
នាយកដ្ឋានគយទូទៅវៀតណាម បានបង្ហាញឲ្យដឹងថា តួលេខនៃទំហំពាណិជ្ជកម្មទ្វេភាគីរវាង វៀតណាម និងចិនបានកើនឡើងប្រមាណ ១០ពាន់លានដុល្លារអាមេរិក ដែលកាលពីឆ្នាំ ២០១៨ សម្រេចបានប្រមាណ ១០៦ពាន់លានដុល្លារអាមេរិក ហើយកត្តាដែលរុញច្រានកំណើនក្នុងឆ្នាំ ២០១៩ គឺដោយសារតែវៀតណាម បង្កើនការនាំចូលទំនិញមកពីចិនកាន់តែច្រើន ហើយការនាំចេញទំនិញវៀតណាម ទៅកាន់ប្រទេសចិនវិញ ក៏មានការកើនឡើងដូចគ្នាដែរ។
ក្នុងចំណោមដៃគូពាណិជ្ជកម្មជាង ២០០ប្រទេសរបស់វៀតណាម គឺប្រទេសចិននេះហើយ ដែលជា ទីផ្សារធំជាងគេបង្អស់របស់វៀតណាម ហើយឆ្នាំ ២០១៩នេះ ក៏ជាកំណត់ត្រាថ្មី លើកទី ២របស់វៀតណាម ដែលសម្រេចបានទំហំពាណិជ្ជកម្មលើសពី ១០០ពាន់លានដុល្លារអាមេរិក។
ដោយឡែក ទំហំពាណិជ្ជកម្មរវាងវៀតណាម និងបណ្តាប្រទេសជាដៃគូ ក្នុងឆ្នាំ ២០១៩ សម្រេចបានប្រមាណ ៥១៧ពាន់លានដុល្លារអាមេរិក ដែលមានការកើនឡើងប្រមាណ ៧% ធៀបនឹងឆ្នាំ២០១៨ ដែលក្នុងនោះ វៀតណាមធ្វើការនាំចេញទំនិញប្រមាណ ២៦៤ពាន់លានដុល្លារ កើនឡើងប្រមាណ ៨% នឹងនាំចូលមកវិញជាង ២៥៣ពាន់លានដុល្លារអាមេរិក កើនឡើងប្រមាណ ៦%។
សូមជម្រាបថា អតិរេកពាណិជ្ជកម្មជាង១១ពាន់លានដុល្លារ ក្នុងឆ្នាំ ២០១៩ ជាតួលេខខ្ពស់បំផុតមិនធ្លាប់មាន សម្រាប់ប្រទេសវៀតណាម ដែលកើនឡើងជាង ៦៣% ធៀបនឹងឆ្នាំ ២០១៨៕
© 2021 រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ ខេមបូណូមីស។ សម្រាប់ការប្រើប្រាស់ ឬផ្សាយបន្ត សូមទាក់ទងមក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ 089 777 076។