អាកាសយាន្តដ្ឋានអន្តរជាតិសៀមរាបអង្គរ

នៅសប្តាហ៍នេះ អាកាសយាន្តដ្ឋានអន្តរជាតិសៀមរាបអង្គរ នឹងធ្វើតេស្តបច្ចេកទេសហោះហើរលើកចុងក្រោយ


មន្រ្តីជាន់ខ្ពស់អាកាសចរស៊ីវិលបាននអះអាងថា បើទោះបីស្ថានភាពវិស័យទេសចរណ៍កម្ពុជាបច្ចុប្បន្នហាក់មិនទាន់មានភាពល្អប្រសើរ ហើយចំនួនជើងហោះហើរនៅមានតិចតួចក្តី ក៏មិនបានរារាំងដល់ការបើកដំណើរការអាកាសយាន្តដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មីដែរ ខណៈការធ្វើតេស្តហោះហើរលើកចុងក្រោយត្រៀមធ្វើនៅក្នុងសប្ដាហ៍នេះ។
អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ត្រៀមសម្ពោធនៅថ្ងៃទី១ ខែធ្នូ
ដោយ

ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលបានបញ្ជាក់ថា នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ខាងមុខនេះ អាកាសយាន្តដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី នឹងធ្វើតេស្តការហោះហើរលើកចុងក្រោយ ដោយក្រុមហ៊ុន អង្គរ អ៊ិនធើណេសិនណល អ៊ែរផត អិនវេសម៉ិន ខេមបូឌា (AIAI) ដោយនេះគឺជាការធ្វើតេស្តហោះហើរលើកចុងក្រោយបំផុត ដើម្បីបញ្ជាក់ពីដំណើររលូននៃប្រតិបត្តិការ និងការគ្រប់គ្រងទាំងមូលនៅក្នុងអាកាសយាន្តដ្ឋានសៀមរាបអង្គរ។

បើតាមមន្ត្រីជាន់ខ្ពស់រូបនេះ ការធ្វើតេស្តបច្ចេកទេស គឺដូចនឹងការហោះហើរជាក់ស្តែង ព្រោះមានអ្នកដំណើរមក Check in ដើម្បីឡើងយន្តហោះ និងធ្វើដំណើរត្រឡប់មកវិញ ដោយឆ្លងកាត់នីតិវិធីផ្សេងៗ ព្រមទាំងតេស្តឧបករណ៍ ដើម្បីបង្ហាញថា មានដំណើរការល្អដូចការរំពឹងទុកដែរឬយ៉ាងណា។

បើតាមមន្រ្តីជាន់ខ្ពស់នៃអាកាសចរស៊ីវិលរូបនេះ ដ្បិតបច្ចុប្បន្នស្ថានភាពភ្ញៀវទេសចរដែលចូលមកកម្ពុជា នៅមានកម្រិតតិចតួចនៅឡើយក្តី ប៉ុន្តែវាមិនបានរាំងស្ទះដល់គម្រោងបើកឱ្យដំណើរអាកាសយាន្តដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី នាពាក់កណ្តាលខែតុលា ខាងមុខ​នោះទេ ដោយការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា ដូចជាអាកាសយាន្តដ្ឋានអន្តរជាតិថ្មីនេះជាដើម​ គឺជាការសាងសង់សម្រាប់រយៈពេលវែង ដូច្នេះការបើកនៅពេលនេះមិនមែនអាស្រ័យលើកំណើនភ្ញៀវទេសចរនាពេលបច្ចុប្បន្ន ឬរយៈពេលខ្លីនោះដែរ ដ្បិតដោយសារតែបញ្ហាវិបត្តិនានានៅលើសកលលោក ដូចជាវិបត្តិកូវីដ-១៩ជាដើម បានធ្វើឱ្យកំណើរភ្ញៀវទេសចរធ្លាក់ចុះមិនដូចធ្វីដែលបានរំពឹងទុក។

​ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា បានបញ្ជាក់ដែរថា អាកាសយាន្តដ្ឋានអន្តរជាតិសៀមរាបអង្គរ នឹងដាក់ឱ្យដំណើរការទទួលជើងហោះហើរលើកដំបូងនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ជាមួយតំណាងក្រុមហ៊ុន AIAI និងស្ថាប័នពាក់ព័ន្ធ ក្នុងដំណើរការទទួលជើងហោះហើរលើកទី១ជាផ្លូវការ នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ហើយនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ ​​នឹងដាក់សម្ពោធជាផ្លូវការ ក្រោមអធិបតីភាពសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ជាមួយថ្នាក់ដឹកនាំនៃភាគីចិន ផងដែរ​។

បើតាមការបញ្ជាក់របស់ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អាកាសយាន្តដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មីនេះ មានចំណតសម្រាប់ចតអាកាសយានចំនួន៣៨ចំណត និងមានសម្ថតភាពអាចទទួលអ្នកដំណើរតាមផ្លូវអាកាសបានប្រមាណ៧លាននាក់ ក្នុងមួយឆ្នាំសម្រាប់ឆ្នាំ២០២៣ និងឈានដល់អាចទទួលអ្នកដំណើរបានចំនួន១២លាននាក់ ក្នុងមួយឆ្នាំចាប់ពីឆ្នាំ២០៤០។ មិនតែប៉ុណ្ណោះអាកាសយាន្តដ្ឋាននេះ អាចផ្ទុកទំនិញតាមផ្លូវអាកាសបានចំនួន១ម៉ឺនតោន ក្នុងមួយឆ្នាំចាប់ពីឆ្នាំ២០២៣ និងចំនួន២ម៉ឺន៦ពាន់តោនក្នុងមួយឆ្នាំចាប់ពីឆ្នាំ២០៤០ និងអាចទទួលជើងហោះហើរបានពីចំនួន៦ម៉ឺន៥ពាន់៨រយជើងក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ២០២៣ ទៅចំនួនជាង១១ម៉ឺនជើងក្នុងមួយឆ្នាំចាប់ពីឆ្នាំ២០៤០។

គួរបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ត្រូវបានអភិវឌ្ឍន៍ដោយក្រុមហ៊ុន AIAI លើផ្ទៃដីប្រមាណ៧០០ហិកតា ក្រោមទុនវិនិយោគប្រមាណ១ពាន់១រយលានដុល្លារ ជាមួយរយៈពេលសាងសង់៣ឆ្នាំក្រោមលក្ខខណ្ឌវិនិយោគ BOT រយៈពេល៥៥ឆ្នាំ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ធនាគារជាតិ ត្រៀមបញ្ចេញ៤០លានដុល្លារទៀត ដើម្បីរក្សាស្ថិរភាពតម្លៃប្រាក់រៀល

ព័ត៌មាន
ធនាគារជាតិនៃកម្ពុជា គ្រោងនឹងបញ្ចេញទឹកប្រាក់ចំនួន៤០លានដុល្លារបន្ថែមទៀតចូលទៅក្នុងទីផ្សារ ខណៈថ្មីៗនេះកន្លងមកនេះ ធនាគារជាតិ ទើបបញ្ចេញទឹកប្រា…

ប្រទេសដែលមានសេដ្ឋកិច្ចធំៗនៅអាស៊ាន រងឥទ្ធិពលពីការធ្លាក់ចុះសេដ្ឋកិច្ចរបស់ចិន

ព័ត៌មាន
ស្ថានភាពសេដ្ឋកិច្ចនៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចធំៗនៅអាស៊ាន ដូចជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពិន សិង្ហបុរី និងថៃ សុទ្ធតែទទួលរងឥទ្ធិពលអវិជ្ជ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ