បុណ្យចូលឆ្នាំចិន

ទោះប្រឈមវិបត្តិសេដ្ឋកិច្ច ក៏ពលរដ្ឋចិនសម្រុកទៅលេងស្រុកមិនក្រោម៦០០លាននាក់ឡើយ ដើម្បីជួបជុំគ្រួសារក្នុងឱកាសបុណ្យចូលឆ្នាំចិន


សេដ្ឋកិច្ចពិភពលោកបច្ចុប្បន្នមិនទាន់ងើបឡើងវិញរឹងមាំដូចមុនពេលមិនទាន់មានវិបត្តិកូវីដ-១៩ នៅឡើយទេ ហើយទោះជាប្រឈមវិបត្តិសេដ្ឋកិច្ចយ៉ាងណាក្ដី ក៏ពលរដ្ឋចិន កាលពីថ្ងៃទី១៤ ខែមករា បានចាប់ផ្ដើមសម្រុកទៅលេងស្រុកជាបណ្ដើរៗហើយ ដែលតាមការព្យាករចំនួនអ្នកទៅលេងស្រុកនឹងមានមិនក្រោម៦០០លាននាក់ឡើយ ដើម្បីជួបជុំក្រុមគ្រួសារសាច់ញាតិជិតឆ្ងាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន ដ៏ខ្លីខាងមុខនេះ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានធំៗជាច្រើន។
បុណ្យចូលឆ្នាំចិន
ដោយ

ការសម្រុកធ្វើដំណើរទៅលេងស្រុកប្រចាំឆ្នាំ ដើម្បីអបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ២០២៥ ដ៏ខ្លីខាងមុខនេះជាមួយក្រុមគ្រួសារសាច់ញាតិជិតឆ្ងាយ បានចាប់ផ្ដើមជាផ្លូវការហើយកាលពីថ្ងៃទី១៤ ខែមករា ដោយពួកគេទុកការងារចោលមួយឡែក និងបំភ្លេចទុក្ខកង្វល់មួយគ្រាសិន ដើម្បីមានឱកាសបានជួបជុំក្រុមគ្រួសារ ឬសម្រាកវិស្សមកាល។

រដូវកាលដែលមានមនុស្សសម្រុកធ្វើដំណើរច្រើនបំផុតនៅក្នុងប្រទេសចិន ដែលមានសេដ្ឋកិច្ចធំទី២របស់ពិភពលោកបានចាប់ផ្តើមហើយ ដោយរថភ្លើងមួយខ្សែបានចេញដំណើរពីទីក្រុងប៉េកាំង នៅប៉ុន្មាននាទីក្រោយរំលងអធ្រាត្រ ដើម្បីដឹកអ្នកធ្វើដំណើរពីក្រុងប៉េកាំង ទៅកាន់ទីក្រុងហឺហ្វី ក្នុងខេត្តអានហួយ ភាគខាងកើត។

អ្នកសម្រុកធ្វើដំណើរភាគច្រើន គឺដើម្បីទៅលេងស្រុក និងមានឱកាសហូបអាហារពេលល្ងាចជុំគ្រួសារសាច់ញាតិជិតឆ្ងាយតាមប្រពៃណីនៅថ្ងៃទី២៨ មករា មុននឹងបុណ្យចូលឆ្នាំចិនមកដល់នៅថ្ងៃទី២៩ ខែមករា ឆ្នាំនេះ។

រដូវកាលសម្រុកធ្វើដំណើរដែលមានរយៈពេល៤០ថ្ងៃនេះ នឹងបន្តរហូតដល់ថ្ងៃទី២២ ខែកុម្ភៈ ដែលអាជ្ញាធរចិន បានប៉ាន់ប្រមាណថា អំឡុងរយៈពេល៤០ថ្ងៃនេះ នឹងមានការធ្វើដំណើរទៅមកក្នុងស្រុកចំនួន៩ពាន់លានជើង បើធៀបនឹងការធ្វើដំណើរ៨,៤លានជើងក្នុងរដូវកាលនេះក្នុងឆ្នាំ២០២៤។

តាមការព្យាករ អ្នកធ្វើដំណើរតាមផ្លូវដែក ឬរថភ្លើងនឹងមានចំនួនលើសពី៥១០លាននាក់ ខណៈដែលអ្នកដំណើរតាមជើងហោះហើរនឹងមានចំនួនជាង៩០លាននាក់ ដែលសរុបបញ្ចូលគ្នាមានចំនួនមិនក្រោម៦០០លាននាក់ឡើយក្នុងចំណោមពលរដ្ឋសរុបជាង១,៤ពាន់លាននាក់។ ទោះជាយ៉ាងណា ចំនួននៃការធ្វើដំណើរតាមយានយន្តនឹងមានចំនួន៧,២ពាន់លានជើងដែលស្មើប្រមាណ៨០%នៃការធ្វើដំណើរសរុបនៅក្នុងស្រុក៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


តើមានកត្តាអ្វីខ្លះធ្វើឱ្យចំនួនក្រុមហ៊ុន និងសាជីវកម្មដែលក្ស័យធននៅជប៉ុន កើនឡើងខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេល១១ឆ្នាំកន្លងមកនេះ?

ស្ថានភាពរបស់សហគ្រាសធុនតូច និងមធ្យមនៅប្រទេសជប៉ុន កំពុងស្ថិតក្នុងចំណុចរបត់នៃបញ្ហាប្រឈមខ្លាំងនៅពេលបច្ចុប្បន្ននេះ។ ទីភ្នាក់ងារព័ត៌មាន ក្យូដូ ប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ