ការបាក់អគារកម្ពស់៧ជាន់ កាលពីថ្ងៃទី២២ ខែមិថុនា ដែលផ្ដាច់ផ្ដិតជីវិតកម្មករខ្មែរចំនួន ២៨នាក់ និងធ្វើឲ្យរបួស ២៦នាក់ផ្សេងទៀត គឺជាសោកនាដកម្មដ៏ធំបំផុតសម្រាប់ប្រទេសកម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បន្ទាប់ពីករណីរត់ជាន់គ្នានៅកោះពេជ្រ កាលពីឆ្នាំ២០១០ ដែលពេលនោះ មានមនុស្សស្លាប់ជាង ៣០០នាក់។
ភ្លាមៗនៅក្រោយព្រឹត្តិការណ៍សោកនាដកម្មបាក់អគារនេះ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសដកលោក ញឹម វណ្ណដា ពីតំណែងជាទេសរដ្ឋមន្ត្រីនិងជាអនុប្រធាន ទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។
សម្តេច ហ៊ុន សែន បានសរសេរនៅលើហ្វេសប៊ុក កាលពីថ្ងៃទី២៤ ខែមិថុនា យ៉ាងដូច្នេះ ៖ «ខ្ញុំក៏សូមបញ្ជាក់ថា ថ្ងៃនេះ ខ្ញុំបានសម្រេចចិត្តដក ឯកឧត្តម ញឹម វណ្ណដា ចេញពីតំណែងជាទេសរដ្ឋមន្ត្រីនិងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយដោយមូលហេតុខ្វះការទទួលខុសត្រូវ និងភូតភរ។»
បន្ទាប់មក សម្តេចបានមានប្រសាសន៍ផងដែរថា លោក ញឹម វណ្ណដា រវល់ដេកជាមួយស្រីនៅខេត្តកំពត ខណៈដែលក្រុមសង្រ្គោះកំពុងតែមមាញឹកស្វែងរកអ្នកកប់ក្រោមគំនរបែកបាក់អគារនោះ។
សម្តេច ហ៊ុន សែន បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានដូច្នេះថា ៖ «ញឹម វណ្ណដា បានទទួលខុសត្រូវលើរឿងនេះ ហើយ ញឹម វណ្ណដា ពូកែណាស់ក្នុងការនិយាយ ប្រើកម្លាំងសម្រុក ស្អីៗក៏សម្រុក តែពេលដែលមានការ ញឹម វណ្ណដា ដេកនៅឯខេត្តកំពត ជាមួយនឹងស្រីណា មិនដឹងទេ។ ខ្ញុំមិនយល់ទេ ត្រង់ប្រពន្ធ ឬក៏ស្រី ខ្ញុំមិនយល់ ប៉ុន្តែ គាត់ដេកនៅឯខេត្តកំពត ក្នុងពេលដែលមានព្រឹត្តិការណ៍ដ៏អកុសលនៅខេត្តព្រះសីហនុ។»
យោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី២៤ ខែមិថុនា លោក ញឹម វណ្ណដា ត្រូវបានតែងតាំងនិងផ្តល់ឋានៈជាទីប្រឹក្សារាជរដ្ឋាភិបាល មានឋានៈស្មើទេសរដ្ឋមន្រ្តី។
លោកបណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយកម្ពុជា បានរិះគន់ការតែងតាំងនេះ។
លោកបណ្ឌិត ឡៅ ម៉ុងហៃ បានសរសេរនៅលើហ្វេសប៊ុក ដូច្នេះថា ៖ «តើត្រូវទេ តែងតាំងទេសរដ្ឋមន្ត្រីមួយរូបដែលនាយករដ្ឋមន្ត្រីដកហូតពីមុខតំណែង និងប្រកាសលាំងៗថា "ខ្វះការទទួលខុសត្រូវនិងភូតភរ" ជាទីប្រឹក្សារាជរដ្ឋាភិបាល មានឋានៈស្មើទេសរដ្ឋមន្ត្រី នោះ?»
លោកបណ្ឌិត ឡៅ ម៉ុងហៃ បានសរសេរបន្តថា ៖ «ខូចឈ្មោះរាជរដ្ឋាភិបាល ខូចឈ្មោះនាយករដ្ឋមន្ត្រីដែលជាប្រមុខរាជរដ្ឋាភិបាលអស់ហើយ បើធ្វើតែយ៉ាងនេះ។ ខូចឈ្មោះ គេលែងគោរព គេលែងទុកចិត្ត គេលែងស្តាប់។»
នៅពេលទាក់ទងតាមទូរស័ព្ទ លោក ញឹម វណ្ណដា បាននិយាយតាមទូរស័ព្ទថា លោករវល់ក្នុងពិធីសម្ពោធសាលារៀនមួយ អ៊ីចឹងមិនទាន់អាចបកស្រាយបានទេ នៅថ្ងៃទី២៦ ខែមិថុនានេះ។
បន្ទាប់ពីការបាក់អគារ តុលាការខេត្តព្រះសីហនុ បានចោទប្រកាន់អ្នកពាក់ព័ន្ធទាំងអស់ចំនួន ៧នាក់ រួមទាំងជនជាតិចិន ៥នាក់, វៀតណាម ១នាក់, និងខ្មែរ ១នាក់ ពីបទមនុស្សឃាតដោយអចេតនា, បង្ករបួសស្នាមដោយអចេតនា និងបទបង្កឲ្យខូតខាត៕