មែនទែនទៅ ការប្រកាសនេះគឺជាការដើរមួយជំហានថ្មីរបស់រដ្ឋាភិបាលហូឡង់ ដោយខ្លួនមើលឃើញថាជាការមួយដ៏សំខាន់ និងចាំបាច់ក្នុងការធ្វើបែបនេះ ក្រោយមានការជំរុញពីសំណាក់ទីក្រុងវ៉ាស៊ីនតោន ដើម្បីដាក់កំហិតឱ្យកាន់តែតឹងរ៉ឹងទៅលើការអភិវឌ្ឍវិស័យយោធារបស់ចិនដោយប្រើប្រាស់បន្ទះឈីបដ៏ទំនើបរបស់ខ្លួននោះ។
គួរជម្រាបថា កាលពីខែតុលាឆ្នាំមុនសហរដ្ឋអាមេរិកបានធ្វើការដាក់សម្ពាធក្នុងការនាំចេញគ្រឿងបង្គុំ នៃបន្ទះឈីបទៅចិន ទោះយ៉ាងណាការធ្វើបែបនេះហាក់មិនទទួលបាននូវផ្លែផ្កា និងប្រសិទ្ធភាពណាស់ណាទេ ប្រសិនបើសម្ព័ន្ធមិត្តធំៗរបស់អាមេរិកឯទៀតដូចជាជប៉ុន និងហូឡង់ដែលជាអ្នកផ្គត់ផ្គង់បន្ទះឈីបដ៏ធំរបស់ចិនដែរនោះ មិនព្រមពួតដៃគ្នាជាមួយខ្លួនដើម្បីធ្វើការងារលើរឿងនេះ។
បើតាមរដ្ឋមន្ត្រីពាណិជ្ជកម្មរបស់ហូឡង់លោកស្រី លីហ្សេ ជ្រីនីម៉ាឆឺ (Liesje Schreinemacher) បានធ្វើការសម្រេចចិត្តប្រកាសនៅក្នុងលិខិតមួយទៅកាន់សភារបស់ខ្លួន ដោយនិយាយថា ការរឹតបន្តឹងអាចនឹងត្រូវធ្វើឡើងនៅខែកញ្ញាក្នុងរដូវក្តៅខាងមុខនេះ។ ទោះយ៉ាងណា ក្នុងលិខិតរបស់លោកស្រីរដ្ឋមន្ត្រីពាណិជ្ជកម្មរបស់ហូឡង់ ផ្ញើទៅកាន់សភានោះ មិនបានលើកឡើងពីឈ្មោះប្រទេសចិន ក៏ដូចជាក្រុមហ៊ុន ASML ដែលជាក្រុមហ៊ុនផលិតបន្ទះឈីបដ៏ធំបំផុតនៃតំបន់អឺរ៉ុប និងជាអ្នកផ្គត់ផ្គង់គ្រឿងបង្គំសៀគ្វី បន្ទះឈីប ដ៏សំខាន់របស់ចិននោះដែរ ប៉ុន្តែគ្រាន់តែបង្ហើបថា ក្រុមហ៊ុនផលិតបន្ទះឈីបរបស់ខ្លួនមួយនឹងត្រូវអនុវត្តតាមការរឹតបន្តឹងនៃច្បាប់។
លើសពីនោះទៅទៀត លិខិតដែលស្នើនោះក៏បានលើកឡើងពីគោលបំណងនៃការរឹតបន្ដឹង គឺចាំបាច់ត្រូវការពារសន្តិសុខជាតិ ព្រោះបន្ទះឈីបទាំងនោះមានល្បឿនមួយដ៏ អស្ចារ្យ ពោលគឺបារម្ភថា ទីក្រុងប៉េកាំងយកវាទៅប្រើប្រាស់លើបច្ចេកវិទ្យាយោធា។
ទោះបីយ៉ាងណាក៏ដោយ ក្រុមហ៊ុនរបស់ហូឡង់ ASML ដែលជាអ្នកផ្គត់ផ្គង់បន្ទះឈីបដ៏សំខាន់របស់ចិននៅក្នុងឆ្នាំ២០២៣នេះ ត្រូវបានរំពឹងថានឹងនៅតែរក្សាបាននៅកំណើននៃការលក់ខ្ពស់ដដែល គិតជាទឹកប្រាក់មានប្រមាណជាង ២,៣ ពាន់លានដុល្លារ។ ក្នុងនោះ ក្រុមហ៊ុននេះក៏ជាអ្នកបំពេញតម្រូវការដ៏ធំរបស់ក្រុមហ៊ុនបន្ទះឈីបតៃវ៉ាន់ដែលមានឈ្មោះថា TSMC និងក្រុមហ៊ុន Intel របស់សហរដ្ឋអាមេរិកដែរ៕