ទន្ទឹមនឹងនេះ ក្រុមអ្នកតាមដានសង្គមបានចង្អុលបង្ហាញចំៗថា ដើមហេតុដែលធ្វើឱ្យទំនិញខុសច្បាប់ទាំងនេះនៅតែអាចលួចឆ្លងដែនបាន គឺដោយសារតែភាពធូររលុង និងខ្វះចន្លោះក្នុងការអនុវត្តច្បាប់របស់មន្ត្រីសមត្ថកិច្ចនៅតាមច្រកព្រំដែនមួយចំនួន។
លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាកត់សម្គាល់ឃើញថា មកទល់ពេលនេះការនាំចូលសាច់សត្វរស់ និងពងមាន់ពីប្រទេសជិតខាងមកកម្ពុជានៅតែបន្តកើតមានដដែល ទោះបីជាមានការទប់ស្កាត់ក៏ដោយ។ អ្នកជំនាញរូបនេះវាយតម្លៃថា ការបន្តនាំចូលបានអាចដោយសារតែឈ្មួញមានកលល្បិចខ្ពស់ និងភាពខ្វះចន្លោះក្នុងការអនុវត្តច្បាប់របស់សមត្ថកិច្ចមួយចំនួននៅតាមព្រំដែន។ ការណ៍នេះ ត្រូវបានលោក ស្រ៊ុន ពៅ ព្រមានថាអាចធ្វើឱ្យសត្វចិញ្ចឹមក្នុងស្រុកប្រឈមការឆ្លងជំងឺ និងប៉ះពាល់ធ្ងន់ធ្ងរដល់ទីផ្សារសាច់សត្វក្នុងស្រុក។
ដោយឡែកលោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ កត់សម្គាល់ឃើញថា ការអនុវត្តច្បាប់របស់មន្រ្តីមួយចំនួននៅតាមព្រំដែននៅតែមានភាពខ្វះចន្លោះជាហេតុធ្វើឱ្យទំនិញខុសច្បាប់មួយចំនួននៅតែបន្តហូរចូលកម្ពុជា។ បើតាមអ្នកជំនាញរូបនេះ ប្រសិនបើមន្រ្តីនៅតែមិនមានឆន្ទៈក្នុងការអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ទេ នោះការទប់ស្កាត់ទំនិញខុសច្បាប់ ក៏មិនមានប្រសិទ្ធភាពដែរ តែផ្ទុយទៅវិញវានឹងធ្វើឱ្យទីផ្សារសាច់សត្វក្នុងស្រុកបន្តរងគ្រោះ។
ជាមួយគ្នានេះប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានអំពាវនាវដល់ស្ថាប័នមានសមត្ថកិច្ចនៅតាមបណ្ដាខេត្តជាប់ព្រំដែនឱ្យបង្កើនការយកចិត្តទុកដាក់ក្នុងការទប់ស្កាត់សកម្មភាពនាំចូលសាច់សត្វ និងពងមាន់ពីប្រទេសជិតខាង ដើម្បីការពារផលប្រយោជន៍ដល់អ្នកចិញ្ចឹមសត្វក្នុងស្រុក និងសុខុមាលភាពរបស់ពលរដ្ឋ៕
អត្ថបទ៖ បូ ដូឡា,រូបភាព ឯកសារ