ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា ការបើកផ្លូវដើម្បីនាំចេញទំនិញទៅកាន់ប្រទេសទី៣ ដោយឆ្លងកាត់ប្រទេសថៃ របស់កម្ពុជា មិនទាន់ទទួលបានការឯកភាពណាមួយនៅឡើយទេ ពោលគឺបញ្ហានេះកំពុងស្ថិតក្នុងដំណើរការចរចានៅឡើយ។ ឯកឧត្តមយល់ថា ដើម្បីអាចដោះស្រាយលើបញ្ហាពាក់ព័ន្ធការរឹតបន្តឹងលើការនាំចេញទំនិញឆ្លងកាត់នេះ មានតែការសម្របសម្រួល និងចរចាគ្នារវាងភាគីទាំងពីរប៉ុណ្ណោះ ដ្បិតថា កិច្ចព្រមព្រៀងដឹកជញ្ជូនទំនិញឆ្លងកាត់រវាងប្រទេសទាំងពីរតែងមានការកំណត់លក្ខខណ្ឌផ្សេងៗគ្នា។ បើតាមការអះអាងរបស់ឯកឧត្តម ប៉ែន សុវិជាតិ កន្លងមកក្រសួងពាណិជ្ជកម្មធ្លាប់សម្របសម្រួលជាមួយភាគីថៃ ជូនដល់ធុរជនកម្ពុជា នៅតាមបណ្ដាខេត្តមួយចំនួនជាប់ព្រំដែនថៃ ក្នុងការនាំចេញទំនិញឆ្លងកាត់ព្រំដែនផងដែរ។
មន្រ្តីជាន់ខ្ពស់រូបនេះបានសង្កត់ធ្ងន់ថា បច្ចុប្បន្នវិស័យដឹកជញ្ជូនរបស់កម្ពុជា ពុំទាន់អាចកាត់ផ្ដាច់ទាំងស្រុងលើការពឹងផ្អែកប្រទេសជិតខាងបាននៅឡើយទេ។ ប៉ុន្តែឯកឧត្តមជឿជាក់ថា ការពឹងផ្អែកលើប្រទេសជិតខាងនេះនឹងត្រូវកាត់បន្ថយនៅពេលហេដ្ឋារចនាសម្ព័ន្ធមួយចំនួនដូចជាផ្លូវល្បឿនលឿន កំពង់ផែទឹកជ្រៅ និងព្រែកជីក ហ្វូណនតេជោ ត្រូវបានសាងសង់ និងលើកកម្ពស់កម្រិតគុណភាព។
ឧកញ៉ា ស៊ិន ចន្ធី អគ្គនាយកក្រុមហ៊ុន ឡាញហល អិចប្រេស ខេមបូឌា បានអះអាងថា ផលិតផលកសិកម្មរបស់កម្ពុជា នៅតែបន្តជួបការលំបាកក្នុងការដឹកជញ្ជូនឆ្លងកាត់ប្រទេសថៃ ទៅកាន់ប្រទេសទី៣ ខណៈផលិតផលកាត់ដេរពុំមានបញ្ហាប្រឈមខ្លាំងនោះទេ។ បើតាមអ្នកជំនាញរូបនេះ មកទល់ពេលនេះ អ្នកប្រកបរបរនៅក្នុងវិស័យនេះ នៅតែបន្តស្វែងរកដំណោះស្រាយជាមួយក្រសួងពាក់ព័ន្ធផ្សេងៗ និងរំពឹងថា ភាគីថៃនឹងជួបពិភាក្សាជាមួយភាគីកម្ពុជា ដើម្បីស្វែងរកដំណោះស្រាយលើបញ្ហានេះជាមួយគ្នាក្នុងពេលឆាប់ៗខាងមុខនេះ។
ពាក់ព័ន្ធបញ្ហានេះដែរ ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានគូសបញ្ជាក់ថា មកទល់ពេលនេះអ្នកពាក់ព័ន្ធនានា កំពុងស្វែងរកដំណោះស្រាយ ខណៈការដឹកជញ្ជូនឆ្លងកាត់ប្រទេសថៃ នៅតែរងការរឹតត្បិតដដែល។ តែយ៉ាងណាអ្នកជំនាញរូបនេះរំពឹងថា ការពិភាក្សាលើការបើករបាំងពាណិជ្ជកម្មនេះនឹងទទួលបានលទ្ធផលល្អនាពេលខាងមុខ ដ្បិតថាការដឹកជញ្ជូនទំនិញឆ្លងកាត់នេះពុំបានប៉ះពាល់ដល់ប្រទេសថៃនោះទេ។
ជាមួយគ្នានេះឧកញ៉ា តែ តាំងប៉ អះអាងថា ខេត្តទាំង៦របស់កម្ពុជា ដែលជាប់ព្រំប្រទល់ជាមួយប្រទេសថៃ គឺសុទ្ធសឹងជាខេត្តដែលមានសក្តានុពលខ្ពស់ក្នុងការផលិតកសិផល ហើយអ្នករកស៊ីក្នុងវិស័យនេះភាគច្រើនបានត្អូញត្អែរពីបញ្ហាលំបាកក្នុងការដឹកជញ្ជូនកសិផលឆ្លងកាត់ប្រទេសថៃ៕
អត្ថបទ៖ បូ ដូឡា