សេចក្តីប្រកាសព័ត៌មានរបស់អង្គការ ខុមហ្រ្វែល បាននិយាយដូច្នេះថា “ខុមហ្រ្វែល បានសង្កេតឃើញថា សកម្មភាពនៃការចុះមូលដ្ឋានរបស់អ្នកតំណាងរាស្រ្តក្នុងគោលបំណងដើម្បីសំណេះសំណាលជាមួយប្រជាពលរដ្ឋ ពង្រឹងផ្ទៃក្នុងគណបក្ស អមដំណើរថ្នាក់ដឹកនាំ គឺផុសផុល លើកលែងតែសកម្មភាពក្នុងគោលបំណងចុះជួយអន្តរាគមន៍ដោះស្រាយបញ្ហា ជាពិសេស ទំនាស់ដីធ្លី ជូនប្រជាពលរដ្ឋ មិនត្រូវបានសងេ្កតឃើញមានតំណាងរាស្រ្តខ្នះខ្នែង ឬយកចិត្តទុកដាក់ជួយដោះស្រាយនោះទេ។“
សេចក្តីប្រកាសព័ត៌មានដដែល បានបន្តថា “អ្វីដែលខុមហ្រ្វែលបានសង្កេតឃើញក្នុងសម័យប្រជុំតំណាងរាស្រ្ត បានឡើងបញ្ចេញមតិក្នុងការអនុម័តច្បាប់នានា ភាគច្រើនបំផុត ក្នុងសម័យប្រជុំទាំងនោះ មិនសូវមានឃើញតំណាងរាស្រ្តណាម្នាក់ជំទាស់ រិះគន់ ឬសួរដេញដោលដោយស៊ីជម្រៅឡើយ ផ្ទុយមកវិញ គឺមានតែការកោតសរសើរ និងគាំទ្រដល់ការដឹកនាំរបស់រាជរដ្ឋាភិបាលតែប៉ុណ្ណោះ។”
ខុមហ្វ្រែល បាននិយាយថា គណៈកម្មការជំនាញបានកោះហៅសមាជិករដ្ឋាភិបាល នៅក្នុងឆ្នាំទីមួយ មានតែម្តងគត់ គឺការកោះហៅរដ្ឋមន្រ្តីក្រសួងយុត្តិធម៌មកសាកសួរ។
លោក ឡេង ប៉េងឡុង អគ្គលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋសភា បាននិយាយនៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែឧសភា ឆ្នាំ២០២០នេះ ថា ការសង្កេតរបស់អង្គការ ខុមហ្រ្វែល គឺមានការខ្វះខាត និងមិនត្រឹមត្រូវទេ។
លោក ឡេង ប៉េងឡុង បាននិយាយតាមទូរស័ព្ទដូច្នេះថា “សកម្មភាពគ្រាន់តែយើងរាយរ៉ាប់មក វា១៥០ទំព័រ អីនោះ មិនមែនតិចទេ ដូច្នេះហើយ វាច្រើនណាស់ ហើយឱ្យតែមានឧប្បត្តិហេតុ ឬអ្វីមួយដែលប៉ះពាល់ដល់ប្រជាជន គឺថា មានមុខតំណាងរាស្រ្តនៅកន្លែងនោះហើយ បាក់ផ្ទះក្តី ខ្យល់ព្យុះអីក្តី ហើយមានការខ្វះខាតអី គឺថាគាត់ចុះទៅជួយ។”
លោក ឡេង ប៉េងឡុង បានទទួលស្គាល់ថា មានការកោះហៅមន្រ្តីរដ្ឋាភិបាលមកសាកសួរតែម្តងមែន ក៏ប៉ុន្តែ បានអះអាងថា កាលនៅមានគណបក្សប្រឆាំង ក៏មិនដែលឃើញកោះហៅច្រើនជាងប៉ុន្មានដែរ។
លោក ឡេង ប៉េងឡុង បាននិយាយថា “មិនខុសគ្នាប៉ុន្មានទេ ប្រហែលៗគ្នាហ្នឹង ហើយហ្នឹងជាបុព្វសិទ្ធិរបស់តំណាងរាស្រ្តទេ ខ្ញុំមិនអាចឆ្លើយជំនួសគាត់ទេ ប្រហែលជាគាត់ថា បញ្ហាដែលមាន គាត់សុខចិត្តទៅដោះស្រាយផ្ទាល់ៗហ្មង៕”