លោក គីម ជុងអ៊ុន បានជួបជាមួយមន្ត្រី អ្នកវិទ្យាសាស្ត្រ អ្នកបច្ចេកទេស និងកម្មករដែលបានរួមចំណែកដល់ការបាញ់មីស៊ីលកាលពីថ្ងៃព្រហស្បតិ៍ ដែលកូរ៉េខាងជើងបាននិយាយថាគឺជាមីស៊ីលផ្លោងឆ្លងទ្វីប (ICBM) ដ៏ធំបំផុតរបស់ខ្លួន។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA បានរាយការណ៍នៅថ្ងៃនេះ។
មេដឹកនាំកូរ៉េខាងជើងបាននិយាយថា «វាទាល់តែកូរ៉េខាងជើងមានសមត្ថភាពវាយប្រហារដ៏ខ្លាំងក្លា អំណាចយោធាដ៏លើសលប់ ដែលមិនអាចបញ្ឈប់បានដោយអ្នកណាម្នាក់បាន នោះទើបកូរ៉េខាងជើងអាចការពារសង្គ្រាម ធានាសន្តិសុខប្រទេស និងទប់ស្កាត់សង្គ្រាម ព្រមទាំងអាចគ្រប់គ្រងរាល់ការគំរាមកំហែង និងការប្រមាថពីពួកចក្រពត្តិនិយមបាន»។
ខណៈដែលកំពុងត្រួតពិនិត្យដោយផ្ទាល់នូវការសាកល្បងមីស៊ីលថ្មីបំផុតកាលពីថ្ងៃព្រហស្បតិ៍នោះ លោក គីម បាននិយាយថា ប្រព័ន្ធមីស៊ីលថ្មី ICBM ដែលជាមីស៊ីលមានសមត្ថភាពបាញ់ឆ្លងទ្វីបនោះ គឺអាចជួយរារាំងចលនាយោធាណាមួយរបស់សហរដ្ឋអាមេរិក ដែលតែងតែចង់ធ្វើសង្គ្រាមតាមបច្ចេកទេសជាមួយកូរ៉េខាងជើង ច្រើនជាងកិច្ចព្រមព្រៀងសន្ដិភាព បន្ទាប់ពីសង្គ្រាមកូរ៉េឆ្នាំ១៩៥០-១៩៥៣បានបិទបញ្ចប់តាមរយៈបទឈប់បាញ់គ្នា។
រដ្ឋការក្រុងវ៉ាស៊ីនតោនតែងតែព្យាយាមដាក់សម្ពាធលើរដ្ឋាភិបាលក្រុងព្យុងយ៉ាងឱ្យបោះបង់ចោល ឬកាត់បន្ថយឃ្លាំងអាវុធនុយក្លេអ៊ែរ និងមីស៊ីលឆ្លងទ្វីប ICBMs របស់ខ្លួនដែលអាចវាយប្រហារទៅដល់គោលដៅនានានៅក្នុងទឹកដីសហរដ្ឋអាមេរិក។
ប៉ុន្តែលោក គីម ជុងអ៊ុន បានឆ្លើយតបវិញថា កម្លាំងការពារខ្លួនរបស់លោក «មិនអាចទិញលក់ឬដោះដូរជាថ្នូរនឹងអ្វីមួយបានឡើយ» គឺមានតែត្រូវថែរក្សាឱ្យបានរឹងមាំដោយគ្មានការប្រែប្រួលអ្វីបន្តិចឡើយ ទោះបីជាមានការកាត់ទោសនិងជួបការលំបាកខ្លាំងយ៉ាងណាក៏ដោយ។
បុរសខ្លាំងកូរ៉េខាងជើងរូបនេះ បាននិយាយទៀតថា កូរ៉េខាងជើងនឹងបន្តកសាង«កម្លាំងយុទ្ធសាស្ត្រដ៏ល្អឥតខ្ចោះ និងរឹងមាំឱ្យកាន់តែប្រសើរថែមទៀត ជាពិសេសគឺកម្លាំងនុយក្លេអ៊ែររបស់ប្រទេសនេះតែម្ដង។
សហរដ្ឋអាមេរិកបាននិយាយពីថ្ងៃសុក្រថា ខ្លួននឹងជំរុញឱ្យអង្គការសហប្រជាជាតិដាក់ទណ្ឌកម្មទៅលើកូរ៉េខាងជើងឱ្យកាន់តែខ្លាំងថែមទៀតចំពោះ«ការបង្កហេតុដ៏គ្រោះថ្នាក់កាន់តែខ្លាំងបែបនេះ»ប៉ុន្តែប្រទេសចិននិងរុស្ស៊ីបានជំទាស់នឹងទណ្ឌកម្មនេះ ហើយថែមទាំងបានសុំឱ្យមានការបន្ធូរបន្ថយវិធានការបែបនេះមួយចំនួនផងដែរ។
កូរ៉េខាងជើងបាននិយាយថា ការសាកល្បងមីស៊ីលដ៏ធំបំផុតមិនធ្លាប់មាននោះ គឺជាប្រភេទមីស៊ីល ហ្វាស៊ុង១៧ (Hwasong-17) ខណៈដែលកូរ៉េខាងជើងបានផ្អាកបាញ់សាកល្បងមីស៊ីលប្រភេទធំនេះតាំងពីឆ្នាំ២០១៧មកម្ល៉េះ ហើយប្រទេសជប៉ុន និងកូរ៉េខាងត្បូងបានបញ្ជាក់ថា មីស៊ីលនេះបានហោះហើរកាន់តែហោះខ្ពស់ និងយូរជាងមីស៊ីលដែលបានសាកល្បងពីមុនៗរបស់កូរ៉េខាងជើងទៅទៀត។
ប៉ុន្តែក្រុមអ្នកវិភាគបាននិយាយថា ការផ្សព្វផ្សាយរបស់ទូរទស្សន៍រដ្ឋកូរ៉េខាងជើងហាក់ដូចជាកំពុងព្យាយាមកាត់តវីដេអូនៃការបាញ់មីស៊ីលពីមុនៗ ហើយទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់របស់កូរ៉េខាងត្បូងបានរាយការណ៍ពីថ្ងៃអាទិត្យថា មន្ត្រីចារកម្មនៅក្នុងទីក្រុងសេអ៊ូល និងក្រុងវ៉ាស៊ីនតោនជឿថា កូរ៉េខាងជើងពិតជាបានសាកល្បងមីស៊ីលឆ្លងទ្វីប ហ្វាស៊ុង-១៥ ចាស់និងតូចជាងមុនបន្តិច៕
អត្ថបទ៖ សុខ ជា