វិបត្តិសង្គ្រាមអ៊ុយក្រែន-រុស្ស៊ី

អ្នកជំនាញ៖ សេដ្ឋកិច្ចពិភពលោក រួមទាំងកម្ពុជានឹងប៉ះពាល់កាន់តែខ្លាំងនៅឆ្នាំក្រោយ បើសង្គ្រាមនៅអ៊ុយក្រែនបន្តអូសបន្លាយ


អ្នកជំនាញ និងអ្នកជំនួញធំៗនៅកម្ពុជា បានព្រមានពីផលប៉ះពាល់ធ្ងន់ធ្ងរ ដែលអាចកើតមានចំពោះសេដ្ឋកិច្ចពិភពលោក រួមទាំងកម្ពុជានៅឆ្នាំខាងមុខនេះ ប្រសិនបើវិបត្តិសង្គ្រាមនៅអ៊ុយក្រែនមិនត្រូវបានដោះស្រាយ ហើយបន្តអូសបន្លាយពេលកាន់តែយូរ និងរីករាលដាលកាន់តែធំឡើងៗនោះ។ ព្រោះនៅចំពោះមុខ វិបត្តិសង្គ្រាមនេះ ដូចយើងបានឃើញច្បាស់នាពេលបច្ចុប្បន្ននេះហើយ គឺវាបានជំរុញឲ្យតម្លៃថាមពល និងប្រេងឥន្ធនៈសលកមានការកើនឡើងខ្ពស់ ដែលអាចគំរាមកំហែងដល់ខ្សែចង្វាក់ផ្គត់ផ្គង់សកល និងវិបត្តិស្បៀងអាហារផងដែរ។
អ្នកជំនាញ៖ សេដ្ឋកិច្ចពិភពលោក រួមទាំងកម្ពុជានឹងប៉ះពាល់កាន់តែខ្លាំងនៅឆ្នាំក្រោយ បើសង្គ្រាមនៅអ៊ុយក្រែនបន្តអូសបន្លាយ

ទោះយ៉ាងណាអ្នកជំនាញជឿជាក់ថា នៅឆ្នាំនេះ សេដ្ឋកិច្ចកម្ពុជា​នឹងនៅតែមានភាពរឹងមាំ និងអាចសម្រេចកំណើនសេដ្ឋកិច្ច​តាមការព្យាកររបស់ស្ថាប័នអន្តរជាតិ និងរាជរដ្ឋាភិបាលកម្ពុជា ដ្បិតថា បច្ចុប្បន្ន​សេដ្ឋកិច្ច​កម្ពុជា​កំពុង​បើកចំហរ និងមានសម្ទុះងើបឡើងវិញជាបណ្ដើរៗហើយ។

អ្នកឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកក្រុមហ៊ុនវើលដ៍ប្រ៊ីដគ្រុបបានវាយតម្លៃថាស្ថានភាពសេដ្ឋកិច្ចពិភពលោករួមទាំងកម្ពុជានៅឆ្នាំក្រោយ អាចនឹងកាន់តែយ៉ាប់យ៉ឺន​ប្រសិនបើវិបត្តិសង្ក្រាមនៅអ៊ុយក្រែននៅតែគ្មានដំណោះស្រាយ ហើយបន្តអូសបន្លាយពេលកាន់តែយូររហូតធ្វើឲ្យប៉ះពាល់ដល់ខ្សែចង្វាក់ផ្គត់ផ្គង់សកលកាន់តែធ្ងន់ធ្ងរ ខណៈបច្ចុប្បន្ន វិបត្តិនេះកំពុងធ្វើឲ្យប៉ះពាល់ដល់ខ្សែចង្វាក់ផ្គត់ផ្គង់ខ្លះៗរួចហើយ ហើយវាក៏កំពុងបង្កឲ្យ​មានវិបត្តិខ្វះខាតស្បៀងអាហារ នឹងវិបត្តិសេ​ដ្ឋកិច្ចជាដើម។ អ្នកជំនួញឈានមុខគេនៅកម្ពុជា​រូបនេះ សង្កត់ធ្ងន់ថា សេដ្ឋកិច្ចពិភពលោក​នឹងរងផលប៉ះពាល់កាន់តែខ្លាំងមួយកម្រិតទៀត ប្រសិនសង្គ្រាមរុស្ស៊ីវាយចូលឈ្លានពានអ៊ុយក្រែនរីកដុះដាលកាន់តែធំរហូត​ក្លាយជាសង្គ្រាមលោកលើកទី៣។

ទោះបីវិបត្តិកូវីដ-១៩និងសង្គ្រាមនៅអ៊ុយក្រែន​បាននិងកំពុងគំរាមកំហែងដល់សេដ្ឋកិច្ចសកល​ក៏ដោយ អ្នកឧកញ៉ា សៀ ឫទ្ធី នៅតែមានសុទិដ្ឋិនិយមខ្ពស់ចំពោះស្ថានភាពសេដ្ឋកិច្ចកម្ពុជានៅឆ្នាំនេះ។ អ្នកជំនួញដ៏ល្បីល្បាញរូបនេះជឿជាក់ថា នៅឆ្នាំនេះ​សេដ្ឋកិច្ចកម្ពុជានឹងអាចរក្សាបានកំណើនក្នុងរង្វង់៥% ដូចទៅនឹងអ្វី ដែលស្ថាប័នអន្តរជាតិក៏ដូចជារាជរដ្ឋាភិបាលបានព្យាករកន្លងមក។

បន្ថែមលើនេះ អ្នកឧកញ៉ា សៀ ឫទ្ធី ជឿជាក់ថា ស្ថានភាពសេដ្ឋកិច្ចកម្ពុជា​នឹងមានភាពល្អប្រសើរ​មួយកម្រិតទៀត ប្រសិនបើវិស័យ​ទេសចរណ៍​ ដែលជាសសរស្តម្ភ​មួយក្នុងចំណោមសសរស្តម្ភទាំង៤នៃសេដ្ឋកិច្ចកម្ពុជាមានភាពរឹងមាំឡើងវិញ​ដូចពេលមិនទាន់មានជំងឺកូវីដ-១៩។ វិស័យទេសចរណ៍កម្ពុជាអាចរឹងមាំឡើងវិញបាន លុះត្រាតែមានការភ្ជាប់ជើងហោះហើរពីប្រទេសផ្សេងៗទាំងលើពិភពលោក​ និងក្នុងតំបន់មកកម្ពុជា។ ជាពិសេសការភ្ជាប់ជើងហោះហើរត្រង់ជាមួយប្រទេសចិន ដែលខ្នងបង្អែកសេដ្ឋកិច្ចដ៏រឹងមាំរបស់កម្ពុ​ជា។

គិតមកទល់ពេលនេះវិបត្តិសង្គ្រាមរុស្ស៊ីវាយចូលឈ្លានពានអ៊ុយក្រែនបានអូសបន្លាយមកដល់ខែទី៤ហើយ ហើយពុំទាន់មានសញ្ញាណាមួយបង្ហាញថា សង្គ្រាមនេះនឹងអាចបញ្ចប់នៅពេលណានៅឡើយទេ បើទោះបីកន្លងមកភាគីទាំងពីរបានជួបពិភាក្សារកច្រកចេញជាច្រើនលើករួចហើយក្តី។ ទណ្ឌកម្មសេដ្ឋកិច្ចពីប្រទេសនានាពិសេសលោកខាងលិចបានធ្លាក់មកលើរុស្ស៊ីជាបន្តបន្ទាប់តាមរយៈការផ្អាកការធ្វើពាណិជ្ជកម្ម និងផ្អាកទិញប្រេងពីរុស្ស៊ីជាដើម។ ជាក់ស្តែងកាលពីពេលថ្មីៗ សហភាពអឺរ៉ុបទើបអនុម័តលើទណ្ឌកម្មទី៦ ដោយផ្តាច់ការទិញប្រេងពីរុស្ស៊ីជាង៩០% ដើម្បីកាត់ផ្តាច់ប្រភពចំណូលដ៏ធំរបស់ទីក្រុងមូស្គូ ដែលបានឈ្លានពានអ៊ុយក្រែន ហើយបញ្ហានេះ ក៏កំពុង​បង្កភាពរង្គោះរង្គើដល់ទីផ្សារប្រេងពិភពលោកផងដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមកសិករដាំទុរេនកំពតត្អូញត្អែរថា ទុរេនកំពតឆ្នាំនេះធ្លាក់ថ្លៃជាងឆ្នាំមុន

ព័ត៌មាន
ក្រុមប្រជាកសិករដែលជាម្ចាស់ចម្ការទុរេននៅខេត្តកំពត បានអះអាងថា តម្លៃទីផ្សារទុរេនកំពតនៅឆ្នាំនេះ ហាក់មានការធ្លាក់ចុះ បើធៀបនឹងឆ្នាំកន្លងទៅ។ ក…

អាមេរិកថា កិច្ចចរចាពាណិជ្ជកម្មទ្វេភាគីជាមួយតៃវ៉ាន់អាចនឹងបោះជំហានទៅមុនក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិកទៅទៀត

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់តំណាងពាណិជ្ជកម្មអាមេរិកបាននិយាយថា កិច្ចចរចាពាណិជ្ជកម្មទ្វេភាគីថ្មីជាមួយកោះតៃវ៉ាន់អាចនឹងបោះជំហានទៅមុនក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ