ទស្សនារមណីយដ្ឋានអង្គរ

ជនបរទេសស្នាក់នៅកម្ពុជាលើសពី២ឆ្នាំ អាចចូលទស្សនារមណីយដ្ឋានអង្គរ ដោយមិនគិតថ្លៃ


ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានគូសបញ្ជាក់ថា ខេត្តសៀមរាប គឺជាខេត្តគោលដៅដ៏មានសារៈសំខាន់ក្នុងការស្ដារសកម្មភាពទេសចរឡើងវិញ និងជំរុញកំណើនភ្ញៀវទេសចរ នាឆ្នាំ២០២២ និងឆ្នាំបន្ទាប់ ទើបរដ្ឋាភិបាលសម្រេចលើកទឹកចិត្តសម្រាប់ភ្ញៀវទេសចរ ដោយបង្កើនសុពលភាពសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ និងអនុញ្ញាតឲ្យជនបរទេសផ្ទៃក្នុង ដែលស្នាក់នៅកម្ពុជាលើសពី២ឆ្នាំ អាចចូលទស្សនារមណីយដ្ឋានអង្គរ ដោយមិនគិតថ្លៃផងដែរ។
ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍

ថ្លែងនាពិធីប្រកាសផ្សព្វផ្សាយសមាសភាព និងយន្តការអនុវត្តចំណុះឱ្យគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍ សៀមរាប-អង្គរ អមជាមួយការប្រកាសផែនការសកម្មភាពនៃផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប (ឆ្នាំ២០២២-២០២៣) ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានគូសបញ្ជាក់យ៉ាងដូច្នេះ ស្ថិតក្នុងវិបត្តិកូវីដ១៩ វិស័យទេសចរណ៍ បានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ហើយរហូតមកដល់ពេលនេះ វិស័យនេះក៏នៅបន្តរងគ្រោះនៅឡើយ បើទោះបី រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវផែនការស្ដារ និងយុទ្ធសាស្រ្ត ជាបន្តបន្ទាប់ ក៏ដោយចុះ។ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងទេសចរណ៍បានបន្តថា ជាចក្ខុវិស័យសម្រាប់វិស័យទេសចរណ៍ ក្នុងការស្ដារឡើងវិញ ក៏ដូចជា ជំរុញកំណើនទេសចរផ្ទៃក្នុង និងទេសចរបរទេស នាឆ្នាំ២០២២ និងឆ្នាំ២០២៣ រាជរដ្ឋាភិបាលកម្ពុជា បានបន្តលើកទឹកចិត្តដល់ភ្ញៀវទេសចរអន្តរជាតិផ្ទៃក្នុង ដោយបង្កើនសុពលភាពសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ និងអនុញ្ញាតឲ្យជនបរទេសផ្ទៃក្នុង ដែលស្នាក់នៅកម្ពុជាលើសពី២ឆ្នាំ អាចចូលទស្សនារមណីយដ្ឋានអង្គរ ដោយមិនគិតថ្លៃ ផងដែរ។ ជាមួយគ្នានោះ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ក៏បានបង្ហាញនូវគំនិតសុទិដ្ឋិនិយម និងក្ដីរំពឹង ផងដែរថា តាមរយៈការដាក់ចេញនូវគោលការណ៍នេះ នឹងជំរុញបន្ថែមនូវលំហូរទេសចរផ្ទៃក្នុង នៅខេត្តសៀមរាប ថែមទៀត។

ឯកឧត្តម ថោង ខុន បានគូសបញ្ជាក់ទៀតថា ស្របពេលស្ថានភាពនៃការឆ្លងកូវីដ១៩ នៅលើសាកលលោកបាននិងកំពុងថមថយ វិស័យទេសចរណ៍ពិភពលោក នៅឆ្នាំ២០២២នេះ សង្ឃឹមថា នឹងមានភាពល្អប្រសើរ ដោយការចាប់ផ្ដើមកម្រើកឡើងវិញនូវចរន្តនៃការធ្វើដំណើររបស់ទេសចរអន្តរជាតិ ពិសេសការបន្ធូបន្ថយលើការរឹតត្បិត និងការដករបាំង ដែលជាលក្ខខណ្ឌនានា លើការធ្វើដំណើរ ជាអន្តរជាតិរបស់ប្រទេសភាគច្រើនលើពិភពលោក។ ក៏ប៉ុន្តែ បើទោះជាបែបនេះក្ដី បើយោងតាមការព្យាកររបស់អង្គការទេសចរណ៍ពិភពលោក ចំនួនទេសចរអន្តរជាតិ នាឆ្នាំ២០២២ នេះ អាចនឹងថយចុះចន្លោះពី ៣០% ទៅ ៤០% ដោយសារបន្តការគំរាមកំហែងពីការវិវត្តន៍ជាបន្តនៃជំងឺកូវីដ១៩ និងជំងឺឆ្លងថ្មីៗ ក៏ដូចជា វិបត្តិសង្រ្គាមរវាងរុស្សី និងអ៊ុយក្រែន ដែលធ្វើឲ្យមានអតិផរណា និងការកើនឡើងនៃថ្លៃទំនិញផ្សេង ពិសេសប្រេងឥន្ធនៈ ជាដើម។ នេះបើតាមការគូសបញ្ជាក់បន្ថែមពីឯកឧត្តម ថោង ខុន។

ស្របពេលជាមួយគ្នានោះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានគូសបញ្ជាក់ថា ដើម្បីចូលរួមស្ដារ និងជំរុញវិស័យទេសចរណ៍ឲ្យប្រសើរឡើងវិញ រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកការចាក់វ៉ាកសាំងជូនពលរដ្ឋជាយុទ្ធសាស្រ្តចម្បង និងទទួលបាននូវផ្លែផ្កាគួរជាទីមោទន ដែលអនុញ្ញាតឲ្យកម្ពុជា អាចបើកសង្គម និងសេដ្ឋកិច្ច​ ពេញលេញឡើងវិញ ស្ទើគ្រប់វិស័យ ដែលនឹងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងរង្វង់ ៥% នៅក្នុងឆ្នាំ២០២២នេះ។ យ៉ាងណាមិញ ដើម្បីស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ ប្រកបដោយភាពធន់ និងបរិយាបន្ន រាជរដ្ឋាភិបាលបានដាក់ឲ្យអនុវត្តនូវក្របខណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីស្ដារនិងរស់នៅជាមួយកូវីដ១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២១-២០២៣។ ខណៈរាជរដ្ឋាភិបាលបានដាក់ចេញវិធានការជាបន្តបន្ទាប់ទៀត ដើម្បីគាំទ្រការបើកដំណើរការ និងការកែលម្អអាជីវកម្មក្នុងវិស័យទេសចរណ៍ ដូចជា គម្រោងសហហិរញ្ញប្បទានស្ដារវិស័យទេសចរណ៍,ការលើកលែងការបង់ពន្ធប្រចាំខែគ្រប់ប្រភេទលើអាជីវកម្មទេសចរណ៍ ជាដើម។

យ៉ាងណាមិញ ក្រុមអ្នកជំនាញ បានកត់សម្គាល់ឃើញថា ការដាក់ចេញជាបន្តបន្ទាប់នូវផែនការ យុទ្ធសាស្រ្ត ក្នុងការស្ដារវិស័យទេសចរណ៍ និងការលុបចេញនូវរបាំង ដែលជាលក្ខខណ្ឌនានា លើការធ្វើដំណើរចូលមកកម្ពុជា បានជំរុញឲ្យចរន្តទេសចរផ្ទៃក្នុង និងទេសចរបរទេស​ចូលមកកម្ពុជា ពិសេសកំណើននៃការតភ្ជាប់ឡើងវិញនូវជើងហោះហើរចូលមកកម្ពុជា មានកំណើនគួរឲ្យកត់សម្គាល់ ហើយនេះគឺជាសញ្ញាញវិជ្ជមាននៃការងើបឡើងវិញនៃវិស័យទេសចរណ៍កម្ពុជា។ ជាក់ស្ដែង នៅឆមាសទី១ ក្នុងឆ្នាំ២០២២ មានចរអន្តរជាតិមកកាន់កម្ពុជាមានប្រមាណជាង ៥០ម៉ឺននាក់ និងទេសចរផ្ទៃក្នុងប្រមាណ៦លាននាក់។ កម្ពុជារំពឹងថានឹ ងអាចទទួលបានភ្ញៀវទេសចរអន្តរជាតិ ក្នុងរង្វង់ប្រមាណ ១លាននាក់ នៅក្នុងឆ្នាំ២០២២នេះ ហើយនិងមានប្រមាណ ២លាននាក់ នៅក្នុងឆ្នាំ២០២៣ ខាងមុខ ជាឆ្នាំដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម លើកទី៣២ផងដែរ។ នេះបើយោងតាមការបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងទេសចរណ៍៕




អត្ថបទបន្ទាប់


ធនាគារអេស៊ីលីដា ផ្ញើសាររំលែកទុក្ខ ឯកឧត្តម នាវ ស៊ីថុង និងក្រុមគ្រួសារ

ព័ត៌មាន
ប្រធាននាយកប្រតិបត្តិនៃធនាគារអេស៊ីលីដា បណ្ឌិត អ៊ិន ចាន់នី បានផ្ញើសាររំលែកទុក្ខដល់ឯកឧត្តម នាវ ស៊ីថុង និងក្រុមគ្រួសារ ចំពោះមរណភាពរបស់លោក…

អតិថិជន និងភ្នាក់ងារ ពីររូបឈ្នះរង្វាន់ម៉ូតូពីរគ្រឿងដំបូងពី លី ហួរ វេរលុយ

ព័ត៌មាន
អតិថិជន និងភ្នាក់ងារ របស់ លី ហួរ វេរលុយ ចំនួនពីររូប បានឈ្នះរង្វាន់ម៉ូតូ Honda Dream ស៊េរី ឆ្នាំ ២០២២ ចំនួន ពីរគ្រឿង សម្រាប់ខែទី១ ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ