
លោក ភីធើ ហូវីត (Peter Howitt) ដែលទទួលបានពានរង្វាន់ណូបែលផ្នែកសេដ្ឋកិច្ចនៅឆ្នាំនេះ បានព្រមានថា បញ្ញាសិប្បនិម្មិតបានផ្តល់លទ្ធភាពដ៏អស្ចារ្យក្នុងការធ្វើកិច្ចការក្នុងវិស័យផ្សេងៗ ប៉ុន្តែគេគួរតែគ្រប់គ្រងវាឱ្យបានត្រឹមត្រូវ ព្រោះកម្មវិធីនេះមានសក្តានុពលខ្ពស់ក្នុងការបំផ្លាញការងាររបស់មនុស្សជាតិ។ ការលើកឡើងរបស់ម្ចាស់លាភីណូបែលសេដ្ឋកិច្ចសញ្ជាតិកាណាដា និងជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យមួយនៅសហរដ្ឋអាម៉េរិកនេះ បានធ្វើឡើងចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីរបៀបដែល AI នឹងជះឥទ្ធិពលដល់សង្គម និងទីផ្សារការងារ។
ស្ថិតក្នុងវ័យ៧៩ឆ្នាំ លោក Peter ជាអ្នកសេដ្ឋកិច្ចម្នាក់ក្នុងចំណោមបីនាក់ ដែលទទួលបានពានរង្វាន់ណូបែលផ្នែកសេដ្ឋកិច្ច សម្រាប់ការងារស្រាវជ្រាវលើរបៀប ដែលបច្ចេកវិទ្យាជំរុញសេដ្ឋកិច្ច និងផលប៉ះពាល់ទៅលើកំណើនសេដ្ឋកិច្ច។ លោកលើកឡើងថ្មីៗនេះថា វានៅតែត្រូវបានគេមើលឃើញថា អ្នកណានឹងក្លាយជាអ្នកដឹកនាំនៅក្នុងកម្មវិធី AI ប៉ុន្តែគេមិនដឹងឡើយថា តើឥទ្ធិពលបំផ្លិចបំផ្លាញដោយសារការច្នៃប្រឌិតនេះនឹងទៅជាយ៉ាងណានោះទេ នាពេលអនាគត។
ជាមួយគ្នានេះ មូលនិធិរូបិយវត្ថុអន្តរជាតិ ក៏មានចក្ខុវិស័យស្រដៀងនឹងម្ចាស់ពានរង្វាន់ណូបែលផ្នែកសេដ្ឋកិច្ចខាងលើចំពោះកម្មវិធី AI ផងដែរ។ ប្រធានមូលនិធិ IMF លោកស្រី Kristalina Georgieva បាននិយាយនៅដើមសប្តាហ៍នេះថា ប្រទេសនានាជុំវិញពិភពលោកខ្វះមូលដ្ឋានច្បាប់ និងក្រមសីលធម៌ក្នុងការគ្រប់គ្រងការកើនឡើងយ៉ាងឆាប់រហ័សនូវកម្មវិធី AI។
លោកស្រីបានបន្តថា IMF មានការព្រួយបារម្ភជាខ្លាំងថា គម្លាតរវាងប្រទេសមានសេដ្ឋកិច្ចជឿនលឿន និងប្រទេសមានប្រាក់ចំណូលទាប ចំពោះការត្រៀមខ្លួនសម្រាប់ AI កំពុងកើនឡើងជាខ្លាំង ហើយវាកំពុងធ្វើឱ្យប្រទេសកំពុងអភិវឌ្ឍន៍កាន់តែពិបាកក្នុងការតាមទាន់កម្មវិធីនេះ ដូច្នេះ IMF ជំរុញឱ្យក្រុមសង្គមស៊ីវិលប្រុងប្រយ័ត្នចំពោះបញ្ហានេះ៕
ដោយ៖ សុខ មង្គល