ប្រទេសចិន

ការផ្ដល់ប្រាក់កម្ចីថ្មីនៅប្រទេសចិនក្នុងខែឧសភាកើនឡើងទាបជាងការរំពឹងទុក ដែលទាមទារការជំរុញបន្ថែមទៀត


ការផ្ដល់ប្រាក់កម្ចីថ្មីតាមធនាគារនៅប្រទេសចិនបានកើនឡើងកាលពីខែឧសភា បើធៀបនឹងខែមេសា ខណៈដែលធនាគារកណ្តាលបានរក្សាគោលនយោបាយសមស្របក្នុងការជួយគាំទ្រសេដ្ឋកិច្ច។ ប៉ុន្តែ សញ្ញាដែលបង្ហាញសន្ទុះសេដ្ឋកិច្ចយឺតយ៉ាវ ក៏បានបង្កើនការរំពឹងទុកដែរអំពីភាពចាំបាច់ ដែលត្រូវតែមានការជំរុញបន្ថែមទៀត ដើម្បីជួយទ្រទ្រង់ការស្ដារសេដ្ឋកិច្ចឡើងវិញឱ្យមានស្ថិរភាព។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានរ៉យទ័រ។
អ្នកវិភាគថាការផ្ដល់កម្ចីទាន់ពេលនិងសមស្របនឹងជួយស្ដារសេដ្ឋកិច្ចចិនលឿន
ដោយ

ក្រុមអ្នកវិភាគបាននិយាយថា ទិន្នន័យឥណទានដែលធ្លាក់ចុះទាបជាងការរំពឹងទុក អាចបង្ហាញឱ្យកាន់តែច្បាស់ថា អ្នកបង្កើតគោលនយោបាយនឹងដាក់ចេញនូវវិធានការគាំទ្របន្ថែមទៀត នៅពេលដែលមានហានិភ័យបរិត្តផរណាឥណទាន ឬហៅថាការធ្លាក់ថ្លៃប្រាក់កម្ចី និងមានការកើនឡើងនៃបំណុលរបស់រដ្ឋាភិបាលមូលដ្ឋានជាដើម។

ទិន្នន័យពីធនាគារកណ្ដាលរបស់ចិន (PBOC) បានបង្ហាញកាលពីថ្ងៃអង្គារ ទី១៣ ខែមិថុនាថា ការផ្តល់ប្រាក់កម្ចីថ្មីនៅតាមធនាគារនៅប្រទេសចិន បានកើនឡើងដល់ជាង ១៩០ ពាន់លានដុល្លារនៅក្នុងខែឧសភា បើធៀបទៅនឹងខែមេសា។ ប៉ុន្តែ ចំនួននេះមិនបានឈានដល់កម្រិតនៃការប៉ាន់ស្មានរបស់អ្នកវិភាគនោះទេ។ ក្រុមអ្នកសេដ្ឋកិច្ច ដែលត្រូវបានស្ទង់មតិដោយសារព័ត៌មានរ៉យទ័រ បានរំពឹងថា ប្រាក់កម្ចីថ្មីនឹងកើនឡើងដល់ជាង ២២៣ ពាន់លានដុល្លារនៅក្នុងខែឧសភា បើធៀបនឹងខែមេសាដែលមានចំនួនជាង ១០០ ពាន់លានដុល្លារ។

អ្នកវិភាគផ្នែកសេដ្ឋកិច្ចមូលធន បាននិយាយថា ការធ្លាក់ចុះយ៉ាងខ្លាំងនៃកំណើនឥណទានគឺរឿងគួរឱ្យបារម្ភជាពិសេស។ ពួកគេបាននិយាយនៅក្នុងកំណត់ត្រាមួយថា "រឿងនេះគឺគួរឱ្យព្រួយចិត្តណាស់ ដោយសារតែកំណើនឥណទានជាសូចនាករដ៏សំខាន់ជាងគេដ៏គួរឱ្យទុកចិត្តបំផុតមួយក្នុងវដ្តសេដ្ឋកិច្ចរបស់ប្រទេសចិន»។ ពួកគេបានបន្តថា ប្រទេសចិនប្រថុយនឹងការធ្វើឱ្យដំណើរការស្ដារសេដ្ឋកិច្ចឡើងវិញធ្លាក់ចេញពីគន្លង លើកលែងតែការផ្តល់ប្រាក់កម្ចីធ្វើឡើងឱ្យបានទាន់ពេលវេលានិងសមស្របតាមតម្រូវការក្នុងពេលឆាប់ៗ។

លោក ជីវ៉េ ចាង (Zhiwei Zhang) ប្រធានសេដ្ឋវិទូនៅក្រុមហ៊ុន Pinpoint Asset Management បាននិយាយនៅក្នុងកំណត់ត្រាមួយថា កំណើនឥណទានមានភាពទន់ខ្សោយគ្មានអ្វីគួរឱ្យភ្ញាក់ផ្អើលឡើយ ពីព្រោះសូចនាករសេដ្ឋកិច្ចផ្សេងៗទៀត ដូចជាសន្ទស្សន៍អ្នកគ្រប់គ្រងការទិញ (PMI) និងការនាំចេញជាដើម ក៏បានបង្ហាញពីការចុះខ្សោយដែរ។

លោក ចាង បានបន្ថែមថា នេះហើយគឺជាមូលហេតុដែលធនាគារកណ្ដាលរបស់ចិនបានកាត់បន្ថយអត្រាការប្រាក់កម្ចីរយៈពេលខ្លី ហើយនេះគឺជាជំហានតូចមួយក្នុងទិសដៅត្រឹមត្រូវ។ លោក ចាង បានរំពឹងថានឹងមានសកម្មភាពផ្នែកគោលនយោបាយបន្ថែមទៀតនៅក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ។

ប្រទេសចិន ដែលមានសេដ្ឋកិច្ចធំបំផុតទី២ក្នុងពិភពលោក បានឃើញកំណើនលឿនជាងការរំពឹងទុកនៅក្នុងត្រីមាសទីមួយឆ្នាំនេះ ដោយបានស្ទុះងើបឡើងវិញក្រោយពីមានការរឹតបន្តឹងវិធានការប្រឆាំងជំងឺកូវីដរយៈពេល៣ឆ្នាំ។ ប៉ុន្តែការស្ដារសេដ្ឋកិច្ចឡើងវិញនេះហាក់មានភាពយឺតយ៉ាវ ដោយសារកំណើនមិនស្មើគ្នា ជាក់ស្ដែងវិស័យសេវាកម្មមានដំណើរការល្អប្រសើរជាងវិស័យឧស្សាហកម្មនិងការនាំចេញ៕




អត្ថបទបន្ទាប់


ប្រមុខណាតូប្រាប់អាមេរិកដោយសង្ឃឹមថា ការចាប់ផ្តើមវាយបករបស់កងទ័ពអ៊ុយក្រែននឹងបង្ខំឱ្យរុស្ស៊ីចូលតុចរចា

ព័ត៌មាន
អគ្គលេខាធិការអង្គការណាតូកាលពីថ្ងៃអង្គារ ទី ១៣ មិថុនា បានប្រាប់ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នៅឯសេតវិមានថា កងកម្លាំងអ៊ុយក្រែនដែលមាន…

កត្តាអ្វីខ្លះរុញច្រានឲ្យការនាំចេញគ្រឿងសមុទ្ររបស់វៀតណាមដាំក្បាលចុះជិត ៣០% នៅ៥ខែដើមឆ្នាំនេះ?

ព័ត៌មាន
ឆ្នាំ២០២៣នេះ ផលិតករគ្រឿងសមុទ្រវៀតណាមកំពុងតែដុតដៃដុតជើង ដើម្បីបង្កើនការនាំចេញឲ្យបានកើតឡើងដល់តម្លៃ៩ពាន់លានដុល្លារ ស្មើនឹងតម្លៃនៃការនាំចេ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ