ធនាគារជាតិនៃកម្ពុជា បានអះអាងថា នៅប៉ុន្មានឆ្នាំចុងក្រោយនេះប្រតិបត្តិការទូទាត់ឌីជីថលនៅកម្ពុជា បានកើនឡើងយ៉ាងឆាប់រហ័ស តាមរយៈការប្រើប្រាស់ប័ណ្ណឥណទាន ប័ណ្ណឥណពន្ធ ការផ្ទេរប្រាក់ និងជាពិសេសការស្កេនឃ្យូអរកូតសម្រាប់ទូទាត់ ដែលមានចាប់ពីហាងលក់ទំនិញតូចៗរហូតដល់ធំ ដោយគ្របដណ្តប់ស្ទើរគ្រប់ទីកន្លែងនៅទូទាំងប្រទេស។ ការអះអាងបែបនេះ ធ្វើឡើងក្រោយមានការចុះផ្សាយថា ការប្រើប្រាស់មធ្យោបាយទូទាត់ឌីជីថលនៅកម្ពុជា មាននិន្នាការថយចុះ និងនៅមានកម្រិតទាប ហើយការប្រើប្រាស់សាច់ប្រាក់សុទ្ធនៅតែបន្តកើនឡើង ដែលផ្ទុយពីនិន្នាការតំបន់។
បើតាមការលើកឡើងរបស់ធនាគារជាតិ កំណើនទូទាត់ប្រាក់តាមប្រព័ន្ធឌីជីថលនេះ គឺកើតឡើងក្រោយមានការដាក់ឱ្យប្រើប្រាស់នូវប្រព័ន្ធទូទាត់ទំនើបៗជាបន្តបន្ទាប់ ដែលអនុញ្ញាតឱ្យការទូទាត់ឆ្លងគ្រឹះស្ថាន ការបង្កើត App សម្រាប់ការទូទាត់តាមឃ្យូអរកូត ការបង្កើតស្តង់ដារឃ្យូអរកូតជាដើម ដែលផ្ដល់ភាពងាយស្រួលដល់ការទូទាត់ឌីជីថលប្រកបដោយសុវត្ថិភាព និងឆាប់រហ័ស ជាពិសេសក្នុងពេលដែលការប្រើប្រាស់ទូរស័ព្ទទំនើបបានកើនឡើងដល់ជាង១៩លានគ្រឿង ច្រើនជាងចំនួនប្រជាជនកម្ពុជាសរុប ដែលមានជាង១៦លាននាក់។
ជាក់ស្តែងចំនួនប្រតិបត្តិការទូទាត់ឌីជីថលទាំងប្រាក់រៀល និងដុល្លារបានកើនឡើងពី១ពាន់១រយលានប្រតិបត្តិការក្នុងឆ្នាំ២០២២ មកដល់ជាង១ពាន់៧រយលានប្រតិបត្តិការក្នុងឆ្នាំ២០២៣ ហើយចំនួនទឹកប្រាក់សរុបនៃប្រតិបត្តិការទូទាត់ឌីជីថលទាំងប្រាក់រៀល និងដុល្លារ បានកើនឡើងពី៤០០ពាន់លានដុល្លារក្នុងឆ្នាំ២០២២ ដល់ជិត៥០០ពាន់លានដុល្លារក្នុងឆ្នាំ២០២៣ ដែលស្មើនឹងប្រមាណ១៦ដង នៃផលិតផលក្នុងស្រុកសរុប។ ក្នុងចំណោមប្រព័ន្ធទូទាត់ ការប្រើប្រាស់ប្រព័ន្ធបាគង បានកើនឡើងគួរឱ្យកត់សម្គាល់ ដោយមានអតិថិជនបើកគណនីសរុបជាង២៧លានគណនី ហើយអាចទូទាត់បានជាមួយហាងទំនិញ-សេវាកម្មជាង២,៥លានទីតាំង គិតត្រឹមចុងឆ្នាំ២០២៣។
ទន្ទឹមនឹងនេះធនាគារជាតិ អះអាងថា ធនាគារជាតិនៃកម្ពុជាបាននិងកំពុងលើកកម្ពស់ការទូទាត់តាមឌីជីថលយ៉ាងសកម្មតាមរយៈគំនិតផ្តួចផ្តើម និងការសហការផ្សេងៗជាមួយស្ថាប័នហិរញ្ញវត្ថុ ភាគីពាក់ព័ន្ធ និងបណ្តាប្រទេសក្នុងតំបន់និងពិភពលោក។ ជាមួយនឹងការអនុវត្តគោលនយោបាយទាំងនេះ ការទូទាត់ឌីជីថលនៅក្រៅប្រទេស ក៏បានកើនឡើងផងដែរ ដូចជាថៃ វៀតណាម និងឡាវជាដើម ដែលប្រជាជនកម្ពុជាអាចទូទាត់នៅហាងទំនិញនៅប្រទេសទាំងនេះចេញពីគណនីជាប្រាក់រៀលរបស់ខ្លួន។ លើសពីនេះ ភ្ញៀវទេសចរ និងវិនិយោគិនអន្តរជាតិ ក៏បាននិងកំពុងប្រើប្រាស់ការទូទាត់ឌីជីថលច្រើនជាងមុនផងដែរ តាមរយៈឃ្យូអរកូត ដោយសារកិច្ចខិតខំប្រឹងប្រែងក្នុងការតភ្ជាប់ប្រព័ន្ធទូទាត់ជាមួយប្រទេសក្នុងតំបន់កាន់តែច្រើនឡើងជាលំដាប់៕