Advertisement
Advertisement
ព័ត៌មាន​ក្លែងក្លាយ

ពលរដ្ឋ​ខ្មែរ​ធ្លាប់​ចាញ់​បោក​ព័ត៌មាន​ក្លែងក្លាយ (Fake News) អស់​ច្រើន​រយ​លាន​ដុល្លារ!


ព័ត៌មាន​ក្លែងក្លាយ (Fake News) ជា​ព័ត៌មាន​ទាំងឡាយ​ណា​ដែល​ត្រូវ​បាន​គេ​ផ្សព្វផ្សាយ​ឡើង​តាម​មធ្យោបាយ​ផ្សេងៗ​ដើម្បី​បន្លំ បោក​បញ្ឆោត​សាធារណជន បោក​ស្ថាប័ន​មួយ រហូត​គ្រួសារ​មួយ ឬ​មនុស្ស​ណា​ម្នាក់ ក្នុង​គោល​បំណង​ជាក់លាក់​ណា​មួយ។
ពលរដ្ឋ​ខ្មែរ​ធ្លាប់​ចាញ់​បោក​ព័ត៌មាន​ក្លែងក្លាយ (Fake News) អស់​ច្រើន​រយ​លាន​ដុល្លារ!
ដោយ
Advertisement

ក្នុង​វិស័យ​ជំនួញ​នៅ​កម្ពុជា ឈ្មួញ​ទុច្ចរិត​មួយ​ចំនួន​បាន​ប្រើប្រាស់​ព័ត៌មាន​ក្លែងក្លាយ (Fake News) ដើម្បី​បោក​ប្រាស់​កេង​ប្រវ័ញ្ច លើ​គំនរ​ញើស​ឈាម​ពលរដ្ឋ​ខ្មែរ​ជា​ច្រើន​ករណី​រួ​ច​ទៅ​ហើយ។ ឈ្មួញ​ខ្លះ​ក៏​ត្រូវ​សមត្ថកិច្ច​ផ្តន្ទាទោស ឈ្មួញ​ខ្លះ​ទៀត​ក៏​នៅ​ក្រៅ​សំណាញ់​ច្បាប់ ឈ្មួញ​ខ្លះ​ក៏​ចំណេញ​ប្រាក់​ធ្វើ​មាន​បាន ហើយ​អ្នក​ដែល​ត្រូវ​គេ​បោក​ បាន​ត្រឹម​តែ​ខូច​ចិត្ត ។ 

តទៅ​នេះ គេហ​ទំព័រ ខេមបូណូមីស សូម​លើក​យក​ករណី​ធំៗ​មួយ​ចំនួន​ដែល​ឈ្មួញ​ខិល​ខូច ប្រើ​ព័ត៌មាន​ក្លែងក្លាយ (Fake News) ដើម្បី​បោក​លុយ​ពលរដ្ឋ​ខ្មែរ៖

១. ពលរដ្ឋ​ជាង​​៩០០​​គ្រួសារ ចាញ់​​បោក​​ក្រុមហ៊ុន EBC អស់​​ប្រាក់​​សរុប​ជាង ៤០០​លាន​ដុល្លារ។ សំណុំ​រឿង​នេះ ជា​សំណុំ​រឿង​ដែល​កប់​បាត់​ជិត​១​ឆ្នាំ​មក​ហើយ បន្ទាប់​ពី​ក្រសួង​មហាផ្ទៃ បាន​ស្រាវជ្រាវ​និង​បញ្ជាក់​អត្តសញ្ញាណ​ជន​សង្ស័យ​សុទ្ធសឹង​ជា​មេគ្រាក់ៗ​របស់​ក្រុមហ៊ុន EBC។ ក្រុមហ៊ុន​នេះ បាន​ប្រើប្រាស់​យុទ្ធសាស្ត្រ​ផ្តល់​ព័ត៌មាន​បោកប្រាស់​ជា​ប្រព័ន្ធ​តែ​ម្តង។

  • ដំបូង ក្រុមហ៊ុន​នេះ បាន​​បង្កើត​ក្រុមហ៊ុន​មេ​មួយ និង​អង្គការ​ចំនួន​២ ដើម្បី​បង្កើន​ទំនុក​ចិត្ត​ផ្លូវ​ច្បាប់។ ទាំងក្រុមហ៊ុនទាំងអង្គការសុទ្ធសឹងតែមានអាជ្ញាប័ណ្ណត្រឹមត្រូវពីក្រសួង​មហាផ្ទៃ។ ថ្នាក់ដឹកនាំ​របស់​ក្រុមហ៊ុន​នេះ ក៏​បាន​​ចូលរួម​កិច្ច​ពិភាក្សា​ជជែក​ដេញដោល​ពី​វិស័យ​ជំនួញ​របស់​ទូរទស្សន៍​ក្នុង​ស្រុក​ជា​ញឹក​ញាប់។

បន្ទាប់​មក បុគ្គលិក​ក្រុមហ៊ុន​នេះ ​យក​រូបភាព​វីដេអូ​ដែល​ទូរទស្សន៍​ល្បីៗ​ក្នុង​ស្រុក​សម្ភាសន៍​មេ​របស់​ខ្លួន​នោះ ទៅ​បង្ហាញ​អ្នក​ភូមិ​ដើម្បី​ឱ្យ​អ្នក​ភូមិ​ងាយ​ជឿ​ទុក​ចិត្ត។ មេៗ​របស់​ក្រុមហ៊ុន​នេះ បាន​ព្យាយាម​ជួយ​ការងារ​សង្គម​ផ្សេងៗ​ដើម្បី​​បាន​ទទួល​មេដាយ​ពី​មន្ត្រី​ជាន់​ខ្ពស់​រាជ​រដ្ឋាភិបាល​និង​ថតរូប​ជាមួយ​មន្ត្រី​ជាន់​ខ្ពស់​រាជ​រដ្ឋាភិបាល ដើម្បី​ងាយ​ស្រួល​យក​ជា​ទី​អាង។

  • បន្ទាប់​មក​ទៀត ក្រុមហ៊ុន​នេះ ក៏​បាន​ជួល​ម៉ោង​ផ្សាយ​តាម​វិទ្យុ​នានា​ក្នុង​ខេត្ត​គោលដៅ​មួយ​ចំនួន រួមមាន បាត់ដំបង ​បន្ទាយមានជ័យ កំពង់ឆ្នាំង ពី​សេវាកម្ម​របស់​ខ្លួន។ ពួកគេ​ជួល​វិទ្យុ​ណា​ដែល​មាន​អ្នក​ស្តាប់​ច្រើន​បំផុត​ក្នុង​ខេត្ត រក​មនុស្ស​ដែល​ពូកែ​វោហារ​បញ្ចុះ​បញ្ចូល​ពី​វិធី​ចំណេញ​ប្រាក់​ងាយៗ។ ពួកគេ​ឃោសនា​ឱ្យ​ពលរដ្ឋ ទៅ​ខ្ចី​លុយ​ស្ថាប័ន​មីក្រូ​ហិរញ្ញវត្ថុ​ឬ​ធនាគារ​ដើម្បី​ដាក់​ហ៊ុន​រកស៊ី​ថែម​ទៀត។ គេ​ពន្យល់​ច្បាស់ៗ​ថា បើ​អ្នក​ភូមិ​អត់​លុយ​ក៏​អាច​វិនិយោគ​បាន​ដែរ គឺ​ពលរដ្ឋ​អាច​ខ្ចី​លុយ​ធនាគារ​ដែល​មាន​ការ​ប្រាក់​តែ ៣% យក​ទៅ​ដាក់​ហ៊ុន​បាន​ដល់​ទៅ ១០% ក្នុង​១​ខែ ចំណេញ​លើ​គោក។

នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ប្រជាពលរដ្ឋ​អ្នក​ចាញ់​បោក​គេ ដែល​បាន​ផ្តល់​បទសម្ភាសន៍​ឱ្យ​សារព័ត៌មាន​នា​ពេល​កន្លង​ទៅ។

  • យុទ្ធសាស្ត្រ​ផ្សាយ​ព័ត៌មាន​បោក​ប្រាស់​មួយ​ទៀត គឺ​ភ្នាក់ងារ​របស់​ក្រុមហ៊ុន​នេះ​ចុះ​ទៅ​ពន្យល់​ពលរដ្ឋ​ដល់​ផ្ទះ​តែ​ម្តង។ ពួកគេ​ប្រសប់​បោក ពួកគេ​យក​ទាំង​ឯកសារ រូបភាព ទាំង​សំឡេង​ ទាំង​វីដេអូ  ដែល​មេ​គេ​ឡើង​និយាយ​តាម​ទូរទស្សន៍  ទាំងលុយទាំងសម្លៀកបំពាក់ហ៊ឺហារទៅពង្វក់អ្នកភូមិដល់ក្នុងផ្ទះ ។ ទៅម្តងមិនបានគេទៅជារឿយៗរហូតមានអ្នកចាប់ផ្តើមសាកល្បង វិនិយោគ។ 

នៅដំណាក់កាល​ដំបូង គេ​បាន​ផ្តល់​​ភាគលាភ​ជូន​អ្នក​ដាក់​ហ៊ុន​វិញ​តាម​ការ​សន្យា លើ​អត្រា​ការ​ប្រាក់១០% ជា​បន្ត​បន្ទាប់ រហូត​អ្នក​ភូមិ​ខ្សឹប​ផ្សាយ​ព័ត៌មាន​បោក​នេះ​តៗ​គ្នា មាន​អ្នក​ចូល​ហ៊ុន​កាន់​តែ​ច្រើន​ឡើងៗ គឺ​បោក​យក​តែ​ម្តង។ សរុប ព័ត៌មាន​បោក​ប្រាស់​ដែល​ EBC ប្រើ​បោក​នេះ នៅ​តែ​បង្ក​ផល​ប៉ះពាល់​ធំ​ធេង​ណាស់​ចំពោះ​ពលរដ្ឋ។ ពលរដ្ឋ​ខ្លះ​រត់​ចោល​ស្រុក លក់​កេរ​អាករ​អស់​ដើម្បី​សង​បំណុល​ធនាគារ​មិន​ទាន់​រួច​នៅ​ឡើយ។

២. ករណី​ផ្អើល​ទិញ​ដី​នៅ​ស្រុក​កណ្ដាល​ស្ទឹង ខេត្ត​កណ្តាល។ អ្នក​ណាៗ​ក៏​ឃើញ​ព័ត៌មាន​ដែល​គេហ​ទំព័រ​សារព័ត៌មាន​ល្បីៗ​ក្នុង​ស្រុក​ដូច​ជា គេហ​ទំព័រ សប្បាយ ហ្វ្រេសញូវស៍ ទូរទស្សន៍ BTV ហង្សមាស ផ្សាយ​ស្រង់​សម្តី​មន្ត្រី​រាជ​រដ្ឋាភិបាល​ពី​គម្រោង​អភិវឌ្ឍន៍​អាកាស​យាន​ដ្ឋាន​អន្តរជាតិ​ថ្មី នៅ​ស្រុក​កណ្ដាល​ស្ទឹង ខេត្ត​កណ្តាល។ ព័ត៌មាន​នេះ​បាន​រុញ តម្លៃ​ដី​នៅ​ស្រុក​កណ្ដាល​ស្ទឹង​ឱ្យ​ឡើង​យ៉ាង​គំហុក។ ដី​នៅ​ទីនោះ កាលពី​ឆ្នាំ​២០១៧ មួយ​ការ៉េ​ត្រឹម​៥$ ស្រាប់​តែ​ឡើង​ដល់​មួយ​ការ៉េ​ចាប់​ពី​២៥$ ទៅ ១០០$។ ប្រហែល​ជា ៣ ទៅ ៥​ខែ ក្រោយ​មក សារព័ត៌មាន​ដែល​ធ្លាប់​ផ្សាយ​ពី​មុន​នោះ បាន​ផ្សាយ​វិញ​ថា គម្រោង​នេះ​បាន​ផ្អាក​ហើយ។ 

ថ្វីត្បិត​តែ​គេ​មិន​ទាន់ មាន​តួលេខ​ពី​ចំនួន​ទឹក​ប្រាក់​ដែល​កប់​ក្នុង​តម្លៃ​ដី​នៅ​ស្រុក​កណ្ដាល​ស្ទឹង ប៉ុន្តែ អ្នក​ជំនាញ​អចលនទ្រព្យ​សន្និដ្ឋាន​ថា លុយ​មិន​តិច​ជាង​ខ្ទង់​រយ​លាន​ដុល្លារ​ទេ ដែល​ត្រូវ​គេ​យក​ទៅ​ទិញ​ដី​ទុក​លក់​ឱ្យ​ចិន​ក្នុង​ស្រុក​កណ្ដាល​ស្ទឹង។ នេះ​បើ​គេ​យក​ទំហំ​ដី​ដែល​លក់​រួច​គុណ​នឹង​តម្លៃ​ដី​ក្នុង​១​ម៉ែត្រ​ការ៉េ​នោះ។  អ្នក​ចំណេញ​ជាង​គេ​ក្នុង​ការ​ផ្សាយ​ព័ត៌មាន​មិន​ពិ​ត​រឿង​អាកាស​យានដ្ឋាន​នៅ​កណ្ដាល​ស្ទឹង​នេះ គឺ​អ្នក​ដែល​លក់​ដី​ចេញ​បាន​ច្រើន​ជាង​គេ។

ទាក់ទង​នឹង​ឥទ្ធិពល​ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា​នេះ សាស្ត្រាចារ្យ​សកលវិទ្យាល័យ​មួយ​នៅ​សហរដ្ឋ​អាមេរិក អ្នកស្រី Maggie FARLEY បញ្ជាក់​ពន្យល់​ថា ព័ត៌មាន​ក្លែង​ក្លាយ​ជា​បញ្ហា​ប្រឈម​មួយ​ដែល​ពលរដ្ឋ​នៅ​លើ​ពិភពលោក​កំពុង​ជួប។ ព័ត៌មាន​ក្លែងក្លាយ​ទាំង​នេះ​កាន់​តែ​មាន​ឥទ្ធិពល​ខ្លាំង​នៅ​ពេល​ដែល​ពលរដ្ឋ​ប្រើ​បណ្ដាញ​សង្គម​កាន់​តែ​ច្រើន។

អ្នកស្រី​បន្ថែម ៖ «នៅ​កម្ពុជា ពលរដ្ឋ​រង​គ្រោះ​ព្រោះ​ខ្វះ​ព័តមាន​ពិត ពួកគាត់​តែង​ទទួល​ព័ត៌មាន​ប្រជាភិថុត ឬ​ឃោសនា ឧទាហរណ៍ ចាញ់​បោក​ឈ្មួញ​ពុះ​ដី​ឡូត៍​លក់​ជាដើម។ មាន​តែ​អ្នក​កាសែត​អាជីព​វិជ្ជាជីវៈ ស្ថាប័ន​កាសែត​ប៉ុណ្ណោះ​ ដែល​មាន​លទ្ធភាព​ផ្ទៀងផ្ទាត់​រាល់​ព័ត៌មាន​ទាំង​អស់​ដែល​ផ្សាយ​ចេញ​មក​ធ្វើ​ឱ្យ​ជ្រួល​ជ្រើម​ដល់​ស្រទាប់​មហាជន។ បើ​អ្នក​កាសែត​អាច​ធ្វើការ​ដោយ​វិជ្ជាជីវៈ​បាន នោះ​ឥទ្ធិពល​អវិជ្ជមាន​របស់​ព័ត៌មាន​ក្លែងក្លាយ​នឹង​ត្រូវ​បាន​កាត់​បន្ថយ»។

ក្នុង​ឆ្នាំ​២០១៨​នេះ រាជ​រដ្ឋាភិបាល​កម្ពុជា បាន​បង្កើត​គណៈកម្មាធិការ​ដើម្បី​ទប់​ស្កាត់​ព័ត៌មាន​ក្លែងក្លាយ​រួច​ហើយ​ដែរ ដោយ​មាន​សមាសភាព​ពី​ក្រសួង​ចំនួន​៣​ចូលរួម គឺ ក្រសួង​ព័ត៌មាន ក្រសួង​មហាផ្ទៃ និង ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍។

ទោះ​ជា​យ៉ាង​ណា​ក្ដី ក្រសួង​ទាំង​បី​នេះ​ទំនង​ជា​បំពេញ​ការងារ​ឈាន​ទៅ​បោស​សម្អាត​ព័ត៌មាន​ក្លែងក្លាយ​ខាង​ផ្នែក​នយោបាយ​ច្រើន​ជាង​ព័ត៌មាន​ក្លែង​ក្លាយ​ខាង​ផ្នែក​សេដ្ឋកិច្ច។ គេ​សង្កើត​ឃើញ​ថា ឈ្មួញ​ខិល​ខូច​ច្រើន​ប្រើ​ព័ត៌មាន​ក្លែងក្លាយ​ដើម្បី​បោក​ពលរដ្ឋ ដូចជា ករណី​បោក​ថា រក​ការងារ​ឱ្យ​ធ្វើ​នៅ​ក្រៅ​ប្រទេស (ថៃ ជប៉ុន កូរ៉េ អារ៉ាប់ ម៉ាឡេស៊ី) ឃោសនា​ពី​ជំនួញ​ងាយ​ចំណេញ​ប្រាក់ ឃោសនា​លក់​ឱសថ​ព្យាបាល​រោគ (ករណី​ថ្នាំ​ចង្អុល​មេឃ) ឃោសនា​លក់​ផលិតផល​ក្លែង​ក្លាយ ឃោសនា​ឱ្យ​ពលរដ្ឋ​ចាប់​ដី​ព្រៃ​កាប់​ឆ្ការ​ព្រៃ។ល។ ឈ្មួញ​ទុច្ចរិត​ទាំង​នោះ និយម​ប្រើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក និង​ចុះ​ទៅ​បោក​ពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​ដល់​ខ្នង​ផ្ទះតែម្ដង៕




អត្ថបទបន្ទាប់


ហាងលក់រាយខ្នាតយក្សអាមេរិក Sears ប្រកាសក្ស័យធន ដោយបន្សល់នូវបំណុលរាប់ពាន់លានដុល្លារ

ព័ត៌មាន
ក្រុមហ៊ុន Sears Holdings Corp ដែលមានប្រតិបត្តិការអាជីវកម្មហាងលក់រាយដ៏ធំនៅរាប់រយសាខានៅសហអាមេរិក បានប្រកាសក្ស័យធនហើយ កាលពីពេលពាក់ក...

រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ចោទ​ចិន​ថា "សូក​ប៉ាន់"​មេដឹកនាំ​ប្រទេស​នានា​ដោយ​"លុយ​វិនិយោគ"

ព័ត៌មាន
ខណៈ​ដែល​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​សហរដ្ឋ​អាមេរិក និង​មហាយក្ស​អាស៊ី ចិន នៅតែ​បន្ត និង​ហាក់​គ្មាន​សញ្ញា​នៃ​ភាពធូរស្រាល​នៅឡើយ ការឆ្លង​ឆ្ល...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ