របាយការណ៍រួមរបស់អង្គការ លីកាដូ និងសមាគម ធាងត្នោត ដែលបានចេញផ្សាយកាលពីថ្ងៃពុធ ទី៧ ខែសីហា បានរកឃើញថា ពលរដ្ឋកម្ពុជាចំនួន ២,៣៨២លាននាក់ បានខ្ចីប្រាក់ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ចំនួនជាង ៨ពាន់លានដុល្លារ ហើយការសិក្សានេះ បានធ្វើនៅក្នុងឃុំចំនួន១០ ក្នុងខេត្តចំនួន ៤ រួមទាំង រាជធានីភ្នំពេញ ផងដែរ។
របាយការណ៍នោះ បានបង្ហាញថា កម្រិតបំណុលរបស់ពលរដ្ឋខ្មែរបានកើនឡើងកាន់តែខ្លាំងឡើងៗ ដែលនេះអាចបណ្តាលឲ្យកើតមានការរំលោភសិទ្ធិមនុស្សជាច្រើន រួមមាន ការលក់ដីដោយបង្ខំចិត្ត ការកេងប្រវ័ញ្ចកម្លាំងពលកម្មកុមារ ការធ្វើចំណាកស្រុកដោយសារបំណុល។
បន្ទាប់ពីរបាយការណ៍នេះចេញផ្សាយ, អង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលបានអញ្ជើញអង្គការទាំងពីរនេះ ទៅប្រជុំជាលក្ខណៈ«កិច្ចពិភាក្សាចង្អៀត» មួយលើករួចហើយ កាលពីថ្ងៃទី៤ ខែកញ្ញា ដែលមានរយៈពេល២ម៉ោង និង៣០នាទី។
បន្ទាប់ពីទទួលបានការអញ្ជើញដើម្បីប្រជុំជាលក្ខណៈ«កិច្ចពិភាក្សាចង្អៀត»លើកទីពីរ អង្គការលីកាដូ និងសមាគមធាងត្នោត បាននិយាយក្នុងលិខិតទៅកាន់អ្នកនាំពាក្យរដ្ឋាភិបាល គឺលោក ផៃ ស៊ីផាន ថា ពួកគាត់មិនមានអ្វីបន្ថែមពីលើកិច្ចប្រជុំលើកទី១ទេ ដូច្នេះមិនអាចមកប្រជុំម្តងទៀត តាមការអញ្ជើញបាននោះទេ។
គង់ សុជាតិ ប្រធានគ្រប់គ្រងរដ្ឋបាល អង្គការ លីកាដូ បានសរសេរក្នុងលិខិតដូច្នេះថា «គណៈគ្រប់គ្រងមិនមានអ្វីដែលត្រូវបកស្រាយនិងពន្យល់បន្ថែមលើសពីនេះទៀតទេ។»
គង់ សុជាតិ បានសរសេរបន្តថា «អាស្រ័យដូចបានជម្រាបជូនខាងលើ គណៈគ្រប់គ្រងអង្គការ លីកាដូ សូមអភ័យទោស និងអធ្យាស្រ័យទុកជាមុន ដោយគណ:គ្រប់គ្រងនឹងមិនបានទៅចូលរួមប្រជុំតាមកាលបរិច្ឆេទខាងលើទេ។»
លិខិតរបស់សមាគម ធាងត្នោត ក៏មានអត្ថន័យដូចគ្នាជាមួយនឹងលិខិតរបស់លីកាដូ ដែរ។
នៅក្នុងប្រធានបទផ្សេងទៀត លោក ព្រាប កុល នាយកប្រតិបត្តិអង្គការ តម្លាភាពកម្ពុជា ក៏មិនបានចូលរួមប្រជុំតាមការអញ្ជើញរបស់ លោក ផៃ ស៊ីផាន ផងដែរ ដោយសារជាប់បេសកកម្មនៅអឺរ៉ុប។
អ្នកនាំពាក្យរដ្ឋាភិបាល បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា មានការសោកស្តាយនិងខកចិត្តចំពោះការច្រានចោលនេះ ហើយចោទអង្គការទាំងនេះ ថា គ្មានការទទួលខុសត្រូវចំពោះរបាយការណ៍របស់ខ្លួន ដែលធ្វើឲ្យប៉ះពាល់ដល់សមិទ្ធផលសម្រេចបានរបស់រដ្ឋាភិបាល។
អ្នកនាំពាក្យរដ្ឋាភិបាលក៏ចោទផងដែរថា ព័ត៌មានក្នុងរបាយការណ៍មិនមានភាពសុចរិតនិងជាព័ត៌មានប្រឌិត ដែលអាចជាបំណងរបស់បរទេសមួយចំនួន ដែលចង់វាយប្រហារមកលើភាពសុខក្សេមក្សាន្តរបស់ប្រជាជនកម្ពុជា៕