ការសម្រេចរបស់ធនាគារជាតិនេះ គឺធ្វើឡើងបន្ទាប់ពីមានការកិច្ចប្រជុំពិភាក្សាគ្នាជាមួយនឹង តំណាងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដោយពិនិត្យឃើញថា ទាំងក្នុងឃ្លាំងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងធនាគារជាតិនៃកម្ពុជា មានការគរជន់ក្រដាសប្រាក់ដុល្លារអាមេរិក ប្រភេទ ១ដុល្លារ ២ដុល្លារ និង៥ដុល្លារ ដែលនេះត្រូវបានធនាគារជាតិ បញ្ជាក់ថា តម្រូវការនៃក្រដាសប្រាក់ទាំងនេះ មានកម្រិតទាបក្នុងទីផ្សារ។
បើតាមធនាគារជាតិ ក្នុងរយៈពេល ៦ខែ ចុងក្រោហនេះ ប្រាក់រៀល ក៏ដូចជារូបិយបណ្ណក្នុងតំបន់ បានធ្លាក់ចុះថ្លៃ គួរឲ្យកត់សម្គាល់ ធៀបនឹងប្រាក់ដុល្លារអាមេរិក។ ចំពោះប្រទេសក្នុងតំបន់ តម្លៃ រូបិយបណ្ណរបស់គេធ្លាក់ថ្លៃ គឺជាចម្បងដោយសារតែការធ្លាក់ចុះនៃការនាំចេញ និងលំហូរចេញនៃមូលធន។ ចំណែកឯកម្ពុជាវិញ ការធ្លាក់ចុះថ្លៃប្រាក់រៀល គឺដោយសារតែតម្រូវការ ប្រាក់រៀលធ្លាក់ចុះ ដែលជាកត្តាចម្បងបណ្ដាលមកពី ការថមថយនៃសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក និងការធ្លាក់ចុះតម្រូវការប្រាក់រៀលសម្រាប់បង់ពន្ធ។ល។
បើតាមធនាគារជាតិ ការធ្លាក់ថ្លៃប្រាក់រៀល ធៀបនឹងដុល្លារអាមេរិកនេះ មានឥទ្ធិពលអវិជ្ជមានទៅលើប្រជាកសិករ ដែលមានចំណូលជាប្រាក់រៀល។ ដូច្នេះ ដើម្បីជំរុញតម្រូវការប្រើប្រាស់ប្រាក់រៀលនៅក្នុងចរន្ដសេដ្ឋកិច្ច ជាពិសេសសម្រាប់ប្រតិបត្តិការដែលមានទំហំតូច ការប្រើប្រាស់ក្រដាសប្រាក់ដុល្លារអាមេរិក ប្រភេទតូចៗគួរតែត្រូវជំនួសដោយប្រើប្រាស់ប្រាក់វៀលវិញ។
ចាប់ពីថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០២០ ធនាគារជាតិ នឹងផ្ទេរការចំណាយដឹកជញ្ជូនចេញ ទៅក្រៅប្រទេសលើក្រដាសប្រាក់ដុល្លារអាមេរិក ប្រភេទ ១ដុល្លារ ២ដុល្លារ និង៥ដុល្លារនេះ ឲ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុជាអ្នករ៉ាប់រងវិញ ចំពោះការទទួលក្រដាសប្រាក់ដុល្លារអាមេរិក ១០ ដុល្លារឡើងទៅ គឺមិនមានកម្រៃសេវាទេ។
លើសពីនេះ ធនាគារជាតិ ក៏នឹងបន្ដពិភាក្សាជាមួយនឹងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដើម្បីឈានទៅកំណត់ពេលវេលាណាមួយសមស្រប ដើម្បីផ្អាកការទទួលក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទតូចទាំងស្រុង ពីគ្រឹះស្ថានធនាគារ និងហរិញ្ញវត្ថុផងដែរ។
ទោះយ៉ាងណា ធនាគារជាតិបញ្ជាក់ថា ការអនុវត្តវិធានការខាងលើនេះ មិនមែនមានន័យថា ជាការហាមឃាត់ចរាចរណ៍ក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទតូចៗទាំងនេះ លើទីផ្សារនោះទេ៕