
លោក យុន ផន នាយកប្រតិបត្តិក្រុមហ៊ុន លីហួរ វេរលុយ បានឲ្យដឹងថា ការវេរលុយ ឬផ្ទេរប្រាក់តាមរយៈ លីហួរវេរលុយ បានកើនឡើងជាង ៥០% ក្នុងរយៈពេលមួយឆ្នាំជាងចុងក្រោយនេះ ។
លោក យុន ផន នាយកប្រតិបត្តិ ក្រុមហ៊ុន លីហួរ វេរលុយ៖ «ប្រតិបត្តិការនេះ មានការកើនឡើង ដោយសារតែ បងប្អូនយើង គាត់ទទួលបានការអប់រំពីក្រសួងសុខាភិបាល ស្ដីអំពី ៣កុំ ៣ការពារ។ អ៊ីចឹងហើយ គាត់ប្រើប្រព័ន្ធឌីជីថលនេះ ដើម្បីវេរលុយ ហើយមួយទៀត ប្រព័ន្ធឌីជីថលវេរលុយ គឺងាយស្រួល ធ្វើឱ្យគាត់ សន្សំសំចៃពេលវេលា សន្សំសំចៃប្រាក់កាស»។
លោក យុន ផន បានបន្ថែមថា ឥឡូវនេះ ដើម្បីលើកទឹកចិត្តដល់អតិថិជន ក៏ដូចជាភ្នាក់ងាររបស់ខ្លួន ក្រុមហ៊ុនលីហួរ វេរលុយ បានបើកយុទ្ធនាការពិសេសមួយ គឺ លីហួរ វេរឈ្នះ ។
នាយកប្រតិបត្តិក្រុមហ៊ុន លី ហួរ វេរលុយ រូបនេះពន្យល់ថា៖ «ប្រូម៉ូសិន ដែលក្រុមហ៊ុន លីហួរ វេរលុយ បានធ្វើរាល់ថ្ងៃនេះ គឺវេរលុយឈ្នះ ដោយមានអតិថិជនបីប្រភេទ អាចឈ្នះរង្វាន់ ទី១ គឺប្រជាពលរដ្ឋទូទៅ ជាពិសេសបងប្អូនកម្មករកម្មការនី ពេលគាត់ទៅវេរលុយ នៅលីហួរវេរលុយ មួយណាក៏បានដែរ គាត់នឹងមានឱកាសឈ្នះរង្វាន់។ ទី២ គឺដៃគូអាជីវកម្មរបស់យើង គឺបងប្អូនភ្នាក់ងារ ដោយគាត់គ្រាន់តែ បម្រើសេវាកម្មផ្ទេរប្រាក់ជូនអតិថិជន ក៏គាត់មានឱកាសឈ្នះរង្វាន់ដែរ។ មួយទៀត គឺបងប្អូនពលករនៅប្រទេសកូរ៉េ គាត់គ្រាន់ទៅវេរលុយនៅ GME ឬក៏ប្រើអ៊ែប GME ដើម្បីវេរលុយមកកាន់លីហួរវេរលុយ នោះគាត់នឹងមានឱកាសឈ្នះរង្វាន់។ ដោយរង្វាន់មានច្រើនប្រភេទ គឺ៥០ដុល្លារ ដល់៥០០ដុល្លារ»។

នៅឯភ្នាក់ងារលីហួរវេរលុយមួយកន្លែង នៅតាមបណ្ដោយផ្លូវជាតិលេខ ៦ អា, ជាប់នឹងផ្សារព្រែកអញ្ចាញ ស្ថិតក្នុងខេត្តកណ្ដាល លោក សុវណ្ណរ៉ា កក្កដា បានធ្វើជាភ្នាក់ងារលីហួរវេរលុយ ជាង១ឆ្នាំហើយ ។
លោកថា អាជីវកម្មវេរលុយនេះបានផ្ដល់ជាចំណូលបន្ថែម ទៅលើអាជីវកម្មដូរលុយនិងលក់ដូរដែលមានស្រាប់របស់លោក
លោក សុវណ្ណរ៉ា កក្កដា អាជីវករ និងជាភ្នាក់ងារលីហួរវេរលុយ ផ្សារព្រែកអញ្ចាញ៖ «ទទួលបានផលប្រយោជន៍ ដូចជាការវេរលុយ ការបង់ប្រាក់កម្ចីពីធនាគារលីហួរ SBI និងធនាគារក្រុមហ៊ុនលីហួរ លីស៊ីងជាដើម និងទទួលបានការវេរលុយជាច្រើន សម្រាប់ទៅគ្រប់ខេត្តក្រុង និងបានចំណូចពីការប្ដូរប្រាក់បន្ថែមទៀត»។

សូមបញ្ជាក់ថា លីហួរវេរលុយ គឺជាក្រុមហ៊ុនផ្ដល់សេវាទូទាត់ប្រាក់ដ៏ធំមួយនៅកម្ពុជា ដែលមានភ្នាក់ងារវេរលុយជាដៃគូ ជិត ៦ពាន់កន្លែង នៅទូទាំងប្រទេស ។
លីហួរវេរលុយ ផ្ដល់សេវាកម្មជាច្រើន ដូចជា វេរលុយ ដាក់លុយ ដកលុយ បង់ទឹក បង់ភ្លើង បង់សំរាម បញ្ចូលលុយទូរសព្ទ បង់វិក្កយបត្រ បើកប្រាក់បៀវត្ស និងទំលាក់ទុនឥណទាន ៕