សេដ្ឋកិច្ច​កម្ពុជា​២០១៩

តើកត្តាអ្វីខ្លះ​នៅពីក្រោយ​កំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០១៩នេះ ហើយមានព្យុះភ្លៀង​អ្វីខ្លះដែលត្រូវ​ឆ្លងកាត់?


កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ត្រូវបានគេប៉ាន់ប្រមាណថា មានសន្ទុះកំណើនខ្ពស់ជុំវិញ៧% ជាង២ទសវត្សរ៍មកហើយ។ តើក្នុងឆ្នាំ២០១៩នេះ សេដ្ឋកិច្ចរបស់កម្ពុជា មានការប្រែប្រួលយ៉ាងដូចម្ដេចខ្លះ? តើសេដ្ឋកិច្ចកម្ពុជាអាចរក្សាកំណើនរបស់ខ្លួនខ្ពស់ដូចពីមុនដែរទេ? ហើយអ្វីខ្លះដែលជាកត្តាប្រឈមធំៗក្នុងដំណើរការលូតលាស់សេដ្ឋកិច្ចរបស់កម្ពុជានៅឆ្នាំ២០១៩នេះ?
វិស័យ​កាត់ដេរ​កម្ពុជា ផ្ដល់​ការងារ​ដោយ​ផ្ទាល់​ដល់​ប្រជាជន​ប្រមាណជាង ៦០​ម៉ឺ​ន​នាក់។
ដោយ

បើយើង​ផ្អែក​ទៅលើ​របាយការណ៍​របស់​ស្ថាប័ន​អន្តរជាតិធំៗ ដែលបាន​ព្យាករណ៍ពីកំណើន​សេដ្ឋកិច្ច​កម្ពុជា នៅឆ្នាំ ២០១៩នេះ ឃើញថា នៅតែរក្សាបាន​នូវភាព​រឹងមាំក្នុងកំណើន ៧% ដដែល ដោយក្នុងនោះ វិស័យ​ឧស្សាហកម្មកាត់ដេរ សំណង់ ទេសចរណ៍ និងកសិកម្ម។

ជាក់ស្ដែង របាយការណ៍​ថ្មី​ចុងក្រោយ​របស់ស្ថាប័ន​អន្តរជាតិធំៗចំនួន៣ គឺ ធនាគារ អភិវឌ្ឍន៍អាស៊ី ធនាគារ ពិភពលោក និងស្ថាប័នរូបិយវត្ថុអន្តរជាតិ បានចេញផ្សាយកាលពីចុងឆ្នាំ២០១៩នេះ បាន​ព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា នៅតែរក្សាបានក្នុងកំណើន៧% នៅឆ្នាំ២០១៩នេះ ដែលនេះ វាបានសបញ្ជាក់ឲ្យឃើញកាន់តែច្បាស់ថា សេដ្ឋកិច្ចកម្ពុជា នៅតែខ្លាំង រឹងមាំដដែលទេ បើទោះបីជាកត្តា​ប្រឈមចំពោះហានិភ័យ កំពុងកើតមានកាន់តែខ្ពស់យ៉ាងណាក៏ដោយ។

ការព្យាកររបស់ស្ថាប័នអន្តរជាតិទាំង៣ ខាងលើនេះ គឺធ្វើឡើងដោយផ្អែកទៅ​លើអំនះអំណាង​ផ្សេងៗគ្នា។ ។ ទោះយ៉ាងរបាយការណ៍ របស់ស្ថាប័ននីមួយៗ ក៏បានបង្ហាញថា សម្រាប់​កត្តាប្រឈម ក្នុងការលូតលាស់សេដ្ឋកិច្ចរបស់កម្ពុជា ក៏នៅតែមានកាន់តែខ្ពស់ និងគួរឲ្យតាមដាន​យកចិត្តទុកដាក់​ដោះស្រាយផងដែរ។

របាយការណ៍របស់ស្ថាប័នរូបិយវត្ថុអន្តរជាតិ IMF ដែលបានចេញផ្សាយថ្មីនេះ បានគូសបញ្ជាក់ថា សេដ្ឋកិច្ចកម្ពុជា ក្នុងឆ្នាំ ២០១៩ នៅតែសម្រេចបានកំណើនរឹងមាំ ក្នុងអត្រា៧% ដែលត្រូវបានគាំទ្រ​ដោយការបន្តកំណើននៃការនាំចេញ និងវិស័យសំណង់ ខណៈដែលអតិផរណាត្រូវបានរក្សា​ឲ្យស្ថិតនៅក្នុងកម្រិតទាប ប្រមាណ ២,៥%។ ទន្ទឹមនឹងនេះ ស្ថានភាពហិរញ្ញវត្ថុសាធារណៈ នៅតែបន្តស្ថិតក្នុងភាពល្អប្រសើរ ស្របពេលដែលបំណុលសាធារណៈ ក៏ស្ថិតនៅក្នុងកម្រិត​ហានិភ័យទាប អាចគ្រប់គ្រងបាន។

ទោះយ៉ាងណា ស្ថាប័នរូបិយវត្ថុអន្តរជាតិ ក៏បានបញ្ជាក់ដែរថា សេដ្ឋកិច្ចកម្ពុជា ក៏កំពុងប្រឈមនឹង​ហានិភ័យខ្ពស់ជាងមុន ដែលបណ្ដាលមកពី ការកើនឡើងភាពតានតឹងនៃសង្គ្រាមពាណិជ្ជកម្ម និងលទ្ធភាពនៃការដកប្រព័ន្ធអនុគ្រោះពន្ធ (EBA) សម្រាប់ការនាំទំនិញទៅអឺរ៉ុប ដែលវាអាចនឹងជះ​ឥទ្ធិពលអវិជ្ជមាន ដល់សេដ្ឋកិច្ចកម្ពុជាគួរឲ្យកត់សម្គាល់។

ជុំវិញ​នឹង​លទ្ធភាព​ដែលអាច​ឈានទៅដល់​ការ​ព្យួរ​ប្រព័ន្ធអនុគ្រោះពន្ធ EBA ដោយសហភាពនេះដែរ លោក ហាវ រតនៈ អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​ថវិកា បាន​ថ្លែង​ក្នុង​សន្នីសីត​សារព័ត៌មាន កាល​ពីពេល​ថ្មីៗនេះបាន​ឲ្យដឹងថា​រដ្ឋាភិបាល​កម្ពុជា​បាន​ត្រៀម​ថវិកា​ប្រមាណ ៣ ពាន់លាន​ដុល្លារ​អាមេរិក​រួច​ជា​ស្រេច ដើម្បីទប់ស្កាត់​ផល​ប៉ះពាល់​នានា ដែល​អាច​កើត​មាន​ឡើង ​ដោយសារ​លទ្ធភាព​នៃ​ការ​បាត់បង់​ប្រព័ន្ធ​អនុគ្រោះពន្ធ​ EBAនេះ។

ធនាគារ​ពិភពលោក ធ្លាប់​បាន​ប៉ាន់ប្រមាណដែរថា បើសហភាព​អឺរ៉ុប ពិតជាព្យួរមែននោះ កម្ពុជា​អាច​នឹង​ត្រូវធ្លាក់ចុះ​ចំណូលពីការនាំចេញ​ប្រមាណ ជាង ៦០០ លាន​ដុល្លារអាមេរិក​ក្នុងមួយឆ្នាំ។

របាយការណ៍ពី IMF នោះ បានកត់សម្គាល់ទៀតថា ហានិភ័យចំពោះសេដ្ឋកិច្ចកម្ពុជាមួយទៀតនោះ គឺអាចកើតឡើងនៅក្នុងវិស័យហិរញ្ញវត្ថុ តាមរយៈការផ្តល់ឥណទាន​ប្រមូលផ្តុំ​កាន់តែខ្លាំង​ឡើងៗនៅក្នុងវិស័យអចលនទ្រព្យនិងសំណង់ ដែលវាត្រូវបានរំពឹងថា នឹងកើនឡើងប្រហែល ២៨ភាគរយ ក្នុងឆ្នាំ២០១៩។

របាយការណ៍  ក៏បានបញ្ជាក់ទៀតថា ការខ្ចីភាគច្រើនដោយអ្នកអភិវឌ្ឍន៍អចលនទ្រព្យ នៅតែមិនមានការ​ត្រួតពិនិត្យនិងគ្មានការគ្រប់គ្រង ហើយទិន្នន័យផ្លូវការស្តីពីតម្លៃ​អចលនទ្រព្យនៅ​មិនទាន់ មាននៅឡើយដែរ។

គួរបញ្ជាក់ដែរថា កំណើនសេដ្ឋកិច្ចរបស់កម្ពុជា កាលពីឆ្នាំ២០១៨ ត្រូវបានប៉ាន់ប្រមាណថា មានកំណើនខ្ពស់ រហូតដល់ទៅ ៧,៥% ដោយរុញពីក្រោយដោយសន្ទុះនៃកំណើនការនាំចេញខ្ពស់។ បើតាមការព្យាករពីរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ធនាគារពិភពលោក និងស្ថាប័នរូបិវត្ថុអន្តរជាតិ ឃើញថា សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២០ ខាងមុខ អាចនឹងមានការថយចុះមកវិញ ពោលគឺ មកនៅត្រឹមតែ ៦,៨% ដោយសារតែការថយចុះកំណើននៃសេដ្ឋកិច្ចសកល។ 

ជុំវិញ​នឹង​កំណើន​សេដ្ឋកិច្ច​នៅឆ្នាំ ២០១៩នេះដែរ បើតាម​ការអះអាង​ពី​ប្រមុខរាជរដ្ឋាភិបាល​កម្ពុជា សម្តេច តេជោ ហ៊ុន សែន កំណើន​ឆ្នាំនេះ អាចនឹងមានដល់ទៅ ៧,១% ឯណោះ ដែលខ្ពស់ជាង​ការព្យាករណ៍​របស់​ធនាគារ​ពិភពលោក ធនាគារអភិវឌ្ឍន៍អាស៊ី និង IMF ទៅទៀត។

សម្តេច ហ៊ុន សែន​អះអាងបែបនេះគឺ ផ្នែកតាមការវាយតម្លៃ​ដោយក្រុមប្រឹក្សា​ធនាគារជាតិនៃកម្ពុជា រួមជាមួយនឹងអ្នកឯកទេសបរទេសបានវាយតម្លៃថា សេដ្ឋកិច្ចកម្ពុជា​នៅតែមានកំណើន​ខ្ពស់​៧ភាគរយនៅឆ្នាំ២០១៩ ដោយមានការរួមចំណែក​នៃកំណើន​សកម្មភាព​ក្នុងវិស័យសំណង់ វិស័យកាត់ដេរ និង ភាពរឹងមាំនៃវិស័យទេសចរណ៍។

ក្នុងស្ថានភាពកម្ពុជាទទួលបានកំណើនសេដ្ឋកិច្ចនៅតែខ្ពស់នេះប្រមុខរដ្ឋាភិបាលកម្ពុជាក៏បានបង្ហាញពីយុទ្ធសាស្រ្តដឹកនាំដោយជានិច្ចកាលនឹងគ្រប់គ្រងឲ្យបាននូវស្ថិរភាពនយោបាយ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច។

សូមជំរាបថា នៅឆ្នាំ២០១៨ កន្លងមកក្នុងចំណោមប្រទេសអាស៊ាន គឺកម្ពុជាមាន​កំណើន​សេដ្ឋកិច្ចខ្ពស់ជាងគេ ហើយឆ្នាំនេះក៏នៅតែបន្តឈរ​លើកំពូលតារាង​ខ្ពស់លើសគេ​ដដែលក្នុងរង្វង់ ៧.១ ភាគរយ។

ប្រមុខរាជរដ្ឋភិបាលកម្ពុជាបានគូសបញ្ជាក់ទៀតថា ទំហសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០១៩ នេះ មានទំហំត្រឹមតែ ២៤ពាន់លានដុល្លារ ក្នុងនោះពលរដ្ឋម្នាក់ៗរកចំណូលបាន ជាង​១ពាន់៦០០ដុល្លារ ប៉ុន្តែទំហំសេដ្ឋកិច្ចនៅពេល​ដែលច្បាប់ថវិការជាតិ​ត្រូវបានអនុម័តនោះ​ទំហំសេដ្ឋកិច្ចកម្ពុជានឹងឡើងជិត៣០ពាន់លានដុល្លារ ដែលប្រជាពលរដ្ឋម្នាក់នឹងរកចំណូល​បានលើស១ពាន់៨០០ដុល្លារ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រសួងដែនដីរកចំណូលជូនជាតិបានប្រមាណ ១១៤ លានដុល្លារនៅឆ្នាំ២០១៩

ព័ត៌មាន
ចំណូលដែលក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់កម្ពុជាប្រមូលបានគិតទាំងពន្ធប្រថាប់ត្រាលើការផ្ទេរអចលនទ្រព្យនៅក្នុងឆ្នាំ២០១៩ ចូលថវិកាជាតិមាន…

ទីផ្សារមូលបត្រកម្ពុជា រក្សាបាននូវសញ្ញាវិជ្ជមានក្នុងឆ្នាំ២០១៩ តែអាចពុះកញ្ជ្រេលខ្លាំងក្នុងឆ្នាំ ២០២០

ព័ត៌មាន
វិស័យមូលបត្រនៅកម្ពុជា គិតត្រឹមដំណាច់ឆ្នាំ ២០១៩ ទទួលបាននូវទំនុកចិត្ត និងការគាំទ្រពី សំណាក់វិនិយោគិនក្នុងស្រុក និងបរទេស ដោយក្នុងនោះ មាន…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ