យោងតាមលទ្ធផលមិនទាន់ផ្លូវការ គណបក្សឆ្ពោះទៅមុខដែលទទួលបាន ១៥១ អាសនៈ នឹងត្រូវមានកន្លែងដ៏ធំនៅក្នុងរដ្ឋសភា និងឈានទៅរកការបង្កើតរដ្ឋាភិបាលចម្រុះជាមួយបក្សប្រឆាំងផ្សេងទៀត ដូចជាគណបក្សភឿថៃជាដើម។ លោក ភីថា លីមចៈរើនរ៉ាត់ មេដឹកនាំបក្សឈ្នះឆ្នោត បានសង្កត់ធ្ងន់ថា គោលនយោបាយរបស់លោកគឺផ្តល់អាទិភាពលើវិយោធាកម្ម ការលុបបំបាត់សេដ្ឋកិច្ចផ្តាច់មុខ និងការធ្វើវិមជ្ឈការ ក្នុងពេល ៤ ឆ្នាំទៅមុខ។
លោកបានបន្ថែមក្នុងសំដីដើមថា ជាមួយនឹងគោលនយោបាយដែលដាក់ចេញទាំងបីនេះ វាគឺជាផ្លូវតែមួយគត់ក្នុងការធ្វើប្រជាធិបតេយ្យភាវូបនីយកម្មប្រទេសថៃ ទើបថៃវិលត្រឡប់មកសភាពធម្មតាវិញ ថៃវិលត្រឡប់មកកាន់ឆាកអន្តរជាតិវិញ ហើយថៃអាចទទួលបានផលប្រយោជន៍ជារួមពីអ្វីដែលហៅថាសាកលភាវូបនិយកម្ម។
គណបក្សឆ្ពោះទៅមុខបានទទួលការគាំទ្រយ៉ាងច្រើនលើសលប់ក្នុងចំណោមប្រជាជនថៃ ជាពិសេសយុវជនដែលពេញចិត្តនឹងគោលនយោបាយកំណែទម្រង់របស់បក្សនេះ ដែលរួមទាំងការកែទម្រង់លើច្បាប់ស្តីពីការប្រមាថព្រះមហាក្សត្រដ៏តឹងរ៉ឹងរបស់ប្រទេសនេះផងដែរ។ បក្សនេះក៏នឹងមានការផ្លាស់ប្តូរលើរចនាសម្ព័ន្ធយោធា រួមទាំងសេចក្តីព្រាងច្បាប់ក្នុងការកាត់បន្ថយថវិកាយោធា ក៏ដូចជាការធ្វើឱ្យវាកាន់តែមានតម្លាភាព និងគណនេយ្យភាព ព្រមទាំងកាត់បន្ថយចំនួនឧត្តមសេនីយ៍ក្នុងជួរយោធាថៃជាដើម។មេដឹកនាំគណបក្សដ៏ប្រជាប្រិយរូបនេះបានលើកឡើងទៀតថា ជោគជ័យរបស់គណបក្សលោកក្នុងការបោះឆ្នោតកាលពីថ្ងៃអាទិត្យស្ដែងឱ្យឃើញថា ប្រជាជនថៃជាច្រើនបានបោះឆ្នោត មិនគ្រាន់តែបង្ហាញពីការគាំទ្រគោលនយោបាយបក្សពីសំណាក់យុវជនប៉ុណ្ណោះទេ ប៉ុន្តែក៏បង្ហាញពីការគាំទ្រក្នុងសង្គមថៃទាំងមូលតែម្តង។ វាច្បាស់ណាស់ថា ប្រជាជនថៃគ្រប់រូបចង់បានការផ្លាស់ប្តូរនៅក្នុងប្រទេសថៃ វាច្បាស់ណាស់ថា យុគសម័យបានផ្លាស់ប្តូរ ហើយយើងបានបង្កើតឯកភាពសម្រាប់ថ្ងៃថ្មី។
ក្រោយការបោះឆ្នោត មេដឹកនាំបក្សឆ្ពោះទៅមុខបាននិយាយថា លោកកំពុងពិភាក្សាជាមួយគណបក្សប្រឆាំងផ្សេងទៀត ដើម្បីបង្កើតក្រុមចម្រុះ និងធានាបាននូវសំឡេងភាគច្រើនគ្រប់គ្រាន់នៅក្នុងសភាជាន់ទាបសម្រាប់បង្កើតរដ្ឋាភិបាល។ ក្នុងចំណោមគណបក្សទាំងនោះ មានគណបក្សភឿថៃដែលឈរនៅលំដាប់ទីពីរ និងដែលបានបង្ហាញឆន្ទៈចូលរួមក្នុងសម្ព័ន្ធភាពជាមួយគណបក្សឆ្ពោះទៅមុខ៕