ទន្ទឹមនឹងស្ថានការឧបទ្វីបកូរ៉េ កាន់តែក្ដៅងុំ និងមានការគំរាមបាញ់កំទេចដោយមីស៊ីលជាញឹកញ៉ាប់ពីសំណាក់ទីក្រុងព្យុយ៉ាងនោះ ទីក្រុងសេអ៊ូឯណោះវិញ ក៏បានលើកឡើងដែរថា ខ្លួនកំពុងតែធ្វើការពិភាក្សាជាមួយសម្ព័ន្ធមិត្តអាមេរិក ដើម្បីរៀបចំធ្វើសមយុទ្ធប្រើប្រាស់នុយក្លេអ៊ែផងដែរ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗ។
នៅឯកិច្ចប្រជុំនៃគណបក្សកម្មករកូរ៉េដែលកំពុងក្តោបក្តាប់អំណាចក្នុងប្រទេសដ៏កោមួយនេះ លោក គីម ជុនអ៊ុន គូសបញ្ជាក់ពីតម្រូវការដើម្បីទទួលបាន «អំណាចយោធាដ៏លើសលប់» ដើម្បីការពារអធិបតេយ្យភាព និងសន្តិសុខរបស់ខ្លួន។ កិច្ចប្រជុំនេះ បានកើតឡើងចំពេលមានភាពតានតឹងនៅតាមព្រំដែនកាលពីសប្តាហ៍មុន ដោយយន្តហោះគ្មានមនុស្សបើករបស់កូរ៉េខាងជើងបានហោះចូលទៅក្នុងភាគខាងត្បូង និងការបាញ់មីស៊ីលជាបន្តបន្ទាប់របស់កូរ៉េខាងជើង រួមទាំងមីស៊ីលផ្លោងអន្តរទ្វីប (ICBMs) ផងដែរ។
ស្របពេលភាពតានតឹងនៅតែបន្ដឆាបឆួល ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk-yeol បាននិយាយនៅក្នុងបទសម្ភាសន៍មួយថា កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកកំពុងពិភាក្សាគ្នាអំពីផែនការ និងសមយុទ្ធរួមគ្នា ដែលអាចធ្វើទៅបាន ដោយប្រើប្រាស់ធនធាននុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក ដើម្បីជាការឆ្លើយតបទៅនឹងការប្រឈមមុខនឹងការគំរាមកំហែងនុយក្លេអ៊ែរ និងមីស៊ីលដែលកំពុងកើនឡើងរបស់ប្រទេសកូរ៉េខាងជើង។
យោងតាមកាសែត Chosun Ilbo បានដកស្រង់សម្តីលោក Yoon ដោយនិយាយថា «ផែនការនៃការធ្វើសមយុទ្ធរួមគឺមានគោលបំណងអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាពនៃ «ការការពាររារាំងបន្ថែម» របស់សហរដ្ឋអាមេរិក ដោយលោកសង្កត់ធ្ងន់ថា «អាវុធនុយក្លេអ៊ែរជាកម្មសិទ្ធិរបស់សហរដ្ឋអាមេរិក ប៉ុន្តែការធ្វើផែនការ ការចែករំលែកព័ត៌មាន សមយុទ្ធ និងការហ្វឹកហ្វឺនគួរតែរួមគ្នាធ្វើឡើងដោយកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក» ដោយថា ទីក្រុងវ៉ាស៊ីនតោនក៏មានភាពវិជ្ជមានអំពីគំនិតផែនការ ដែលលោកលើកឡើងនេះដែរ។
មែនទែនទៅ នៅក្នុងកិច្ចប្រជុំនៃបក្សពលករកូរ៉េនោះ បុរសខ្លាំង គីម ជុងអ៊ុន បានធ្វើការចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងសេអ៊ូលចំៗពីការព្យាយាម «កាត់ផ្តាច់និងរារាំង» ទីក្រុងព្យុងយ៉ាង ជាមួយនឹងការដាក់ពង្រាយនៃធនធានយោធា ដើម្បីវាយប្រហារនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក។ ឧបករណ៍យោធាទាំងនេះ ត្រូវបានដាក់ពង្រាយឥតឈប់ឈរនៅក្នុងប្រទេសកូរ៉េខាងត្បូង ហើយអាចចាត់ទុកបានថា មិនធ្លាប់មានឡើយក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ។
បន្ថែមពីនោះ លោក គីម ជុងអ៊ុន បានគូសបញ្ជាក់ពីសារៈសំខាន់ និងភាពចាំបាច់នៃការផលិតអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រឱ្យកាន់តែធំនិងខ្លាំងក្លា ព្រមទាំងការអំពាវនាវឱ្យពង្រីកឃ្លាំងអាវុធនុយក្លេអ៊ែររបស់ប្រទេស» ដោយបន្ថែមថា វានឹងក្លាយជា «ទិសដៅសំខាន់» នៃយុទ្ធសាស្ត្រនុយក្លេអ៊ែរ និងការពារជាតិឆ្នាំ២០២៣។
យោងតាមទីភ្នាក់ងារសារព័ត៌មាន KCNA បានចុះផ្សាយថា លោក គីម ជុងអ៊ុន បានប្តេជ្ញាថា នឹងអភិវឌ្ឍប្រព័ន្ធមីស៊ីលអន្តរទ្វីប ICBM មួយផ្សេងទៀត ដែលមានបេសកកម្មចម្បង គឺការប្រឆាំងនុយក្លេអ៊ែររហ័ស ក្រោមផែនការដើម្បីពង្រឹងកម្លាំងនុយក្លេអ៊ែរ។ លោក គីម បាននិយាយផងដែរថា កូរ៉េខាងត្បូងបានក្លាយទៅជា «សត្រូវដ៏ធំរបស់ព្យុងយ៉ាង» ដែលពេលកន្លងមកបានគន្លើនក្នុងការកសាងអាវុធដែលមិនប្រុងប្រយ័ត្ន និងគ្រោះថ្នាក់» ដ៏ដូចជាការសម្ញែញសាច់ដុំយោធាប្រកបដោយគ្រោះថ្នាក់ផងដែរ។
ប្រព័ន្ធផ្សព្វផ្សាយ KCNA ក៏បានឱ្យដឹងទៀតថា ជាផ្នែកមួយនៃផែនការ កូរ៉េខាងជើងក៏នឹងបាញ់បង្ហោះផ្កាយរណបយោធាដំបូងរបស់ខ្លួននៅក្នុងពេលឆាប់ៗខាងមុខ ដើម្បីពន្លឿនការ បង្កើតផ្កាយរណបចារកម្ម ដោយការបាញ់បង្ហោះនេះ កំពុងត្រៀមរៀបចំនៅដំណាក់កាលចុងក្រោយ៕