លោក ជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានប្រកាសជាថ្មីម្តងទៀតនៅក្នុងប្រព័ន្ធតេឡក្រាមថា វីរុសកូវីដ-១៩ បំប្លែងថ្មី កំពុងតែចរាចរយ៉ាងសកម្មខ្លាំងក្លានៅក្នុងប្រទេសកម្ពុជា ដែលទាមទារឲ្យមានប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត ។
លោក ជំទាវ ឱ វណ្ណឌីន បានបញ្ជាក់ថា៖«យើងមិនដឹងថាវានៅទីណាខ្លះនោះទេ ជាពិសេសនៅរាជធានីភ្នំពេញនេះតែម្តង ដែលមានការចម្លងបន្តគ្នាលឿនណាស់ និងឆ្លងបន្តទៅខេត្ត មួយចំនួនរួចទៅហើយ។ ដូច្នេះ ពេលនេះនៅផ្ទះ និងកុំធ្វើការចល័តពីកន្លែងមួយទៅកន្លែងមួយ ហើយមិនត្រូវបង្កការជួបជុំគ្នាច្រើនណាមួយនោះទេ ដូចជាពីធីមង្គលការ ឡើងផ្ទះ បុណ្យសាសនាផ្សេងៗ ដោយពន្យារពេល គឺត្រូវតែធ្វើនៅពេលនេះជាចាំបាច់បំផុត ដែលជាវិធានការជួយដល់ការកាត់ផ្តាច់បាននូវការចម្លងពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ទៀតបានជាអតិបរមា»។
អ្នកនាំពាក្យក្រសួងសុខាភិបាលបានសរសេរបន្តថា៖ «ជ្រើសរើសយកការបញ្ឈប់ការជួបជុំ ឬការពន្យារពេលនៃការរៀបចំពិធីនានា ល្អប្រសើរជាជាងការឆ្លងហើយ អាចស្លាប់បានគ្រប់ពេលវេលានាពេលនេះ។ សូមចងចាំថា វីរុសបំប្លែងថ្មីនេះសាហាវជាង និងខ្លាំងជាងវីរុសនាពេលមុនៗ ដែលអាចធ្វើឱ្យបុគ្គលស្លាប់បានគ្រប់ពេលវេលា ដែលថ្មីៗនេះ យើងមានករណីស្លាប់មួយនាក់រួចទៅហើយ ហើយក៏នៅមានអ្នកដែលស្ថិតក្នុងសភាពធ្ងន់ធ្ងរមួយចំនួនទៀតដែរ ដែលក្រុមគ្រូពេទ្យកំពុងតែជួយសង្រ្គោះយ៉ាងមមាញឹកជាទីបំផុត»។
សូមជម្រាបថា ក្រសួងសុខាភិបាលបានប្រកាសរកឃើញករណីឆ្លងថ្មីកូវីដ-១៩ ចំនួន ៣៩នាក់ បន្ថែមទៀត គិតត្រឹមព្រឹកថ្ងៃទី ១៣ ខែមីនា ឆ្នាំ២០២១នេះ ដោយក្នុងនោះ សុទ្ធសឹងជាករណីឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈទាំងអស់ ភាគច្រើនត្រូវបានរកឃើញ នៅរាជធានីភ្នំពេញ ព្រៃវែង កណ្ដាល និងខេត្តព្រះសីហនុ។
គួរបញ្ជាក់ថា ចំនួនអ្នកឆ្លងកូវីដ-១៩ សរុបទាំងអស់មាន១.២៦៤នាក់ ក្នុងនោះ មានដល់ទៅ៧៥១នាក់ គឺជាករណីឆ្លងចូលក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។ ទោះយ៉ាងណាចំនួនអ្នកដែលបានជាសះស្បើយក៏មានការកើនឡើងសរុបដល់ទៅ ៦២៤នាក់ រួមទាំងនៅព្រឹកថ្ងៃទី ១៣ ខែមីនានេះ អ្នកជាសះស្បើយថ្មីមានចំនួន៤នាក់ផងដែរ៕