ធនាគារជាតិនៃកម្ពុជា

ធនាគារជាតិស្នើឲ្យគ្រប់គ្រឹះស្ថានធនាគារនិងមីក្រូហិរញ្ញវត្ថុផ្អាកការបែងចែកភាគលាភប្រាក់ចំណេញឆ្នាំ២០២០


ធនាគារជាតិនៃកម្ពុជាបានស្នើឲ្យគ្រប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងអស់ ផ្អាកការបែងចែកភាគលាភបំពោះប្រាក់ចំណេញក្រោយធ្វើសវនកម្មឆ្នាំ២០២០ ក្រោមហេតុផលថា ស្ថានភាពរីករាលដាលនៃជំងឺកូវីដ-១៩ នៅមិនទាន់មានភាពច្បាស់លាស់ និងមិនទាន់អាចគ្រប់គ្រងបានទាំងស្រុងនោះទេ។ ហេតុផលមួយទៀតនោះ គឺដើម្បីធានានូវភាពធន់ និងស្ថិរភាពក្នុងវិស័យធនាគារ។ នេះបើយោងតាមលិខិតមួយរបស់ធនាគារជាតិ បានចេញកាលពីថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ២០២១ ដែលខេមបូណូមីសទទួលបាននៅធ្ងៃនេះ។
ធនាគារជាតិនៃកម្ពុជា(រូបភាព ៖www.nbc.gov.kh)

ក្នុងលិខិត​ដដែលនោះ បាន​ឲ្យដឹងទៀតថា ក្រៅតែ​ពីការស្នើឲ្យ​គ្រប់គ្រឹះស្ថាន​ធនាគារ និងហិរញ្ញវត្ថុ​ផ្អាក​ការ​បែងចែកភាគលាភ​នៅឆ្នាំ២០២០​ហើយនោះ ធនាគារជាតិ​ក៏បាន​ស្នើឲ្យ​គ្រឹះស្ថាន​ធនាគារ និងហិរញ្ញវត្ថុ​ទាំងអស់ មានការ​រៀបចំយុទ្ធសាស្ត្រ​ចាកចេញ (Exit Strategy) សមសម្រប​ បន្ទាប់ពី​មានការអនុគ្រោះនានា​ពីធនាគារជាតិ​ត្រូវបាន​បញ្ចប់។

ខេមបូណូមីស បានទំនាក់ទំនងទៅប្រធានសមាគម​ធនាគារកម្ពុជា លោកបណ្ឌិត អ៊ិន ចាន់នី ប៉ុន្ដែ​លោក​សូមមិនធ្វើ​អធ្ថាធិប្បាយ​ចំពោះ​លិខិត​របស់​ធនាគារជាតិ​ខាងលើនេះទេ។ ដោយឡែក ប្រធានសមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា លោក គា បូរាណ ឯណោះវិញ ក្រុមការងារ​យើង​បានទូរស័ព្ទ​ចូលជាច្រើនសារ​​តែមិនលើកទូរស័ព្ទនោះទេ​។ ក្រុមការងារ​យើង​ក៏បានបន្ដ​ទូរសព្ទ​​ទៅកាន់​លោកជំទាវ ជា សិរី អគ្គនាយិកាឧបការីទេសាភិបាល និងជាអគ្គនាយិការ​បច្ចេកទេស នៃធនាគារជាតិ​នៃកម្ពុជា​ដែរ ប៉ុន្ដែ ជំនួយ​ការ​របស់លោកជំទាវ​ជាអ្នកលើកទូរសព្ទ និងបាន​ប្រាប់ថា​លោកជំទាវ ជា សិរី​កំពុងប្រជុំ។

ជុំវិញនឹងបញ្ហានេះ ឯកឧត្តម ហុង សុហូរ ប្រតិភូរាជរដ្ឋាភិបាល​ទទួលបន្ទុក​ជាអគ្គនាយក​ផ្សារមូលបត្រ​កម្ពុជា បាន​លើកឡើងថា សំណើរបស់​ធនាគារ​ជាតិ​នៃកម្ពុជា ដែលបាន​ស្នើឲ្យ​ផ្អាក​ការបែងចែកភាគលាភនេះ គឺជាជម្រើស​របស់​ខាងធនាគារជាតិក្នុងការ​ចេញគោលការណ៍បែបនេះ ព្រោះធនាគារជាតិ​ជា​អាជ្ញាធរ​អាណាព្យាបាល។ ប៉ុន្ដែ ក្រុមហ៊ុន​ដែលជាគ្រឹះស្ថាន​ធនាគារ និងមីក្រូហិរញ្ញវត្ថុ ពួកគេ​ប្រហែលជា​ស្គាល់ស្ថានភាព​ហិរញ្ញវត្ថុ​ខ្លួនឯងច្បាស់​ជាង​យើងជាអ្នកក្រៅ។ ដូច្នេះ ទោះបីជា ធនាគារជាតិ​ មិនចេញគោលការណ៍បែបនេះ ក៏ក្រុមហ៊ុន​គួរតែដឹង​ខ្លួនឯងហើយថា គួរចែក ឬមិណគួរចែកភាគលាភនេះ។

យ៉ាងណាក៏ដោយចុះ បើតាម​ធនាគារជាតិ​នៃកម្ពុជា បាន​គូសបញ្ជាក់ថា ចាប់តាំងពីអំឡុងពេល​ផលប៉ះពាល់​ពីការ​រីករាលដាល​កូវីដ-១៩ រហូតមកដល់​បច្ចុប្បន្ន ធនាគារជាតិ​ បានដាក់ចេញ​នូវវិធានការ​ជាច្រើន​ដើម្បី​បន្ធូរបន្ថយ​លើការ​អនុវត្ត​បទប្បញ្ញត្តិ​របស់​គ្រឹះស្ថាន​ធនាគារ និងហិរញ្ញវត្ថុ ស្របតាមគោលនយោបាយ​របស់​រាជរដ្ឋាភិបាល​ ហើយវិស័យ​ធនាគារ​នៅតែ​មានភាពរឹងមាំ និងបន្ដ​មានប្រាក់ចំណេញ​ក្នុង​បរិបទ​សេដ្ឋកិច្ច​បច្ចុប្បន្ន។

តាមតួលេខពីធនាគារជាតិនៃកម្ពុជា បានប៉ាន់ស្មានថា នៅឆ្នាំ២០២០ ឥណទានអតិថិជននៅក្នុងវិស័យធនាគារសម្រេចបានដល់ទៅជាង ៣៧ពាន់លានដុល្លារ កើនឡើងជិត១៥% ធៀបនឹងឆ្នាំ២០១៩ ខណៈដែលប្រាក់បញ្ញើអតិថិជនវិញ មានប្រមាណជិត ៣៤ពាន់លានដុល្លារអាមេរិក កើនជាង១៥%។ ដោយឡែក ទ្រព្យសកម្មរបស់ប្រព័ន្ធធនាគារនៅឆ្នាំ២០២០វិញ មានដល់ទៅជាង ៥៩ពាន់លានដុល្លារ កើនជិត១៦%។ តាមតួលេខនេះ បង្ហាញថា ទ្រព្យសកម្មរស់ប្រព័ន្ធធនាគារ មានប្រមាណជាង ២០០% នៃផលិតផលក្នុងស្រុកសរុបរបស់កម្ពុជា៕


សូមទស្សនាសេចក្តីរាយការណ៍បន្ថែមខាងក្រោម៖ 

None



អត្ថបទបន្ទាប់


ការនាំចេញគ្រឿងអេឡិចត្រូនិកវៀតណាមកំពុងកញ្ជ្រោលផ្ទុះឡើងកាន់តែខ្លាំង

ការនាំចេញគ្រឿងអេឡិចត្រូនិករបស់វៀតណាម បាននិងកំពុងកញ្ជ្រោលផ្ទុះឡើងកាន់តែខ្លាំង ដោយសារតែមានការវិនិយោគផ្ទាល់ពីបរទេសកើនឡើង។ តួយ៉ាង នៅក្នុ…

វិស័យទេសចរណ៍ថៃកាន់តែយ៉ាប់យ៉ឺនក្រោយផ្ទុះរលកឆ្លងថ្មី

ក្រុមហ៊ុនអាកាសចរណ៍ និងសណ្ឋាគារ នៅក្នុងប្រទេសថៃ បានចាត់ទុកថា ស្ថានភាពវិស័យទេសចរណ៍នៅឆ្នាំនេះ កាន់តែយ៉ាប់យ៉ឺនជាងមុនទៅទៀត បន្ទាប់ពីមានក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ