វិស័យ SME

អាជីវកម្មក្នុងវិស័យ SME ជិត១ពាន់ទទួលបានកម្ចីក្រោមការធានារបស់សាជីវកម្មធានាឥណទាន


មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានគូសបញ្ជាក់ថា មកទល់ពេលនេះមានក្រុមហ៊ុន សហគ្រាសក្នុងវិស័យសហគ្រាសធុនតូច និងមធ្យម(SME)ជិត១ពាន់អាជីវកម្ម កំពុងប្រើប្រាស់ឥណទានក្រោមការធានារបស់សាជីវកម្មធានាឥណទានកម្ពុជា(CGCC) ដោយឥណទានភាគច្រើនខ្វះទ្រព្យធានា។ ក្រោយដាក់ឲ្យដំណើរជាង១ឆ្នាំកន្លងមកនេះ សាជីវកម្មធានាឥណទានកម្ពុជាទើបធានាឥណទានបានជាង៩០លានដុល្លារប៉ុណ្ណោះ ក្នុងចំណោមដើមទុនដាក់ឲ្យដំណើរការដំបូង២០០លានដុល្លារ។
អាជីវកម្មក្នុងវិស័យ SME ជិត១ពាន់ទទួលបានកម្ចីក្រោមការធានារបស់សាជីវកម្មធានាឥណទាន

នាសន្និបាតប្រចាំឆ្នាំរបស់ CGCC ក្រោមប្រធានបទ«តួនាទីរបស់គម្រោងធានាឥណទានក្នុងការអភិវឌ្ឍសហគ្រាសខ្នាតតូច និងមធ្យមនៅកម្ពុជា និងតំបន់អាស៊ាន» ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានប្រកាសឲ្យបន្តអនុវត្តគោលនយោបាយធានាឥណទាននេះបន្តទៀតផងដែរ។

ក្នុងបទសម្ភាសជាមួយអ្នកសារព័ត៌មានក្នុងសន្និបាតប្រចាំឆ្នាំរបស់ CGCC ក្រោមប្រធានបទ«តួនាទីរបស់គម្រោងធានាឥណទានក្នុងការអភិវឌ្ឍសហគ្រាសខ្នាតតូច និងមធ្យមនៅកម្ពុជា និងតំបន់អាស៊ាន» ឯកឧត្តម ម៉ី វ៉ាន់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានគូសបញ្ជាក់ថា គិតត្រឹមដំណាច់ឆ្នាំ២០២២ មានក្រុមហ៊ុន និងសហគ្រាសក្នុងវិស័យ SME ចំនួន៩៨៥ ទទួលបានកម្ចីពីគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុចូលរួម ក្រោមការធានារបស់សាជីវកម្មធានាឥណទានកម្ពុជា។ ឥណទានដែលគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមបានផ្តល់ឲ្យទាំងនេះមានតម្លៃធានាជាង៩២លានដុល្លារអាមេរិក ដោយអាជីវកម្មទាំងនោះភាគច្រើនលើសសប់អត់មានទ្រព្យបញ្ចាំ។ ដើម្បីបង្កើនលទ្ធភាពទទួលបានកម្ចីដល់ម្ចាស់អាជីវកម្មក្នុងវិស័យ SME ជាពិសេសវិស័យទេសចរណ៍ ឯកឧត្តម ម៉ី វ៉ាន់ បានជំរុញឲ្យគ្រឹះស្ថានធនាគារ និងមីគ្រូហិរញ្ញវត្ថុចូលរួម ជួយសម្រួល និងបន្ធូរបន្ថយលក្ខខណ្ឌក្នុងការផ្តល់កម្ចីឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។

ជុំវិញបញ្ហានេះ លោកស្រី ម៉ារ អមរា អនុប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា បានគូសបញ្ជាក់ថា គម្រោងធានាឥណទានស្ដារអាជីវកម្មឡើងវិញ របស់សាជីវកម្មធានាឥណទានកម្ពុជា មានសារសំខាន់ណាស់ក្នុងការជួយគាំទ្រដល់ម្ចាស់អាជីវកម្ម ជាពិសេស SMEs ដែលមាននិរន្ដរភាពផ្នែកហិរញ្ញវត្ថុ ប៉ុន្តែគ្មានទ្រព្យធានាគ្រប់គ្រាន់ ដើម្បីទទួលបានប្រាក់កម្ចីផ្លូវការពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដៃគូ ដើម្បីស្ដារ និងពង្រីកអាជីវកម្មរបស់ខ្លួន ជាពិសេសនៅក្នុងអំឡុងពេល និងក្រោយវិបត្តិកូវីដ១៩។ គិតត្រឹមដំណាច់ឆ្នាំ២០២២ ធនាគារ អេស៊ីលីដា បានផ្តល់កម្ចីក្រោមការធានាពីសាជីវកម្មធានាឥណទានកម្ពុជាបានចំនួន២៤ គណនី ឬអតិថិជន ដែលមានទំហំទឹកប្រាក់ធានាសរុបប្រមាណ៤លាន៤សែនដុល្លារអាមេរិក។

សម្រាប់ឯកឧត្តម ម៉ី វ៉ាន់ សហគ្រាសធុនតូច និងមធ្យម គឺជាកម្លាំងចលករ ដែលមិនអាចខ្វះបាន ដើម្បីធានាការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ប្រកបដោយចីរភាព បរិយាបន្ននិងភាពធន់។ សហគ្រាសធុនតូចនិងមធ្យមបានដើរតួយ៉ាងសំខាន់ ក្នុងការជួយទ្រទ្រង់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ចកម្ពុជា ដោយបានចូលរួមកាត់បន្ថយភាពក្រីក្រ គួរឱ្យកត់សម្គាល់ពីអត្រា៥០,២% ក្នុងឆ្នាំ២០០៣ មកត្រឹមអត្រា១៧,៨% ប៉ុណ្ណោះក្នុងឆ្នាំ២០២០ តាមរយៈការបង្កើតការងារ និងប្រាក់ចំណូលជូនប្រជាជនកម្ពុជា។ ដូច្នេះរាជរដ្ឋាភិបាល នឹងបន្តអនុវត្ត គោលនយោបាយគាំទ្រតាមរយៈយន្តការធានាឥណទាន ដើម្បីធានាការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។

នាសន្និបាតប្រចាំឆ្នាំរបស់ CGCC ក្រោមប្រធានបទ«តួនាទីរបស់គម្រោងធានាឥណទានក្នុងការអភិវឌ្ឍសហគ្រាសខ្នាតតូច និងមធ្យមនៅកម្ពុជា និងតំបន់អាស៊ាន»នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវគម្រោងធានាឥណទានជាកញ្ចប់ និងផ្តល់រង្វាន់ដល់គ្រឹះស្ថានចូលរួមឆ្នើមផងដែរ។ គួរបញ្ជាក់ផងដែរថា គម្រោងធានាឥណទានកម្ពុជា ត្រូវបានបង្កើតឡើងដោយរាជរដ្ឋាភិបាលកម្ពុជានៅចុងឆ្នាំ២០២០ និងបានដាក់ឱ្យដំណើរការជាលើកដំបូងនៅក្នុងខែមីនា ឆ្នាំ២០២១ ជាមួយដើមទុនដំបូង២០០លានដុល្លារអាមេរិក។ គោលបំណងនៃការបង្កើតគម្រោងធានាឥណទាននេះ គឺដើម្បីបង្កើនលទ្ធភាពទទួលបានកម្ចី ក៏ដូចជាធានាឥណទានដល់ម្ចាស់អាជីវកម្ម ដែលមានលទ្ធភាពសង តែខ្វះទ្រព្យធានា៕




អត្ថបទបន្ទាប់


តើ«និយ័តករបរធនបាលកិច្ច»មានយុទ្ធសាស្រ្តអ្វីខ្លះ ដើម្បីរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២៣?

ព័ត៌មាន
ថ្នាក់ដឹកនាំនៃបរធនបាលកិច្ចនៅតែបង្ហាញនូវគំនិតសុទិដ្ឋិនិយមខ្ពស់ពីភាពរីកចម្រើនរបស់វិស័យបរធនបាលកិច្ច ក្នុងការរួមចំណែករបស់បរធនបាលកិច្ច ចំព…

ក្រោយកិច្ចប្រជុំអាមេរិក និងសម្ព័ន្ធមិត្ត គ្មានឡើយការបញ្ជូនរថក្រោះធុនធ្ងន់ឲ្យអ៊ុយក្រែន

ព័ត៌មាន
សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនបានបរាជ័យនៅអំឡុងកិច្ចចរចាមួយក្នុងប្រទេសអាល្លឺម៉ង់ ដើម្បីបញ្ចុះបញ្ចូលទីក្រុងប៊ែរឡាំង ឱ្យផ្តល់រថក្រោះប្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ