លោកគីម ជុងអ៊ុន បាននិយាយនៅក្នុងលិខិតនោះថា ការបើកដំណើរការ ដោយជោគជ័យនៃកីឡាអូឡាំពិករដូវរងានៅទីក្រុងប៉េកាំង ទោះបីជាមានវិបត្តិសុខភាពទូទាំងពិភពលោកកំពុងអុកឡុក គឺជាជ័យជម្នះដ៏អស្ចារ្យមួយផ្សេងទៀតរបស់ប្រទេសចិន។ ឆ្លៀតក្នុងឱកាសនេះ របបក្រុងព្យុងយ៉ាងបានបង្ហាញការតាំងចិត្តខ្ពស់ ដើម្បីបន្តអភិវឌ្ឍទំនាក់ទំនងរវាងកុម្មុយនិស្តទាំងពីរ ក៏ដូចជាប្រទេសទាំងពីរឱ្យឈានទៅដល់ដំណាក់កាលខ្ពស់បំផុតថ្មីមួយ។
គួររំឭកថា អាជ្ញាធរកីឡាកូរ៉េខាងជើងកាលពីខែមករាបានផ្ញើរលិខិតទៅកាន់គណកម្មការអូឡាំពិកចិនថា នឹងមិនបញ្ជូនកីឡាករនិងមន្ត្រីពាក់ព័ន្ធទៅចូលរួមព្រឹត្តិការកីឡាអូឡាំពិករដូវរងាឆ្នាំនេះទេ។
ការប្រកាសដកខ្លួនចេញនេះ ត្រូវបានកូរ៉េខាងជើងស្តីបន្ទោសលើជំងឺរាតត្បាតកូវីដ១៩ដែលបន្តរាលដាលឥតឈប់ឈរ។ ជាមួយគ្នានេះដែរ កូរ៉េខាងជើងមិនភ្លេចឡើយឆ្លៀតស្តីបន្ទោស ចោទប្រកាន់អាមេរិក និងសម្ព័ន្ធមិត្តថា បានព្យាយាមធ្វើឲ្យព្រឹត្តិការណ៍កីឡាខាងលើប្រារព្ធឡើងមិនបានជោគជ័យ។ យ៉ាងណាមិញ ពិធីបើកសម្ពោធកីឡាអូឡាំពិករដូវរងានឹងចាប់ផ្តើមនៅល្ងាចថ្ងៃសុក្រនេះហើយ។
សូមជម្រាបថា ប្រទេសចិនគឺជាសម្ព័ន្ធមិត្តដ៏សំខាន់តែមួយគត់របស់កូរ៉េខាងជើង ចាប់តាំងពីប្រទេសទាំងពីរបានចុះហត្ថលេខាលើសន្ធិសញ្ញាក្នុងឆ្នាំ១៩៦១ ខណៈទណ្ឌកម្មអន្តរជាតិដែលបានដាក់លើកម្មវិធីអាវុធនុយក្លេអ៊ែរ និងមីស៊ីលរបស់ទីក្រុងព្យុងយ៉ាង បានធ្វើឱ្យរបបផ្តាច់ការមួយនេះ កាន់តែពឹងផ្អែកខ្លាំងទៅលើទីក្រុងប៉េកាំងសម្រាប់ពាណិជ្ជកម្ម និងការគាំទ្រផ្សេងទៀត៕