សេដ្ឋកិច្ចវៀតណាម

រំហូរទុនវិនិយោគបរទេសថ្មីៗចូលវៀតណាម កើន៥៤%នៅ១០ខែឆ្នាំនេះ


អាជ្ញាធរវៀតណាម បានបង្ហាញនូវកំណត់ត្រានៃកំណើនដ៏វិជ្ជមានចំពោះសេដ្ឋកិច្ច ដោយនៅក្នុងរយៈពេល១០ខែ ឆ្នាំ២០២៣ ខ្លួនបានទាក់ទាញវិនិយោគទុនបរទេសមានតម្លៃដល់ទៅជាង១៥ពាន់លានដុល្លារកើនឡើង៥៤ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ តួរលេខនេះជាកំណត់ត្រាខ្ពស់បំផុត ដែលប្រជាជាតិជាង១០០លាននាក់មួយនេះសម្រេចបាន ចាប់តាំងពីរងសម្ពាធនៃការធ្លាក់ចុះសេដ្ឋកិច្ច ដោយសារតែវិបត្តិកូវីដ-១៩ និងបញ្ហាសកលជាបន្តបន្ទាប់។
សេដ្ឋកិច្ចវៀតណាម
ដោយ

សារព័ត៌មាន Vietnam News បានរាយការណ៍ថា នៅក្នុងរយៈពេល១០ខែឆ្នាំនេះ វៀតណាមអាចទាក់ទាញគម្រោងវិនិយោគបរទេសថ្មីៗរហូតដល់ជាង២ពាន់៦រយគម្រោង កើនឡើង៦៦ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

គម្រោងវិនិយោគបរទេសថ្មីៗទាំងនេះបានទាក់ទាញទុនវិនិយោគមានតម្លៃជាង១៥ពាន់លានដុល្លារចូលក្នុងប្រទេសមួយនេះ មានការកើនឡើង៥៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

នៅក្នុងរយៈពេលដូចគ្នានេះវៀតណាមទទួលបានលំហូរមូលនិធិវិនិយោគបរទេសសរុបជិត២៦ពាន់លានដុល្លារ កើនឡើងជិត១៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ក្នុងនោះទុនវិនិយោគជាង១៥ពាន់លានដុល្លារ ត្រូវបានចូលតាមរយៈគម្រោងថ្មីៗ ហើយក្រៅពីនេះត្រូវបានហូរចូលតាមរយៈគម្រោងដែលមានស្រាប់។

បើតាមទីភ្នាក់ងារវិនិយោគទុនបរទេស ក្នុងចំណោមលំហូរទុនវិនិយោគបរទេសសរុប ភាគច្រើនត្រូវបានចាក់បញ្ចូលទៅក្នុងវិស័យឧស្សាហកម្មកែច្នៃ និងផលិតកម្ម ដែលមានគម្រោងថ្មីដល់ទៅជិត៣៣% នៃគម្រោងសរុប ហើយបន្ទាប់មកគឺនៅក្នុងវិស័យសេវាកម្ម និងការលក់ទំនិញ។

បច្ចុប្បន្នដៃគូវិនិយោគធំៗរបស់វៀតណាម រួមមាន សិង្ហបុរី កូរ៉េខាងត្បូង ហុងកុង កោះតៃវ៉ាន់ ជប៉ុន និងចិន។ ស្ថិតិបានបង្ហាញថា ទំហំវិនិយោគសរុបរបស់វិនិយោគទុនទាំងនេះបានរួមចំណែកជិត៨២ភាគរយនៃទុនវិនិយោគសរុបរបស់វៀតណាម ចាប់ពីខែមករា ដល់ខែតុលា។

ក្នុងចំណោមអ្នកវិនិយោគទាំងនេះ វិនិយោគទុនមកពីប្រទេសសិង្ហបុរី ជាប់ចំណាត់ថ្នាក់លេខមួយ ដែលមានទឹកប្រាក់ជិត៥ពាន់លានដុល្លារ ឫស្មើនឹង១៨% នៃគម្រោងវិនិយោគសរុប ដែលតាមពីក្រោយដោយវិនិយោគទុនកូរ៉េខាងត្បូង ជាមួយទុនវិនិយោគជិត៤ពាន់លានដុល្លារ ឬស្មើនឹង១៥% និងហុងកុងជាង៣ពាន់លានដុល្លារ ឬជិត១៤%នៃគម្រោងវិនិយោគសរុប។

ខេត្តដែលទាក់ទាញគម្រោងវិនិយោគបានច្រើនជាងគេ គឺខេត្តក្វាងនិញ ដោយទទួលទឹកប្រាក់វិនិយោគជាង៣ពាន់លានដុល្លារ ឬស្មើនឹងជិត១២%នៃទុនវិនិយោគសរុប ខណៈទីក្រុងហៃផុង ឈរលេខរៀងទី២ មានទឹកប្រាក់ជិត៣ពាន់លានដុល្លារ ស្មើនឹងជិត១១% បន្ទាប់មកគឺនៅទីក្រុងហាណូយ ទីក្រុងហូជីមិញ និងខេត្តបាកយ៉ាង។

ក្នុងជំនួបជាមួយអ្នកវិនិយោគបរទេសនៅទីក្រុងហាណូយ ក្នុងខែនេះ លោក ផាម មិញជិញ នាយករដ្ឋមន្ត្រីវៀតណាម បានគួសបញ្ជាក់ថា វៀតណាមនឹងបន្តកសាងបរិយាកាសធុរកិច្ច និងវិនិយោគប្រកបដោយសុវត្ថិភាព តម្លាភាព និងប្រកួតប្រជែងខ្ពស់ ផ្តល់លទ្ធភាពឱ្យធុរកិច្ច និងវិនិយោគិនរួមទាំងបរទេសធ្វើប្រតិបត្តិការក្នុងរយៈពេលវែងនៅក្នុងប្រទេស។

ទន្ទឹមនឹងនេះ លោកនាយករដ្ឋមន្ត្រីវៀតណាម បានស្នើឱ្យអាជ្ញាធរគ្រប់កម្រិត បន្តអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគោលនយោបាយ និងច្បាប់ទាក់ទងនឹងការកែលម្អបរិយាកាសវិនិយោគ និងធុរកិច្ច ក៏ដូចជាពិនិត្យ កែសម្រួល និងបន្ថែមគោលនយោបាយសហប្រតិបត្តិការបរទេសឱ្យសមស្របទៅនឹងការពិត ព្រមទាំងស្តាប់គំនិតរបស់ធុរកិច្ច និងវិនិយោគិនជាតិ និងអន្តរជាតិ ដើម្បីដោះស្រាយរាល់បញ្ហាដែលកើតឡើង។

បន្ថែមលើនេះ លោក ស្នើឱ្យសហគមន៍ធុរកិច្ចបន្តកសាងយុទ្ធសាស្រ្តអាជីវកម្មរយៈពេលវែង និរន្តរភាព បរិស្ថាន កំណែទម្រង់ផលិតកម្ម និងគំរូអាជីវកម្មឆ្ពោះទៅរកសេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចឌីជីថល និងការឆ្លើយតបទៅនឹងការប្រែប្រួ​លអាកាសធាតុ៕

ដោយៈ សរ សុជាតិ

None



អត្ថបទបន្ទាប់


អ្នកជំនាញនិយាយថា ភាពតានតឹងនៅមជ្ឈិមបូព៌ាបានគំរាមកំហែងដល់សន្តិសុខនៅតំបន់អាស៊ី

ការប៉ះទង្គិចគ្នារវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាស ប៉ាឡេស្ទីន បានធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ពិភពលោកមួយទៀត ខណៈដែលពិភពលោកកំពុងប្…

តើអ្វីនៅពីក្រោយការដាក់កូនស្រីរបស់លោក ថាក់ស៊ីន ជាមេដឹកនាំបក្សកាន់អំណាចរបស់ថៃ?

លោកស្រី ផៃថងថាន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) វ័យ៣៧ឆ្នាំ ដែលជាកូនស្រីអតីតនាយករដ្ឋមន្រ្តីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានក្លាយ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ