លោកជំទាវ ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជាបានគូសបញ្ជាក់ថា ការដាក់ឱ្យដំណើរការកម្មវិធីទូទាត់បាគងទេសចរជាមួយក្រុមហ៊ុន Mastercard នេះ មានគោលបំណងពង្រីកវិសាលភាព និងជំរុញការប្រើប្រាស់កម្មវិធីទូទាត់បាគងទេសចរ ដើម្បីសម្រួលប្រតិបត្តិការទូទាត់របស់ភ្ញៀវទេសចរអន្តរជាតិដែលធ្វើដំណើរមកប្រទេសកម្ពុជា។ ថ្នាក់ដឹកនាំរូបនេះយល់ឃើញថា កិច្ចសហប្រតិបត្តិការនេះ មិនត្រឹមតែជួយពង្រីកមុខងាររបស់កម្មវិធីទូទាត់បាគងសម្រាប់ទេសចរប៉ុណ្ណោះទេ ថែមទាំងសបញ្ជាក់ពីចក្ខុវិស័យរួមរបស់ធនាគារជាតិនៃកម្ពុជាក្នុងការរួមចំណែកជួយជំរុញកំណើនសេដ្ឋកិច្ចតាមរយៈវិស័យទេសចរណ៍ផងដែរ ដោយភ្ញៀវទេសចរអន្តរជាតិនឹងទទួលបានបទពិសោធន៍ក្នុងការទូទាត់យ៉ាងរលូន និងឆាប់រហ័ស ដែលបានរួមចំណែកដល់ការជួយរក្សានិរន្តរភាព និងភាពធននៃវិស័យទេសចរណ៍កម្ពុជា។ ម្យ៉ាងទៀត គំនិតផ្តួចផ្តើមនេះក៏ស្របតាមគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថលរបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។
ជាមួយគ្នានេះ លោក Sapan Shah អនុប្រធានជាន់ខ្ពស់ទទួលបន្ទុកផ្នែកដំណោះស្រាយសម្រាប់ការទទួលយកប័ណ្ណរបស់ក្រុមហ៊ុន Mastercard បានបង្ហាញអារម្មណ៍រំភើប ដែលបានសហការជាមួយធនាគារជាតិនៃកម្ពុជា តាមរយៈការតភ្ជាប់ជាមួយប្រព័ន្ធបាគង ដើម្បីធ្វើឱ្យប្រតិបត្តិការទូទាត់តាមឌីជីថលកាន់តែងាយស្រួលសម្រាប់ទាំងភ្ញៀវទេសចរ និងអាជីវករក្នុងស្រុកនៅកម្ពុជា។ លោក បានបន្ថែមទៀតថា ក្រុមហ៊ុន Mastercard ក៏កំពុងជួយជំរុញអាជីវករក្នុងស្រុកឱ្យទទួលយកការទូទាត់ដោយគ្មានសាច់ប្រាក់ដោយបង្កើនប្រសិទ្ធភាព និងកាត់បន្ថយបញ្ហាប្រឈមនានាទាក់ទងនឹងការគ្រប់គ្រងសាច់ប្រាក់ផងដែរ។
បើតាម លោក Sapan Shah ក្រោមកិច្ចសហប្រតិបត្តិការនេះ អតិថិជនរបស់ Mastercard ទាំងអស់ អាចបញ្ចូលទឹកប្រាក់ទៅក្នុងគណនីបាគងដោយផ្ទាល់ តាមរយៈកម្មវិធីទូទាត់បាគងសម្រាប់ទេសចរដែលទើបតែត្រូវបានដាក់ឱ្យដំណើរការនេះ ហើយភ្ញៀវទេសចរ នឹងរីករាយជាមួយបទពិសោធថ្មីនេះក្នុងអំឡុងពេលធ្វើដំណើរកម្សាន្តនៅក្នុងប្រទេសកម្ពុជា៕
អត្ថបទ សោម ស្រីពេជ្រ និងរូបភាពឯកសារ