បើតាមការស្រង់សម្តីដោយសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានឱ្យដឹងថា ប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន គឺលោកស្រី គីម យ៉ូជុង (Kim Yo Jong) បានចេញមកនិយាយចំៗនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk-yeol និងមន្ត្រីឆ្កួតលីលាផ្សេងទៀតរបស់គេ គឺជាឆ្កែដ៏ស្មោះត្រង់របស់អាមេរិក»។
លោកស្រី គីម យ៉ូជុង ប្អូនស្រីបង្កើតរបស់បុរសខ្លាំងគីម ជុងអ៊ុន បានបន្តទៀតថា «ប្រសិនបើកូរ៉េខាងត្បូង និងអាមេរិក គិតថាអាចគេចផុតពីស្ថានភាពដ៏គ្រោះថ្នាក់នាពេលបច្ចុប្បន្ននេះ តាមរយៈការដាក់ទណ្ឌកម្មនោះ» ពួកគេពិតជាល្ងង់ខ្លៅមែនទែនហើយ ដែលមិនដឹងពីរបៀបនៃការរស់នៅប្រកបដោយសន្តិភាពនោះទេ។ ហើយកូរ៉េខាងជើងបានព្រមានម្តងទៀតថា «ការដាក់ទណ្ឌកម្ម និងសម្ពាធគ្រប់បែបយ៉ាងរបស់សហរដ្ឋអាមេរិក និងឧបាយកលរបស់កូរ៉េខាងត្បូងប្រឆាំងនឹងកូរ៉េខាងជើង នឹងបញ្ឆេះភ្លើងឆេះឱ្យកាន់តែខ្លាំងប៉ុណ្ណោះ»។
ក្រសួងការបរទេសកូរ៉េខាងត្បូងបាននិយាយកាលពីថ្ងៃអង្គារ ទី ២២ វិច្ឆិកាថា ខ្លួនកំពុងពិនិត្យមើលទណ្ឌកម្មលើទីក្រុងព្យុងយ៉ាងបន្ថែមទៀត ដែលជាទណ្ឌកម្មលើវិស័យអ៊ិនធឺណិត គឺស្ថិតក្នុងចំណោមការពិចារណាក្នុងករណី ដែលកូរ៉េខាងជើងនៅតែបន្តបាញ់សាកល្បងមីស៊ីលបន្តទៀតនោះ។
បើគិតក្នុងឆ្នាំនេះ រដ្ឋកូរ៉េខាងជើងបានធ្វើតេស្តសាកល្បងដោយបាញ់បង្ហោះមីស៊ីលជាច្រើនសន្ធឹកសន្ធាប់មិនធ្លាប់មាន ដែលកាលពីសប្តាហ៍មុននេះ ទីក្រុងព្យុងយ៉ាងក៏បានបាញ់មីស៊ីលអន្តរទ្វីបដ៏មានឥទ្ធិពលបំផុតមួយទៀតរបស់ខ្លួនផងដែរ។ ការណ៍នេះហើយបានជំរុញឱ្យកូរ៉េខាងត្បូង និងជប៉ុនខំសម្ញែងរិទ្ធដាក់វិញយ៉ាងខ្លាំងដែរ ដោយមានបងធំអាមេរិកនៅពីក្រោយ បានបើកធ្វើសមយុទ្ធយោធារួមគ្នា ដើម្បីជាការឆ្លើយតបនឹងសកម្មភាពរបស់ទីក្រុងព្យុយ៉ាង។
ក្នុងនោះដែរ សហរដ្ឋអាមេរិកក៏បានជំរុញឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិរួមគ្នាធ្វើការថ្កោលទោសកូរ៉េខាងជើងផងដែរ ព្រមទាំងបានចោទប្រកាន់ចិន និងរុស្ស៊ីថា ជាអ្នកជួយការពារនៅពីក្រោយលើរបបទីក្រុងព្យុងយ៉ាងនេះ។
មែនទែនទៅ ប្រទេសចិន និងរុស្ស៊ីបានគាំទ្រការដាក់ទណ្ឌកម្មរបបអង្គការសហប្រជាជាតិលើកូរ៉េខាងជើងក្នុងឆ្នាំ២០១៧។ ប៉ុន្តែកាលពីខែឧសភាកន្លងទៅនេះ ប្រទេសសម្ព័ន្ធមិត្តទាំងពីរនេះ បានបោះឆ្នោតវេតូជំទាស់ការដាក់ទណ្ឌកម្មបន្ថែមទៀតរបស់អង្គការសហប្រជាជាតិ ដែលស្នើឡើងដោយសហរដ្ឋអាមេរិក៕