
លោក ផាម មិញជីញ ធ្លាប់ជាអនុរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ និងមានបទពិសោធន៍ការងារឆ្អិនឆ្អៅផ្នែកសន្តិសុខសាធារណៈ និងចារកម្ម ពោលគឺចាប់តាំងពីឆ្នាំ១៩៨៥ រហូតដល់ឆ្នាំ២០១១ ។ នេះបើយោងតាមជីវប្រវត្តិផ្លូវការរបស់លោក ផាម មិញជីញ ដែលចុះផ្សាយនៅលើគេហទំព័រអ៊ីនធើណិតផ្លូវការរបស់រដ្ឋាភិបាលវៀតណាម ។
កើតនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ១៩៥៨ លោក ផាម មិញជីញ បានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតផ្នែកច្បាប់ ។ លោកក៏បានបញ្ចប់ការសិក្សាជាវិស្វករសំណង់ស៊ីវិលនិងសំណង់ឧស្សាហកម្មផងដែរ ហើយក៏ធ្លាប់ជាសាស្ត្រាចារ្យរងផ្នែកវិទ្យាសាស្ត្រសន្តិសុខផងដែរ ។
ពីឆ្នាំ២០១៦ រហូតដល់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១ ដែលលោកត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រី លោក ផាម មិញជីញ គឺជាសមាជិកការិយាល័យនយោបាយ, ជាសមាជិកលេខាធិការដ្ឋាននៃគណៈកម្មាធិការមជ្ឈិមបក្ស, ជាប្រធានគណៈកម្មការចាត់តាំងទី១២ របស់គណៈកម្មាធិការមជ្ឈិមបក្ស, ជាប្រធានអនុគណៈកម្មការសន្តិសុខនយោបាយផ្ទៃក្នុង, ជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍មជ្ឈិមបក្សទទួលបន្ទុកកិច្ចការប្រឆាំងអំពើពុករលួយ ៕