សហព័ន្ធឧស្សាហកម្មថៃ (FTI) បាននិយាយថា សន្ទស្សន៍ទំនុកចិត្តក្នុងវិស័យឧស្សាហកម្មថៃ បានធ្លាក់ចុះខ្លាំងដល់កម្រិតទាបបំផុតមិនធ្លាប់មានក្នុងរយៈពេលពីរឆ្នាំមកនេះ ដោយសាររោងចក្រកាន់តែច្រើនបានបិទទ្វារជាបន្តបន្ទាប់។ សូមបញ្ជាក់ថា សន្ទស្សន៍ទំនុកចិត្តក្នុងវិស័យឧស្សាហកម្មថៃ សម្រាប់ខែមិថុនា កន្លងទៅស្ថិតក្នុងរង្វង់៨៧,២% បើធៀបនឹង៨៨,៥%ក្នុងខែឧសភា។
ប្រធានសហព័ន្ធឧស្សាហកម្មថៃ (FTI) លោក ក្រៀងក្រៃ ធានុគុល (Kriengkrai Thiennukul) បាននិយាយកាលពីថ្ងៃពុធ ទី១៧ ខែកក្កដា ថា រោងចក្រជាង៦០០ទីតាំង បានបិទទ្វារក្នុងរយៈពេល៥ខែដើមឆ្នាំ២០២៤ នេះ ដោយរោងចក្រនីមួយៗមានតម្លៃប្រមាណ៧៥ម៉ឺនដុល្លារអាម៉េរិក។
លោកបានបន្តថា ក្នុងរយៈពេល៥ខែដូចគ្នានេះកាលពីឆ្នាំមុន មានតែ៣៥៨រោងចក្រប៉ុណ្ណោះដែលបានបិទទ្វារបញ្ចប់ប្រតិបត្តិការរបស់ខ្លួន។ លោកបានគូសបញ្ជាក់ថា ភាគច្រើននៃរោងចក្រដែលបិទទ្វារក្នុងឆ្នាំនេះ គឺជាសហគ្រាសខ្នាតតូច និងមធ្យម (SMEs) ប៉ុន្តែលោកបានទទួលស្គាល់ថា សហគ្រាសខ្នាតតូច និងមធ្យម (SMEs) គឺជាឆ្អឹងខ្នងនៃវិស័យផលិតកម្មរបស់ជាតិ។
លោកបានឱ្យដឹងទៀតថា មូលហេតុចម្បងនៅពីក្រោយការបិទរោងចក្រជាបន្តបន្ទាប់នេះ គឺដោយសារតម្រូវការទំនិញទូទាំងពិភពលោកមានការប្រែប្រួល បណ្ដាលមកពីភាពតានតឹងភូមិសាស្ត្រនយោបាយដែលបានធ្វើឱ្យការប្រកួតប្រជែងនៃផលិតផលរបស់ថៃ ធ្លាក់ចុះ។ លើសពីនេះ សហគ្រិនថៃ ភាគច្រើនបាននិងនាំចេញផលិតផលដដែលៗអស់រយៈពេលជាច្រើនឆ្នាំមកហើយ ហើយលោកបានចង្អុលបង្ហាញថា រដ្ឋាភិបាលថៃ ចាំបាច់ត្រូវរៀបចំរចនាសម្ព័ន្ធវិស័យផលិតកម្មរបស់ប្រទេសនេះឡើងវិញជាបន្ទាន់ ដើម្បីដោះស្រាយវិបត្តិនេះ៕
ដោយ: តែម សុខុម