
កិច្ចប្រជុំប្រចាំឆ្នាំនេះនៃវេទិកាសេដ្ឋកិច្ចនៅឆ្នាំនេះ មានការអញ្ជើញចូលរួមយ៉ាងកុះករពីប្រមុខរដ្ឋាភិបាល និងថ្នាក់ដឹកនាំធុរកិច្ច ដែលមកពីជុំវិញពិភពលោកដើម្បីផ្ដល់វេទិកាសម្រាប់ការជជែកអំពីបញ្ហាសកលនានា និងដើម្បីជំរុញការចាប់ដៃគូសហការសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព។

ក្នុងឋានៈជាដៃគូសហការមួយនៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ក្រុមហ៊ុនវើលប៊្រីដគ្រុប ដើរតួនាទីយ៉ាងសំខាន់នៅក្នុងការតភ្ជាប់កម្ពុជា ទៅកាន់សហគមន៍ធុរកិច្ចពិភពលោក និងផ្សព្វផ្សាយពីកម្ពុជា ក្នុងនាមជាគោលដៅវិនិយោគដ៏ទាក់ទាញមួយ។ ការចូលរួមរបស់ក្រុមហ៊ុនវើលប៊្រីដគ្រុប ក្នុងកិច្ចប្រជុំប្រចាំឆ្នាំនេះនឹងជួយពង្រឹងវត្តមានរបស់កម្ពុជា នៅលើឆាកអន្តរជាតិ ក៏ដូចជាពង្រឹងការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព។


ក្រៅពីចូលរួមក្នុងព្រឹត្តិការណ៍ដែលរៀបចំដោយវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលមានការអមដំណើរដោយអ្នកឧកញ៉ា សៀ ឫទ្ធី និងមន្ត្រីជាន់ខ្ពស់កម្ពុជាជាច្រើនរូប ក៏មានជំនួបទ្វេភាគីជាមួយថ្នាក់ដឹកនាំនៃក្រុមហ៊ុនធំៗមួយចំនួនក្នុងតំបន់អាស៊ានផងដែរ ក្នុងបំណងលើកបង្ហាញអំពីឱកាសវិនិយោគដ៏មានសក្តានុពល និងការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី។

អ្នកឧកញ៉ា សៀ ឫទ្ធី អគ្គនាយកក្រុមហ៊ុនវើលប៊្រីដគ្រុប បានថ្លែងអំណរគុណចំពោះការអញ្ជើញចូលរួមរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅទីក្រុង Davos និងបានលើកឡើងពីសារៈសំខាន់ នៃការចូលរួមបែបនេះនៅក្នុងការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា។

អ្នកឧកញ៉ា សៀ ឫទ្ធី មានប្រសាសន៍ថា “វេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ផ្តល់វេទិកាដ៏ពិសេសមួយសម្រាប់កម្ពុជា ដើម្បីបង្ហាញពីភាពខ្លាំងរបស់ខ្លួន និងដើម្បីភ្ជាប់ទំនាក់ទំនងជាមួយបណ្ដាដៃគូដែលមានសក្តានុពល។ អ្នកឧកញ៉ាប្តេជ្ញាថា នឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាល ដើម្បីពង្រឹងឋានៈរបស់កម្ពុជា បន្ថែមទៀតថាក្នុងនាមជាមជ្ឈមណ្ឌលសេដ្ឋកិច្ចឈានមុខគេនៅក្នុងតំបន់”។
ជំនួបទាំងនេះ ក៏បានឆ្លុះបញ្ចាំងពីសារៈសំខាន់កាន់តែខ្លាំងឡើងផ្នែកសេដ្ឋកិច្ចរបស់កម្ពុជា និងភាពទាក់ទាញរបស់កម្ពុជា ចំពោះវិនិយោគិនបរទេសផងដែរ៕




