នៅក្នុងត្រីមាសទី១ឆ្នាំ ២០២០នេះ ប្រទេសកម្ពុជា ទទួលបានភ្ញៀវទេសចរបរទេសប្រមាណ ១,១លាននាក់ ដែលក្នុងនោះ ភ្ញៀវទេសចរណ៍ ចិន នៅតែឈរលើកំពូលតារាង មានជាង ២៥ម៉ឺននាក់ ប៉ុន្តែធ្លាក់ចុះ ៦២%។
ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់នៅក្នុងកិច្ចប្រជុំជាមួយវិស័យឯកជន កាលពីពេលថ្មីៗនេះថា ប្រទេសកម្ពុជា រំពឹងនឹងទទួលបានលំហូរភ្ញៀវទេសចរចិន ច្រើនឡើងវិញ នៅក្រោយពេលដែលពិភពលោក អាចកំចាត់ ជម្ងឺកូវីដ១៩បានសម្រេច ខណៈទីផ្សារចិន ជាទីផ្សារទេសចរណ៍ដ៏ធំមួយរបស់កម្ពុជា ហើយកម្ពុជា ក៏ត្រូវត្រៀមខ្លួនឲ្យបានល្អ ដើម្បីទទួលទេសចរមកពីប្រទេសមហាអំណាចសេដ្ឋកិច្ចមួយនេះដែរ។
លើសពីនេះ ក្រសួងទេសចរណ៍ ក៏គ្រោងនឹងដាក់ចេញនូវ ស្តង់ដារអាជីវកម្មទេសចរណ៍ថ្មី យ៉ាងយូរណាស់ ត្រឹមដំណាច់ខែឧសភានេះ ក្នុងគោលដៅធានានូវ សុវត្ថិភាពសុខភាពរបស់ ភ្ញៀវទេសចរ និងប្រជាពលរដ្ឋ បង្ការការពារពី ការឆ្លងជម្ងឺកូវីដ១៩។
ដោយឡែក ចំពោះវិស័យដឹកជញ្ជូនតាមផ្លូវអាកាសវិញ ដែលរងការគៀបសង្កត់ពី វិធានការបិទជើងហោះហើររបស់បណ្តាប្រទេសជាច្រើននោះ យើងឃើញថា នៅត្រីមាសទី ១នេះ វិស័យអាកាសចរណ៍កម្ពុជា គឺមានការធ្លាក់ចុះប្រមាណ ៤៨% ពោលគឺបាត់បង់អ្នកដំណើរជាង ៦សែននាក់ ក្នុងនោះ អាកាសយានដ្ឋានអន្តរជាតិសៀមរាប បាត់បង់ភ្ញៀវជាង ២សែននាក់ ឬប្រមាណ ៥៨% ឯណោះ។
បើមើលទៅរមណីយដ្ឋានអង្គរ នៅក្នុងទឹកដីខេត្តសៀមរាប ដែលជាប្រភពចំណូលជាតិដ៏សំខាន់មួយ បានបាត់បង់ប្រាក់ចំណូលរហូតដល់ទៅ ៥០% ទៅហើយ ក្នុងត្រីមាសទី១ ឆ្នាំ ២០២០នេះ ដោយសម្រេចបានត្រឹមតែជិត ១៨លានដុល្លារអាមេរិកប៉ុណ្ណោះ ហើយចំនួនភ្ញៀវទេសចរណ៍បរទេស មានជាង ៣៨ម៉ឺននាក់ ថយចុះជាង ៥១%។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានចុងក្រោយបំផុតរបស់ គ្រឹះស្ថានអង្គរ។
ទោះយ៉ាងណា ក្រសួងទេសចរណ៍កម្ពុជា បានបញ្ជាក់ហើយថានៅចំពោះមុខនេះ កម្ពុជានឹងជម្រុញឲ្យមាន ចលនាទេសចរណ៍ក្នុងស្រុកជាមុនសិន ដើម្បីធ្វើឲ្យ វិស័យទេសចរណ៍ក្នុងស្រុក មានភាពល្អប្រសើរ បណ្តើរៗឡើងវិញ ដោយផ្សារភ្ជាប់នូវ ការអនុវត្តតាមវិធានការការពារ របស់ក្រសួងសុខាភិបាល និងបទបញ្ជារបស់រាជរដ្ឋាភិបាល ក្នុងទិសដៅទប់ស្កាត់ការឆ្លងរីករាលដាលនូវមេរោគកូវីដ១៩៕