កំពង់ផែក្រុងព្រះសីហនុ

ជប៉ុនផ្ដល់កម្ចីជាង៣៨០លានដុល្លារសម្រាប់កម្ពុជាអភិវឌ្ឍកំពង់ផែក្រុងព្រះសីហនុ


រាជរដ្ឋាភិបាលជប៉ុន បានផ្តល់កម្ចីសម្បទាន ដែលមានទំហំទឹកប្រាក់ប្រមាណ ៣៨៣លានដុល្លារ ដើម្បីអនុវត្តគម្រោងអភិវឌ្ឍន៍ចំណតកុងតឺន័រថ្មី នៅកំពង់ផែក្រុងព្រះសីហនុ ជំហានទី១ ក្នុងឱកាសនៃកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ នាចុងសប្ដាហ៍មុននេះ។
កំពង់ផែក្រុងព្រះសីហនុ

ប្រមុខរាជរដ្ឋាភិបាល និងអ្នកជំនាញ បានបង្ហាញក្ដីរំពឹងយ៉ាងមុតមាំថា ការផ្ដល់ឥណទានពីរដ្ឋាភិបាលជប៉ុននេះ មិនត្រឹមតែបង្កើនចំណងមិត្តភាពទ្វេរភាគីកម្ពុជា-ជប៉ុន ប៉ុណ្ណោះទេ តែវានឹងរួមចំណែកយ៉ាងសំខាន់ ដល់ការពង្រីក និងការធ្វើទំនើបកម្មកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ ព្រមទាំងប្រែក្លាយកំពង់ផែនេះ ទៅជាកំពង់ផែទឹកជ្រៅស្នូលសម្រាប់ប្រទេសកម្ពុជា និងតំបន់ បង្កើនការនាំចេញ និងជំរុញដល់កំណើនសេដ្ឋកិច្ចកម្ពុជា។

យោងតាមក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា កាលពីថ្ងៃទី៦ ខែសីហា បន្ទាប់ពីបានពិភាក្សាការងារជាមួយ ឯកឧត្តម ហាយ៉ាស៊ិ យ៉ុស៊ិម៉ាសា រដ្ឋមន្ត្រីការបរទេសជប៉ុនរួចហើយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានអញ្ជើញជាអធិបតីភាព ក្នុងពិធីចុះហត្ថលេខាលើឯកសារសំខាន់ៗ ចំនួនពីរ។ ទី១៖លិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធ ស្តីពីការផ្តល់ឥណទានសម្បទានប្រាក់យ៉េនដែលមានទឹកប្រាក់ជាង ៤១ពាន់ប៊ីលានយ៉េន ស្មើនឹងប្រមាណ ៣៨៣លានដុល្លារ សម្រាប់ការអនុវត្តគម្រោងអភិវឌ្ឍន៍ ចំណតផែកុងតឺន័រថ្មី នៅកំពង់ផែក្រុងព្រះសីហនុ ជំហានទី១ ដែលចុះហត្ថលេខារវាង ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រ កម្ពុជា និង ឯកឧត្តម ហាយ៉ាហ្ស៊ី យ៉ូហ៊ីម៉ាសា រដ្ឋមន្ត្រីការបរទេសជប៉ុន។ និងទី២៖ កិច្ចព្រមព្រៀងឥណទានសម្បទានសម្រាប់គម្រោងខាងលើ រវាងឯកឧត្ដម ហែម វណ្ណឌី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកស្រី កាមេ ហាវឺ ប្រធាន តំណាង JICA ប្រចាំកម្ពុជា។

ជុំវិញការផ្ដល់ឥណទានសម្បទានរបស់រដ្ឋាភិបាលជប៉ុន ក្នុងការចូលរួមអភិវឌ្ឍន៍កំពង់ផែក្រុងព្រះសីហនុនេះដែរ ត្រូវបានឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្ដុភារកម្មកម្ពុជា បង្ហាញការសាទរនិងត្រេកអរយ៉ាងខ្លាំង ដោយលោកបានចាត់ទុកកិច្ចការនេះ ជាការរួមចំណែកដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។ ដ្បិតថា បច្ចុប្បន្ន កម្ពុជា មិនទាន់រួចផុតពីការឆ្លងរាលដាលនូវជំងឺកូវីដ១៩ និងបញ្ហាប្រឈមជាបន្តបន្ទាប់ តែឧកញ៉ា ស៊ិន ចន្ធី បានកត់សម្គាល់ឃើញថា សកម្មភាពនាំទំនិញចេញ-ចូល ហាក់មានការកើនឡើងគួរឲ្យកត់សម្គាល់។ ម្យ៉ាងវិញទៀត តាមរយៈការចូលរួមកែលម្អកពង់ផែក្រុងព្រះសីហនុនេះ នឹងកាន់តែធ្វើឲ្យវិស័យដឹកជញ្ជូន និងឡូជីស្ទីកបន្តរីកចម្រើន ក៏ដូចជា ជំរុញកំណើននៃការនាំចេញ។

បើតាមក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានចាត់ទុកឥណទានសម្បទាននេះ គឺជាការរួមចំណែកយ៉ាងសំខាន់ ដល់ការពង្រីក និងធ្វើទំនើបកម្មកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងដើម្បីប្រែក្លាយកំពង់ផែនេះ ទៅជាកំពង់ផែទឹក ជ្រៅស្នូល សម្រាប់ប្រទេសកម្ពុជា និងក្នុងតំបន់ ស្របតាមការប្តេជ្ញាចិត្ត របស់នាយករដ្ឋមន្ត្រីនៃ ប្រទេសទាំងពីរ គឺកម្ពុជា និងជប៉ុន កាលពីពេលកន្លងមក។ យ៉ាងណាក៏ដោយ នេះមិនមែនជាលើកដំបូងនោះទេសម្រាប់ជប៉ុន ក្នុងការផ្ដល់កម្ចីដើម្បីចូលរួមអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម នៅកម្ពុជា ព្រោះជានិច្ចកាល រដ្ឋាភិបាលជប៉ុន តែងតែបានផ្តល់ឥណទានសម្បទានជាបន្តបន្ទាប់ ដើម្បីចូលរួមពង្រីកសមត្ថភាពកំពង់ផែក្រុងព្រះសីហនុ។

នៅឆមាសទី១ ក្នុងឆ្នាំ២០២២នេះ ទំហំពាណិជ្ជកម្មសរុបរវាង កម្ពុជា-ជប៉ុន សម្រេចបានក្នុងទំហំទឹកប្រាក់ជាង ៩រយពាន់លានដុល្លារ កើនឡើង១៥% បើប្រៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២១។ ក្នុងនោះ កម្ពុជា បាននាំចេញទំនិញទៅកាន់ប្រទេសជប៉ុន ក្នុងទំហំទឹកប្រាក់ជាង ៥រយពាន់លានដុល្លារ កើនឡើង១៣% ខណៈទំនិញដែលកម្ពុជា នាំចូលពីជប៉ុន មានទំហំទឹកប្រាក់ជិត ៤រយពាន់លានដុល្លារ កើនឡើង ១៩% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២១។ នេះបើតាមយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា៕




អត្ថបទបន្ទាប់


អ្នកអភិវឌ្ឍន៍ខុនដូមួយចំនួន ចាប់ផ្ដើមសម្លឹងឃើញឱកាសវិនិយោគខុនដូតម្លៃទាប

ព័ត៌មាន
កន្លងមកការអភិវឌ្ឍខុនដូច្រើនតែមានការអភិវឌ្ឍនៅក្នុងតំបន់កណ្ដាលក្រុង និងតម្លៃខ្ពស់ ប៉ុន្ដែ ថ្មីៗនេះ អ្នកអភិវឌ្ឍន៍មួយចំនួនបានងាកមករកការអភិវឌ្ឍ…

ប្រទេសបង់ក្លាដេស ប្រកាសពីការកើនឡើងតម្លៃប្រេងឥន្ធនៈ បង្កើនការភ័យខ្លាចចំពោះអតិផរណាកាន់តែខ្លាំង

ព័ត៌មាន
ប្រទេសបង់ក្លាដែសបានអនុញ្ញាតឲ្យតម្លៃប្រេងឥន្ធនៈហក់ឡើង ៥០% បន្ថែមទៀតកាលពីចុងសប្ដាហ៍មុននេះ ដែលជាវិធានការមួយកាត់បន្ថយបន្ទុកឧបត្ថម្ភធនរបស់រដ្ឋា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ