ខាងក្រោមនេះ ជាការពន្យល់របស់មន្ត្រីជាន់ខ្ពស់នគរបាលជាតិ អំពីថា តើឯកសារអ្វីខ្លះ ដែលម្ចាស់យានយន្តត្រូវមាន ជាពិសេស អ្នកបង់រំលស់យានយន្ត ដើម្បីកុំឲ្យប៉ូលិសផាកពិន័យ ។
តាមច្បាប់ចរាចរណ៍នៅក្នុងមាត្រាថ្មី តម្រូវឲ្យអ្នកបើកបរយានយន្តគ្រប់ប្រភេទ មានឯកសារចាំបាច់មួយចំនួន នៅពេលបើកបរ រួមមាន បណ្ណបើកបរ(ច្បាប់ដើម) បណ្ណសម្គាល់យានយន្ត(កាតគ្រីឡាន ឬម៉ូតូ) និងលិខិតអនុញ្ញាតអាជីវកម្ម(សម្រាប់រថយន្តដឹកទំនិញផ្សេងៗ)។
ចុះសម្រាប់យានយន្តបង់រំលស់វិញ ដែលមិនមានកាតគ្រីច្បាប់ដើម តើគួរធ្វើយ៉ាងណា?
ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងរងនគរបាលជាតិ បានឆ្លើយតបថា ចំពោះរថយន្តបង់រលស់នេះ គឺក្រុមការងារលោកបានគិតដល់បញ្ហានេះហើយ ដោយសមត្ថកិច្ចត្រូវការកាតគ្រីថតចម្លងពីក្រុមហ៊ុនបង់រំលស់ ដែលមានការបញ្ជាក់ប្រថាប់ត្រាដោយអាជ្ញាធរមូលដ្ឋាន ។
ឯកឧត្តម ហ៊ឹម យ៉ាន បានបន្តថា « អ្នកដែលមានរថយន្ត[បង់រំលស់] គឺត្រូវស្នើសុំទៅក្រុមហ៊ុន ដើម្បថតចម្លងបណ្ណសម្គាល់យានយន្ត ឬកាតគ្រីហ្នឹងទៅ រួចហើយ យកកាតគ្រីថតចម្លងហ្នឹង មកបញ្ជាក់នៅខាងច្រកចេញចូលតែមួយ នៅតាមខណ្ឌ បន្ទាប់មក ក្រុមការងារខាងខណ្ឌ លោកនឹងធ្វើការជាមួយក្រសួងសាធារណការ ដើម្បីបញ្ជាក់ថា យានយន្តហ្នឹង មានការចុះបញ្ជីពិត គេប្រថាប់ត្រាឲ្យភ្លាម ហើយប្រើពេលលឿនបំផុត»។
ចំពោះលិខិតអនុញ្ញាតអាជីវកម្ម (សម្រាប់រថយន្តដឹកទំនិញផ្សេងៗ)វិញ ឯកឧត្តម នាយឧត្តមសេនីយ៍
ហ៊ឹម យ៉ាន បញ្ជាក់ថា ត្រូវតែមានច្បាប់ដើម ទោះបីជាអ្នកបើកបរមិនមែនជាម្ចាស់អាជីវកម្មផ្ទាល់ក៏ដោយ ត្រូវតែដាក់លិខិតអនុញ្ញាតអាជីវកម្ម (ច្បាប់ដើម) តាមរថយន្តជានិច្ច។
ហើយប្រសិនបើមានការបាត់បង់ ម្ចាស់អាជីវកម្មទាំងនោះ អាចស្នើសុំលិខិតថ្មីទៀតបានពីក្រសួងសាធារណការ ដោយមិនមានបញ្ហាអ្វីនោះទេ។
ហេតុដូចនេះ សូមអ្នកដែលទិញរថយន្ត និងម៉ូតូ បង់រំលស់ទាំងអស់ រួសរាន់ទៅស្នើសុំថតចម្លងបណ្ណសម្គាល់រថយន្ត ឬម៉ូតូរបស់ខ្លួនពីក្រុមហ៊ុនឬឃ្លាំង ដែលបានទិញរថយន្តនិងម៉ូតូទាំងនោះ រួចហើយយកទៅបញ្ជាក់នៅច្រកចេញចូលតែមួយ នៅខណ្ឌដែលខ្លួនរស់នៅ ដើម្បីទទួលបានលិខិតបញ្ជាក់ស្របច្បាប់មួយ ជៀសវាងការផាកពិន័យកាន់តែច្រើនទៀត នៅពេលដែលសមត្ថកិច្ចឃាត់ខ្លួន ហើយសួរនាំពីឯកសារទាំងនេះ៕