កូរ៉េខាងជើង - សហរដ្ឋអាមេរិក

កូរ៉េខាងជើងព្រមានអាមេរិកថា បើហ៊ានបាញ់ទម្លាក់មីស៊ីលសាកល្បងរបស់ខ្លួន នោះស្មើនឹងការប្រកាសសង្គ្រាមហើយ


ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍នៅថ្ងៃអង្គារ ទី៧មីនាថា ប្រទេសកូរ៉េខាងជើងបានព្រមានទុកជាមុនថា រាល់ទង្វើណាមួយក្នុងការបាញ់ទម្លាក់មីស៊ីលសាកល្បងរបស់ខ្លួននឹងត្រូវបានចាត់ទុកថាជា«ការប្រកាសសង្គ្រាម» និងបានថ្កោលទោសសមយុទ្ធយោធារួមគ្នារវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងថា ជាការបង្កើនភាពតានតឹងកាន់តែខ្លាំងនៅឧបទ្វីបកូរ៉េ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានរ៉យទ័រ។
កូរ៉េខាងជើងព្រមានខ្លាំងៗដាក់អាមេរិក បើហ៊ានតែបាញ់ទម្លាក់មីស៊ីលខ្លួន រូបភាព japan times

លោកស្រី Kim Yo Jong ដែលជាប្អូនស្រីបង្កើតដ៏មានឥទ្ធិពលរបស់មេដឹកនាំកូរ៉េខាងជើង គឺលោក គីម ជុងអ៊ុន បានព្រមានថា ទីក្រុងព្យុងយ៉ាងនឹងចាត់ទុកថា ជាការ«ប្រកាសសង្រ្គាម» ល្គឹកណាសហរដ្ឋអាមេរិកបានចាត់វិធានការយោធាប្រឆាំងនឹងការសាកល្បងអាវុធយុទ្ធសាស្ត្ររបស់កូរ៉េខាងជើង ហើយលោកស្រីបានបញ្ជាក់ថា កូរ៉េខាងជើងអាចនឹងបាញ់មីស៊ីលថែមទៀតចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកផងដែរ។

ក្នុងពេលកន្លងមកនេះសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនមិនដែលបាញ់ទម្លាក់មីស៊ីលសាកល្បងរបស់កូរ៉េខាងជើង ដែលត្រូវបានហាមឃាត់ដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិម្ដងណាឡើយ ប៉ុន្តែបញ្ហានេះបានធ្វើឱ្យមានការពិនិត្យពិច័យឡើងវិញចាប់តាំងពីកូរ៉េខាងជើងបានបង្ហាញថា ខ្លួននឹងបាញ់មីស៊ីលហោះរំលងដែនអាកាសប្រទេសជប៉ុនថែមទៀត។

មេដឹកនាំកូរ៉េខាងជើងបាននិយាយថា មហាសមុទ្រប៉ាស៊ីហ្វិកមិនមែនជាកម្មសិទ្ធិរបស់សហរដ្ឋអាមេរិក ឬក៏ប្រទេសជប៉ុននោះឡើយ។

ក្រុមអ្នកវិភាគបាននិយាយថា ប្រសិនបើកូរ៉េខាងជើងធ្វើតាមការគំរាមកំហែងរបស់ខ្លួនក្នុងការប្រែក្លាយមហាសមុទ្រប៉ាស៊ីហ្វិកឱ្យទៅជា«កន្លែងសាកល្បងអាវុធ»មែននោះ វានឹងធ្វើឱ្យរដ្ឋឯកោមួយនេះ អាចផលិតអាវុធបច្ចេកទេសទំនើបៗបន្ថែមពីលើការបង្ហាញពីដំណោះស្រាយយោធារបស់ខ្លួន។

ចំណែកប្រធានផ្នែកសារព័ត៌មានបរទេសនៅក្រសួងការបរទេសកូរ៉េខាងជើងវិញបានចោទអាមេរិកថា បានបង្កើនកម្ដៅស្ថានការណ៍តាមរយៈការធ្វើសមយុទ្ធយោធាផ្លូវអាកាសរួមគ្នាជាមួយកូរ៉េខាងត្បូងកាលពីថ្ងៃចន្ទជាមួយវត្តមានយន្តហោះទម្លាក់គ្រាប់បែក B-52 និងការរៀបចំផែនការលំហាត់យោធាផ្លូវគោករួមគ្នាមួយចំនួនរវាងអាមេរិក និងកូរ៉េខាងត្បូងផងដែរ។

ជាការឆ្លើយតបនឹងការចោទប្រកាន់របស់កូរ៉េខាងជើងនេះ ក្រសួងបង្រួបបង្រួមរបស់កូរ៉េខាងត្បូងបាននិយាយថា «ការបន្តអភិវឌ្ឍនុយក្លេអ៊ែរ និងមីស៊ីលឥតឈប់ឈរ»របស់ទីក្រុងព្យុងយ៉ាងទើបសមត្រូវគេស្តីបន្ទោសចំពោះការធ្វើឱ្យស្ថានការណ៍កាន់តែយ៉ាប់យ៉ឺនបែបនេះ។

សហរដ្ឋអាមេរិកបានបញ្ជូនយន្តហោះទម្លាក់គ្រាប់បែក B-52 ឱ្យទៅចូលរួមសមយុទ្ធរួមគ្នាជាមួយយន្តហោះចម្បាំងកូរ៉េខាងត្បូង ជាអ្វីមួយដែលក្រសួងការពារជាតិកូរ៉េខាងត្បូងបាននិយាយថា គឺជាការបង្ហាញពីកម្លាំងប្រឆាំងនឹងការគំរាមកំហែងនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង។

ប្រទេសទាំង២នេះនឹងធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំ រយៈពេលជាង១០ថ្ងៃ ដែលត្រូវបានគេស្គាល់ថា ជាសមយុទ្ធ«ជាខែលការពារសេរីភាព ឬ Freedom Shield»ដែលចាប់ផ្តើមនៅសប្តាហ៍ក្រោយនេះ៕




អត្ថបទបន្ទាប់


កម្ពុជារកចំណូលបាន ៥៤លានដុល្លារពីការលក់ស្លាកលេខរថយន្ដ ក្នុងរយៈពេល ៣ឆ្នាំ

ថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូនបានគូសបញ្ជាក់ថា នៅក្នុងរយៈពេល៣ឆ្នាំចាប់ពីឆ្នាំ២០២០ដល់ឆ្នាំ២០២២ កម្ពុជារកចំណូលបានជាង៥៤លានដុល្លា…

ក្រុមប្រទេសក្រីក្រ អំពាវនាវឲ្យមានការធ្វើបដិវត្តបំណុល នៅឯកិច្ចប្រជុំកំពូល UN

ភាពយ៉ាប់យ៉ឺនដោយសារបំណុលកើនឡើង និងវិបត្តិសាកល ដែលកំពុងញ៉ាំញ៉ី បានជំរុញចិត្តឲ្យមេដឹកនាំមកពីប្រទេសក្រីក្របំផុតរបស់ពិភពលោក បានស្រែកអំពា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ