ប្រទេសថៃ

វិស័យឯកជនសង្ឃឹមថា រដ្ឋាភិបាលថ្មីរបស់ថៃនឹងរក្សាគម្រោងអភិវឌ្ឍន៍ច្រករបៀងសេដ្ឋកិច្ចបូព៌ា


វិស័យឯកជននៅក្នុងប្រទេសថៃចង់ឲ្យរដ្ឋាភិបាលថ្មីក្រោយការបោះឆ្នោតកាលពីខែឧសភា បន្តគាំទ្រគម្រោងអភិវឌ្ឍន៍ច្រករបៀងសេដ្ឋកិច្ចបូព៌ាដែលមានតម្លៃប្រមាណជា ៤៣ ពាន់លានដុល្លារ អនុម័តដោយរដ្ឋាភិបាលចាស់។ ច្រករបៀងសេដ្ឋកិច្ចបូព៌ានេះ ជាគម្រោងអភិវឌ្ឍន៍ដែលមានវិសាលភាពគ្របដណ្តប់នៅលើផ្ទៃដីសរុបជាង ១ ម៉ឺន ៣ ពាន់គីឡូម៉ែត្រការ៉េ ហើយនៅក្បែរប្រទេសកម្ពុជា។
ធុរជនថៃចង់ឲ្យរដ្ឋាភិបាលថ្មីបន្តគាំទ្រគម្រោងអភិវឌ្ឍន៍ច្រករបៀងសេដ្ឋកិច្ចបូព៌ា

លោក ចារីផន ចារូកនសាគុល (Jareeporn Jarukornsakul) នាយកប្រតិបត្តិនៃគម្រោងការអភិវឌ្ឍន៍ច្រករបៀងសេដ្ឋកិច្ចបូព៌ានេះ បានប្រាប់សារព័ត៌មាន The Nation ថា ការអភិវឌ្ឍច្រករបៀងសេដ្ឋកិច្ចបូព៌ា ដែលជាមហិច្ឆតាសំខាន់របស់រដ្ឋាភិបាលមុន គួរតែត្រូវបានរក្សាទុកដោយរដ្ឋាភិបាលថ្មី។

លោកបានឱ្យដឹងថា គម្រោងអភិវឌ្ឍន៍ច្រករបៀងសេដ្ឋកិច្ចបូព៌ាត្រូវបានដាក់ឱ្យដំណើរការក្រោមច្បាប់មួយក្នុងឆ្នាំ ២០១៨។ គម្រោងនេះមានហេដ្ឋារចនាសម្ព័ន្ធធំៗ ដូចជាផ្លូវដែកល្បឿនលឿន ដែលតភ្ជាប់រវាងព្រលានយន្តហោះ មជ្ឈមណ្ឌលអាកាសចរណ៍ និងកំពង់ផែជាដើម។

លោក ចារីផន បាននិយាយទៀតថា រដ្ឋាភិបាលថ្មីគួរតែចាត់វិធានការត្រឹមត្រូវ ដើម្បីរក្សាទំនុកចិត្តអ្នកវិនិយោគ ព្រមទាំងរក្សាគោលនយោបាយ និងបេសកកម្មរបស់គម្រោងឱ្យនៅគង់វង្ស។

លោកបានអះអាងថា គម្រោងអភិវឌ្ឍន៍ច្រករបៀងសេដ្ឋកិច្ចបូព៌ា នឹងក្លាយជាតំបន់ពាណិជ្ជកម្មយុទ្ធសាស្ត្រនិងជាមជ្ឈមណ្ឌលវិនិយោគសម្រាប់ប្រទេសថៃ ព្រោះគម្រោងនេះបានរិះគិតដល់ តំណភ្ជាប់ជាមួយនឹងច្រករបៀងសេដ្ឋកិច្ចភាគខាងត្បូង ក៏ដូចជាជាមួយឈូងសមុទ្រថៃ និងសមុទ្រ អានដាម៉ាន ផងដែរ។

ទន្ទឹមនឹងនេះ លោក ណាតាសិទ្ធ ឌីគុល ( Nathasit Diskul) នាយកប្រតិបត្តិនៃក្រុមហ៊ុនសេវាឥន្ធនៈអាកាសចរណ៍បាងកក (Bangkok Aviation Fuel Services) បាននិយាយថា គម្រោងអភិវឌ្ឍន៍ច្រករបៀងសេដ្ឋកិច្ចបូព៌ា មានសារៈសំខាន់ចំពោះគម្រោងអភិវឌ្ឍន៍នាពេលអនាគតរបស់ប្រទេសថៃ និងចំពោះការទាក់ទាញអ្នកវិនិយោគបរទេស។

លោកបាននិយាយថា ប្រទេសថៃបានបង្ហាញពីសក្តានុពលដ៏អស្ចារ្យនៅក្នុងឧស្សាហកម្មជីវបច្ចេកវិទ្យា និងឱសថ ក៏ដូចជាការឈានមុខគេ ក្នុងការផលិតជីវឥន្ធនៈ ដោយសារភាពងាយស្រួលនៃប្រភពកសិកម្មដូចជាអំពៅ និងការដាំដុះដូងប្រេង។

លោកបានបន្ថែមថា ការអភិវឌ្ឍប្រព័ន្ធសេវាឥន្ធនៈអាកាសចរណ៍ ក៏ដូចជាអាកាសយានដ្ឋាន យូតាប៉ាវ ( U-Tapao) និងទីក្រុងអាកាសចរណ៍ភាគខាងកើត កំពុងរីកចម្រើនជាលំដាប់។

សូមរំលេចថា គម្រោងអភិវឌ្ឍន៍ច្រករបៀងសេដ្ឋកិច្ចបូព៌ា ត្រូវបានអនុម័តគាំទ្រដោយសភាថៃកាលពីថ្ងៃទី ០១ ខែ កុម្ភៈ ឆ្នាំ២០១៨ ដើម្បីលើកកំពស់ការតភ្ជាប់និងជំរុញសក្តានុពលសេដ្ឋកិច្ចជាមួយតំបន់សេដ្ឋកិច្ចអាស៊ាន។ គម្រោងនេះលាតសន្ធឹងលើខេត្តបី គឺ ជុនបូរី រ៉ាយ៉ង និង ចាជើងសៅ ដោយមានទំហំរហូតដល់ជាង ១ ម៉ឺន ៣ ពាន់គីឡូម៉ែត្រក្រឡា។ គម្រោងអភិវឌ្ឍន៍ច្រករបៀបសេដ្ឋកិច្ចបូព៌ា ដែលស្ថិតនៅមិនឆ្ងាយប៉ុន្មានពីប្រទេសកម្ពុជា មានតម្លៃសរុបប្រហែល ៤៣ ពាន់លានដុល្លារ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ជោគជ័យលើការធ្វើតេស្តបច្ចេកទេសហោះហើរសាកល្បងលើកទី២របស់ខ្លួន

មន្ត្រីជាន់ខ្ពស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល អះអាងថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដែលត្រៀមដាក់ឱ្យដំណើរការនៅអំឡុងពាក់កណ្តាលខែត…

រដ្ឋមន្ត្រីការបរទេសគ្រោងនឹងធ្វើដំណើរទៅប្រទេសចិនក្នុងប៉ុន្មានសប្តាហ៍ទៀត

មន្ត្រីអាមេរិកដែលសុំមិនបញ្ចេញឈ្មោះ បានប្រាប់ទីភ្នាក់ងាររ៉យទ័រកាលពីថ្ងៃអង្គារ ទី ៦ មិថុនា ថា រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក អាន់តូន…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ