅដល់ចុងខែមេសានេះ គេរំពឹងថា អាល្លឺម៉ង់អាចនឹងចាក់វ៉ាក់សាំងឲ្យប្រជាជន ក្នុងល្បឿន ៤ ទៅ ៥លានដូសក្នុងមួយសប្ដាហ៍ ។
ទន្ទឹមនឹងនេះដែរ រដ្ឋមន្ត្រីសុខាភិបាលអាល្លឺម៉ង់បានបញ្ជាក់ថា ការចរចាកិច្ចសន្យាទិញវ៉ាក់សាំងដែលផលិតដោយរុស្ស៊ី Sputnik V ឥឡូវនេះ កំពុងប្រព្រឹត្តទៅហើយ ។ កាលពីដើមខែមីនា ទីភ្នាក់ងារឱសថអឺរ៉ុបបានចាប់ផ្ដើមវាយតម្លៃវ៉ាក់សាំងរុស្ស៊ី ហើយទីភ្នាក់ងារនេះនឹងសម្រេចថា តើនឹងអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំង Sputnik V នៅក្នុងរដ្ឋសមាជិកសហភាពអឺរ៉ុបទាំង ២៧ ឬយ៉ាងណានោះ នៅពេលខាងមុខ ។
កន្លងមក អាជ្ញាធរអាល្លឺម៉ង់បាននិយាយថា គេនឹងពិចារណាប្រើប្រាស់វ៉ាក់សាំងរុស្ស៊ី ប្រសិនបើទីភ្នាក់ងារឱសថអឺរ៉ុបសម្រេចថា វ៉ាក់សាំងនេះមានប្រសិទ្ធភាពក្នុងការទប់ស្កាត់ការឆ្លងកូវីដ-១៩ ៕