
លោក លី ថៃ គណៈប្រធាននាយកប្រតិបត្តិជាន់ខ្ពស់អភិបាលកិច្ច នៃធនាគារអេស៊ីលីដា បានមានប្រសាសន៍ថា ការចូលរួមជួយសង្គម គឺជាកិច្ចការដ៏សំខាន់មួយ ដែលអេស៊ីលីដាបាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ដ្បិតការរីកចម្រើនរបស់អេស៊ីលីដាសព្វថ្ងៃ ក៏បានមកពីការគាំទ្រពីសង្គមដូចគ្នា។ យ៉ាងណាមិញ តាមរយៈការចូលរួមបរិច្ចាគឈាមនេះ លោក លី ថៃ ជឿជាក់ថា នឹងរួមចំណែកដ៏សំខាន់ក្នុងវិស័យសុខាភិបាល ដើម្បីជួយសង្គ្រោះអាយុជីវិតមនុស្ស ដែលត្រូវការឈាម។

បើតាមការអះអាងរបស់លោក លី ថៃ ការចូលរួមបរិច្ចាគឈាមលើកទី៨ របស់ធនាគារអេស៊ីលីដានេះ មានអ្នកចុះឈ្មោះស្មគ្រចិត្តបរិច្ចាគឈាមនៅភ្នំពេញចំនួន ២៣៥នាក់ និងនៅតាមបណ្ដាខេត្តមានចំនួន ៤៣៥នាក់។ សរុបទាំង ៨លើក នៃការចូលរួមរិច្ចាគឈាមរបស់ធនាគារអេស៊ីដា មានអ្នកចូលរួមសរុប ជិត ២ ៥០០នាក់។

ជាមួយគ្នានេះ លោកលី សុវិទ្យ អនុប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាម បានមានប្រសាសន៍ថា សកម្មភាពបរិច្ចាគឈាមរបស់ថ្នាក់ដឹកនាំនិងបុគ្គលិករបស់ធនាគារអេស៊ីលីដា គឺជាគំរូដ៏ល្អមួយទៅដល់ស្ថាប័នដទៃទៀត ក្នុងការចូលរួមក្នុងសង្គមជាពិសេសការបរិច្ចាគឈាមសម្រាប់ជួយសង្គ្រោះជីវិតមនុស្ស ។
លោកបន្តថា អំណោយឈាមរបស់ថ្នាក់ដឹកនាំ និងបុគ្គលិករបស់ធនាគារអេស៊ីលីដា នឹងចូលរួមចំណែកដល់ការផ្គត់ផ្គង់ឈាមទៅកាន់មន្ទីរពេទ្យនានារបស់មជ្ឈមណ្ឌលជាតិផ្ដល់ឈាម ហើយនឹងធ្វើឱ្យមជ្ឈមណ្ឌលជាតិផ្ដល់ឈាមកាន់តែមានលទ្ធភាព ក្នុងការផ្គត់ផ្គង់ឈាមបន្ថែមទៀត ស្របនឹងតម្រូវការឈាមក៏កាន់តែកើនឡើង ។

ការចូលរួមបរិច្ចាគឈាម ត្រូវបានវេជ្ជបណ្ឌិតជំនាញ និងអ្នកដែលបានចូលរួមបរិច្ចាគផ្ទាល់អះអាងថា ពុំបណ្ដាលឲ្យប៉ះពាល់ដល់សុខភាពនោះឡើយ ខណៈសម្រាប់បុរសអាចបរិច្ចាគឈាមបានក្នុងរយៈពេល ៣ខែម្ដង ខណៈដែលស្ត្រីអាចបរិច្ចាគបានក្នុងរយៈពេល ៤ខែម្ដង។
បើតាមការបញ្ជាក់របស់ លោកលី សុវិទ្យ អនុប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ជាតិ កំណើនអ្នកបរិច្ចាគឈាមបានកើនឡើងជាបន្តបន្ទាប់ពីមួយឆ្នាំ ខណៈតម្រូវការឈាមក៏មានការកើនឡើងផងដែរ ពោលគឺក្នុងមួយថ្ងៃ មជ្ឈមណ្ឌលជាតិផ្ដល់ឈាមទទួលបានអំណោយឈាមពីសប្បុរសជនចំនួន៣០០ ទៅ៣៥០ ប្លោក ចំណែកតម្រូវការក៏មានប្រហាក់ប្រហែលគ្នានេះដែរ៕







