រដ្ឋាភិបាលជប៉ុន បានកំណត់វិស័យទេសចរណ៍ជាក្បាលម៉ាស៊ីនជំរុញកំណើនសេដ្ឋកិច្ចថ្មី ខណៈឧស្សាហកម្មជាប្រពៃណីដូចជារថយន្ត អេឡិចត្រូនិក និងផលិតកម្មកំពុងប្រឈមនឹងការប្រកួតប្រជែងកាន់តែខ្លាំងពីប្រទេសចិន។ កាលពីអំឡុងឆ្នាំ២០២៥ ជប៉ុនទទួលបានភ្ញៀវទេសចរបរទេសជិត៤៣ លាននាក់ដែលជាចំនួនខ្ពស់បំផុតមិនធ្លាប់មាន ដោយរកចំណូលបានជាង៦០ពាន់លានដុល្លារអាម៉េរិក។ ដើម្បីសម្រេចគោលដៅថ្មីនេះ រដ្ឋាភិបាលជប៉ុន កំពុងវិនិយោគយ៉ាងច្រើនលើការពង្រីកអាកាសយានដ្ឋាន ធ្វើផ្លូវដែកថ្មី និងសាងសង់សណ្ឋាគារបន្ថែម ដើម្បីទទួលភ្ញៀវឱ្យបាន៦០លាននាក់ក្នុងមួយឆ្នាំនៅឆ្នាំ២០៣០។ ទោះជាយ៉ាងណា បញ្ហាធំបំផុតមួយកំពុងកើតឡើងក្លាយជាឧបសគ្គរាំងស្ទះ នោះគឺការធ្លាក់ចុះយ៉ាងខ្លាំងនៃភ្ញៀវទេសចរមកពីប្រទេសចិន។
តាមទិន្នន័យខែឧសភា ឆ្នាំ២០២៦ បានបង្ហាញថា ចំនួនភ្ញៀវទេសចរចិន ដែលទៅលេងប្រទេសជប៉ុន បានធ្លាក់ចុះរហូតដល់ទៅ៦០% មកនៅត្រឹមប្រមាណ៣១០,០០០នាក់ប៉ុណ្ណោះ ដែលជាការធ្លាក់ចុះ
៦ខែជាប់ៗគ្នា។
អ្នកជំនាញសេដ្ឋកិច្ចលោក ម៉ាទីន ស្កាល់ (Martin Schulz) មកពីស្ថាប័នស្រាវជ្រាវទីផ្សារសកល Fujitsu Global Market Intelligence Unit បានលើកឡើងថា ចិនកំពុងប្រើវិស័យទេសចរណ៍ជាឧបករណ៍ដាក់សម្ពាធនយោបាយលើប្រទេសជប៉ុន ខណៈទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែតានតឹង ជាពិសេសក្រោយការអត្ថាធិប្បាយដ៏ចម្រូងចម្រាសរបស់នាយករដ្ឋមន្ត្រីជប៉ុនលោកស្រី សាណអិ តាកាអ៊ិឈិ (Sanae Takaichi) ពាក់ព័ន្ធនឹងបញ្ហាកោះតៃវ៉ាន់កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០២៥។
ទោះជាយ៉ាងណាប្រទេសជប៉ុន នៅតែទទួលបានកំណើនភ្ញៀវពីប្រទេសផ្សេងៗ ដោយភ្ញៀវមកពីកូរ៉េខាងត្បូង កើនឡើងជាង១៤% និងភ្ញៀវមកពីកោះតៃវ៉ាន់ កើនឡើងជាង១៤%។ រដ្ឋាភិបាលជប៉ុន អះអាងថា ទោះបីជាបាត់បង់ភ្ញៀវពីប្រទេសចិន ក៏ដោយ ក៏ខ្លួននៅតែមានទំនុកចិត្តថា អាចសម្រេចគោលដៅទាក់ទាញភ្ញៀវទេសចរឱ្យបាន៦០លាននាក់ក្នុងមួយឆ្នាំនៅឆ្នាំ២០៣០៕
ដោយ: តែម សុខុម