ជាមួយគ្នានេះក្រុមអ្នកជំនាញសេដ្ឋកិច្ចបានអះអាងថា មានតែការដើរឱ្យទាន់ការរីកចម្រើនរបស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ប៉ុណ្ណោះ ទើបកម្ពុជា អាចចាប់យកកាលានុវត្តភាពថ្មីៗ ដើម្បីប្រែក្លាយឱ្យទៅជាគោលដៅវិនិយោគដ៏មានភាពប្រកួតប្រជែងនៅក្នុងតំបន់បាន ពិសេសតាមរយៈការកសាងនូវហេដ្ឋារចនាសម្ព័ន្ធគាំទ្រយុទ្ធសាស្រ្តសំខាន់ៗ ដូចជា មជ្ឈមណ្ឌលទិន្នន័យ និងក្របខ័ណ្ឌច្បាប់សំខាន់ៗជាដើម។ តើកម្ពុជា គួរពង្រឹងខ្លួនបែបណាខ្លះ ដើម្បីទាក់ទាញការវិនិយោគក្នុងវិស័យបច្ចេកវិទ្យាឱ្យកាន់តែមានភាពប្រកួតប្រជែង និងដើរទាន់ការរីកចម្រើនរបស់បច្ចេកវិទ្យា AI ?
អ្នកឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន វើលដ៏ប្រ៊ីដ គ្រុប បានគូសបញ្ជាក់ថា នៅក្នុងបរិបទសេដ្ឋកិច្ចសកលបច្ចុប្បន្ន តំបន់អាស៊ាន កំពុងក្លាយជាទីតាំងយុទ្ធសាស្ត្រដ៏ទាក់ទាញ ប្រៀបដូចជាកូនក្រមុំ ដែលបណ្តាប្រទេស និងក្រុមហ៊ុនវិនិយោគធំៗលើពិភពលោកកំពុងសម្លឹងមើល និងចាប់អារម្មណ៍ក្នុងការធ្វើពិពិធកម្មទុនវិនិយោគ និងខ្សែច្រវាក់ផលិតកម្មរបស់ពួកគេ។
តែយ៉ាងណា ដើម្បីអាចចាប់យកកាលានុវត្តភាពទាំងនោះបាន កម្ពុជាចាំបាច់ត្រូវរៀបចំដាក់ចេញនូវគោលនយោបាយជាក់លាក់ និងមានទិសដៅច្បាស់លាស់ ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ពិសេសទៅលើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដែលជាវិស័យគន្លឹះដែលបណ្តាប្រទេសជុំវិញពិភពលោកកំពុងយកចិត្តទុកដាក់ខ្ពស់។ អ្នកជំនួញដ៏ល្បីល្បាញរូបនេះបានសង្កត់ធ្ងន់ថា កម្ពុជាត្រូវតែគិតគូរជាបន្ទាន់លើបញ្ហានេះ ដើម្បីប្រែក្លាយទៅជាគោលដៅវិនិយោគដ៏មានភាពប្រកួតប្រជែងនៅក្នុងតំបន់ បើពុំនោះទេនឹងដើរមិនទាន់គេឡើយ ដ្បិតប្រទេសនីមួយៗក្នុងតំបន់កំពុងប្រញាប់ប្រញាល់រៀបចំគោលនយោបាយ ព្រមទាំងអភិវឌ្ឍន៍ប្រព័ន្ធថាមពល ដើម្បីកសាងមជ្ឈមណ្ឌលទិន្នន័យ ដែលជាបេះដូងសំខាន់នៃប្រព័ន្ធអេកូឡូស៊ី AI។
ជាមួយគ្នានេះ លោកបណ្ឌិត ឌុច ដារិន្ទ អ្នកជំនាញសេដ្ឋកិច្ចយល់ឃើញថា ការកសាងមជ្ឈមណ្ឌលទិន្នន័យ គឺជាភាពចាំបាច់ និងមានសារសំខាន់បំផុត ដ្បិតវាជាហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានក្នុងការទ្រទ្រង់ដំណើរការសេដ្ឋកិច្ចឌីជីថលទាំងមូល ដើម្បីទាក់ទាញក្រុមហ៊ុនបច្ចេកវិទ្យាធំៗមកបោះទុនវិនិយោគនៅកម្ពុជា។ សម្រាប់អ្នកជំនាញរូបនេះ ភាគីពាក់ព័ន្ធគួរចាប់យកឱកាសដែលកម្ពុជា មានសក្តានុពល ដើម្បីពង្រឹងជំនាញឌីជីថល និងអភិវឌ្ឍកម្លាំងពលកម្មឱ្យមានផលិតភាពខ្ពស់ សំដៅឆ្លើយតបទៅនឹងការរីកចម្រើននៃសេដ្ឋកិច្ចឌីជីថល និងការប្រកួតប្រជែងក្នុងតំបន់។ បន្ថែមលើនេះភាគីពាក់ព័ន្ធក៏ត្រូវបន្តពង្រឹងហេដ្ឋារចនាសម្ព័ន្ធគាំទ្រសំខាន់ៗ ដូចជាប្រព័ន្ធអគ្គិសនី និងថាមពលស្អាត បណ្តាញអ៊ីនធឺណិតល្បឿនលឿន និងពង្រឹងសន្តិសុខសាយប័រ ព្រមទាំងរៀបចំក្របខ័ណ្ឌច្បាប់សម្រាប់ការការពារទិន្នន័យឱ្យបានរឹងមាំ។
ឆ្លើយតបនឹងបញ្ហានេះ ឯកឧត្តម គង់ ផល្លៈ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគម បានគូសបញ្ជាក់ថា ដើម្បីពង្រឹងទំនុកចិត្តលើប្រព័ន្ធឌីជីថលជាតិ រាជរដ្ឋាភិបាលកំពុងសិក្សាគម្រោងសាងសង់មជ្ឈមណ្ឌលទិន្នន័យជាតិដ៏ធំមួយ ដើម្បីប្រមូលផ្ដុំ រក្សាទុក និងគ្រប់គ្រងទិន្នន័យក្នុងស្រុកឱ្យមានសុវត្ថិភាពខ្ពស់ សំដៅឆ្លើយតបទៅនឹងការកើនឡើងនៃតម្រូវការទិន្នន័យឌីជីថល។ បន្ថែមលើនេះ ក្រសួងប្រៃសណីយ៍ ក៏កំពុងសិក្សារៀបចំគោលនយោបាយអភិបាលកិច្ចទិន្នន័យ និងរៀបចំឱ្យមានប្រព័ន្ធអន្តរប្រតិបត្តិការ ដើម្បីធានាថា ប្រព័ន្ធឌីជីថលរបស់ស្ថាប័នរដ្ឋ និងវិស័យឯកជនអាចតភ្ជាប់ ផ្លាស់ប្តូរទិន្នន័យ និងធ្វើការជាមួយគ្នាបានយ៉ាងរលូន និងមានសុវត្ថិភាព។
គួរជម្រាបថា បើតាមការអះអាងរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) កែវភ្នែករបស់អ្នកវិនិយោគសកលបច្ចុប្បន្នកំពុងសម្លឹងមើលមកតំបន់អាស៊ីអាគ្នេយ៍ក្នុងរូបភាពថ្មី ដោយសារតម្រូវការដ៏ច្រើនសន្ធឹកសន្ធាប់លើផ្នែករឹងដូចជាបន្ទះឈីប និងសម្ភារៈសម្រាប់កសាងមជ្ឈមណ្ឌលទិន្នន័យ ដែលបម្រើឱ្យ AI បានស្ទុះឡើងយ៉ាងគំហុក។ ADB បានសង្កត់ធ្ងន់ថា គ្រប់ប្រទេសទាំងអស់ ជាពិសេសប្រទេសកំពុងអភិវឌ្ឈន៍មិនមែនសុទ្ធតែអាចបង្កើតមជ្ឈមណ្ឌលទិន្នន័យនោះទេ ព្រោះប្រទេសខ្លះមិនទាន់អាចធានាការផ្គត់ផ្គង់ថាមពលឱ្យពលរដ្ឋបានគ្រប់គ្រាន់ផងនោះ។ ទិន្នន័យពាណិជ្ជកម្មចុងក្រោយបានបង្ហាញថា ការនាំចេញផលិតផលអេឡិចត្រូនិក និងបច្ចេកវិទ្យា AI បានក្លាយជាខែលការពារ និងជាកម្លាំងចលករដ៏សំខាន់ក្នុងការទូទាត់សងការខាតបង់ ដែលបង្កឡើងដោយវិបត្តិថាមពល និងគ្រោះធម្មជាតិ ហើយវានឹងជួយរក្សាជញ្ជីងពាណិជ្ជកម្មរបស់អាស៊ីអាគ្នេយ៍នៅតែមានភាពរឹងមាំ និងមានសក្តានុពលខ្ពស់៕