ព្រលានយន្តហោះសៀមរាបថ្មី

ព្រលានយន្តហោះសៀមរាបថ្មីបើកឲ្យហោះហើរមិនគិតថ្លៃ១០ថ្ងៃ មុននឹងដាក់ឲ្យប្រើជាផ្លូវការ


ដូចការគ្រោងទុក អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី ដែលមានតម្លៃវិនិយោគជាង ១ពាន់លានដុល្លារអាមេរិក នឹងដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃ១៦ ខែតុលា ឆ្នាំ២០២៣ ខាងមុខ ក្រោយពីបានបញ្ចប់ការសាងសង់១០០%។ មុនដាក់ឲ្យប្រើប្រាស់ជាផ្លូវការ១០ថ្ងៃ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នឹងរៀបចំឲ្យមានជើងហោះហើរសាកល្បងមួយចំនួនតាមការចាំបាច់ ដោយមិនគិតថ្លៃជូនអ្នកដំណើរផងដែរ ពោលចាប់ពីថ្ងៃទី៥ ខែតុលា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣។
ព្រលានយន្តហោះសៀមរាបថ្មីនឹងដាក់ឲ្យប្រើជាផ្លូវការនៅថ្ងៃទី១៦ តុលា
ដោយ

អ្នកជំនាញក្នុងវិស័យឧស្សាហកម្មទេសចរណ៍ បានចាត់ទុកអាកាសយានដ្ឋានអន្តរជាតិថ្មីនេះ គឺជាសមិទ្ធិផលថ្មីសម្រាប់លើកកម្ពស់វិស័យទេសចរណ៍កម្ពុជាឲ្យកាន់តែប្រសើរឡើងថែមមួយកម្រិតទៀត។

លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជានៅក្នុងបទសម្ភាសន៍​ជាមួយសារព័ត៌មានឌីជីថលខេមបូណូមីសបានគូសបញ្ជាក់ថា ការដាក់ឲ្យដំណើរការ​អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី នៅអំឡុងខែតុលា ខាងមុខ វាជារឿងដ៏ល្អមួយ សម្រាប់កម្ពុជា ដែលនឹងមានព្រលានយន្តហោះខ្នាតអន្តរជាតិ មានសមត្ថភាពអាចឲ្យយន្តហោះធុនធំអន្តរទ្វីប​ចុះចតបាន។ សម្រាប់លោកព្រលានយន្តហោះនេះ គឺជាសមិទ្ធិផលថ្មីមួយបន្ថែមទៀតរបស់កម្ពុជា ជាពិសេសសម្រាប់វិស័យទេសចរណ៍ផ្ទាល់តែម្ដង។ ប៉ុន្តែអ្នកជំនាញរូបនេះយល់ឃើញថា បើទោះបីកម្ពុជាមានអាកាសយានដ្ឋាន និងតំបន់ទេសចរណ៍ល្អ ក៏ពិតមែន តែមិនប្រាកដថា អាចទាក់ទាញក្រុមហ៊ុនអាកាសចរណ៍ និងភ្ញៀវទេសចរអន្តរជាតិ នៅតាមប្រទេសធំៗឲ្យចូលមកកម្ពុជានោះដែរ។

ពាក់ព័ន្ធបញ្ហានេះលោកបានពន្យល់ថា ដើម្បីឲ្យកម្ពុជាអាចបង្កើនការទាក់ទាញភ្ញៀវទេសចរអន្តរជាតិបាន រាជរដ្ឋាភិបាល និងក្រសួងស្ថាប័នពាក់ព័ន្ធគួរសិក្សាពីគោលនយោបាយឲ្យបានស៊ីជម្រៅបន្ថែមទៀត។ លើសពីនេះរាល់ក្រុមហ៊ុនអាកាសចរណ៍គួរមានការសម្រួលដល់អ្នកដំណើរ និងភ្ញៀវទេសចរដោយផ្ដោតសំខាន់លើការជំរុញឲ្យមានការហោះហើរចូលមកកម្ពុជាដោយផ្ទាល់ ដោយមិនចាំបាច់ពឹងផ្អែកលើប្រទេសជិតខាង។ សម្រាប់អ្នកជំនាញរូបនេះ ក្រុមហ៊ុនប្រតិបត្តិករតែមួយមុខគឺមិនគ្រប់គ្រាន់នោះទេ ក្នុងទាក់ទាញក្រុមហ៊ុនអាកាសចរណ៍ ក៏ដូចជាភ្ញៀវទេសចរអន្តរជាតិឲ្យចូលកមកម្ពុជា ពោលគឺទាមទារឲ្យមានការចូលរួមដាក់ចេញ​នូវគោលនយោបាយពីរាជរដ្ឋាភិបាល និងក្រសួងស្ថាប័នពាក់ព័ន្ធនានា។

សូមបញ្ជាក់ថា ព្រលានយន្តហោះសៀមរាបថ្មី ដែលមានទីតាំងស្ថិត នៅភូមិក្រៀលពង ឃុំពពេល និងភូមិប្រវ៉ាល ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាសម្រេចដាក់ឈ្មោះជាផ្លូវការថា «អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ»។ អាកាសយានដ្ឋានអន្តរជាតិនេះសាងសង់ក្រោមទម្រង់វិនិយោគ«សាងសង់-ធ្វើអាជីវកម្ម-ផ្ទេរ/BOT» ដែលជាការកសាងហេដ្ឋារចនាសម្ព័ន្ធថ្មីទាំងស្រុងលើផ្ទៃដី៧០០ហិកតា និងមានដីបម្រុងទុក១ពាន់ហិកតា សម្រាប់កសាងតំបន់សេដ្ឋកិច្ចពិសេស/តំបន់ឧស្សាហកម្មរណបឱ្យអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដែលអាចហៅថា«ទីក្រុងអាកាសយានដ្ឋាន/Airport City» នាពេលខាងមុខ។

តាមការវាយតម្លៃដំបូងកាលពីឆ្នាំ២០១៩ ព្រលានយន្តហោះនេះ គ្រោងចំណាយប្រមាណ ៨៨០លានដុល្លារអាមេរិក ប៉ុន្តែតម្រូវការទុនវិនិយោគនេះបានកើនឡើងដល់១ពាន់១រយលានដុល្លារអាមេរិកនៅឆ្នាំ២០២២។ ក្រោយបញ្ចប់ការសាងសង់ដំណាក់កាលទី១ ព្រលានយន្តហោះនេះ មានសមត្ថភាពអាចឲ្យយន្តហោះធុនធំ ដែលប្រើប្រាស់កូដអ៊ី ដូចជា A-340-300, A-350-900 និង B777 និង B747 ចុះចតបាន។ ព្រលានយន្តហោះនេះ មានចំណតយន្តហោះចំនួន ៣៨យន្តហោះ ដែលអាចទទួលអ្នកដំណើរបានពី ៧លាននាក់ ទៅជាង ១០លាននាក់ និងអាចទទួលជើងហោះហើរ ពីជិត ៦ម៉ឺនជើង ទៅជាង ៨ម៉ឺនជើង និងទំនិញពី ១ម៉ឺនតោន ក្នុង១ឆ្នាំ ទៅ ៣ម៉ឺនតោន ក្នុង១ឆ្នាំនៅត្រឹមឆ្នាំ២០៤០៕




អត្ថបទបន្ទាប់


អាមេរិកនឹងដាក់ពង្រាយនាវាឆ្មាំសមុទ្រទៅកាន់ ប្រទេសប៉ាពូអាស៊ីនូវែលហ្គីណេនៅខែក្រោយ

នៅក្នុងដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្រក្នុងនាមជារដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក ទៅកាន់ប្រទេសដែនកោះប៉ាស៊ីហ្វិកប៉ាពូអាស៊ីនូវែលហ្គីណេ នៅថ្ង…

ការនាំចេញកៅស៊ូកើនជាង ៤០%នៅឆមាសទី១ ប៉ុន្ដែតម្លៃធ្លាក់ចុះជាង ២រយដុល្លារក្នុង១តោន

ទោះបីស្ថានភាពសេដ្ឋកិច្ចពិភពលោកនៅមិនទាន់មានភាពច្បាស់លាស់ ដែលធ្វើឱ្យតម្រូវការទីផ្សារកៅស៊ូសកលធ្លាក់ចុះក្តី ប៉ុន្តែការនាំចេញកៅស៊ូ និងផលិតផល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ