ឧកញ៉ា ហៃ លីអ៊ាង ស្ថាបនិក និងជាប្រធានអគ្គនាយកក្រុមហ៊ុន ខនហ្វីរេល ក្នុងនាមជាអ្នកស្រាវជ្រាវផ្នែកវេជ្ជសាស្ត្របានបង្ហាញមោទកភាពយ៉ាងខ្លាំង ចំពោះការទទួលបានកម្មសិទ្ធិបញ្ហារបស់ផលិតផលតែសុខភាព«គីរម្យ»ដែលផលិតចេញពីកញ្ចុំផ្កាម្រេចកំពត ដែលកើតចេញពីការខិតខំសិក្សាស្រាវជ្រាវ និងច្នៃប្រឌិតរបស់លោកឧកញ៉ា។ បើតាមការគូសបញ្ជាក់របស់អ្នកជំនាញវេជ្ជសាស្ត្ររូបនេះ នេះជាផលិតខ្មែរដំបូងគេ ដែលទទួលបានកម្មសិទ្ធិបញ្ហាពីក្រសួងពាណិជ្ជកម្មកម្ពុជា ក្រោមការទទួលស្គាល់ផ្នែកគុណភាព និងការច្នៃប្រឌិតពីអង្គការកម្មសិទ្ធិបញ្ហាពិភពលោក។
សម្រាប់លោកឧកញ៉ា ហៃ លីអ៊ាង ការទទួលបានកម្មសិទ្ធិបញ្ហានេះ មិនត្រឹមតែជួយការពារផលប្រយោជន៍ និងសិទ្ធិលើការធ្វើពាណិជ្ជកម្មរបស់ផលិតផលតែផ្កាម្រេចកំពតប៉ុណ្ណោះទេ ថែមទាំងជួយការពារ អភិរក្ស និងលើកកម្ពស់ការផ្សព្វផ្សាយពីផលិត ដែលជាកេរដំណែលរបស់បុព្វបុរសខ្មែរទៅកាន់ឆាកអន្តរជាតិឲ្យពិភពលោកបានស្គាល់កាន់តែទូលំទូលាយផងដែរ។ លើសពីនេះ វាក៏ជាផ្នែកជួយលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋតាមរយៈការជួយបង្កើតទីផ្សារសម្រាប់ផលិតផលម្រេច ក៏ដូចជាជួយលើកកម្ពស់ការស្រាវជ្រាវផ្នែកវេជ្ជសាស្ត្រ និងវិទ្យាសាស្ត្រនៅកម្ពុជាផងដែរ។
បើតាមការគូសបញ្ជាក់របស់លោកឧកញ៉ា ហៃ លីអ៊ាង វាមិនមែនជារឿងងាយស្រួលនោះទេទម្រាំផលិតផលតែសុខភាព«គីរម្យ»ទទួលបានកម្មសិទ្ធិបញ្ហានៅពេលនេះ ពោលគឺលោកឧកញ៉ាត្រូវចំណាយពេលជាច្រើនឆ្នាំលើការសិក្សស្រាវជ្រាវ និងការពារភាពត្រឹមត្រូវលើការសិក្សាស្រាវជ្រាវជាមួយបណ្តាប្រទេសផ្សេងៗនៅលើឆាកអន្តរជាតិ។ ថ្នាក់ដឹកនាំក្រុមហ៊ុន ប៉េប៉េអឹម រូបនេះបានបន្ថែមថា ការទទួលបានកម្មសិទ្ធិបញ្ហារបស់ផលិតផលខ្មែរនេះ គឺមានន័យថា ការសិក្សាស្រាវជ្រាវ ក៏ដូចជាផលិតផលតែម្រេចផ្កាម្រេចកំពតមានតែមួយនៅលើពិភពលោក។ ជាមួយគ្នានេះអ្នកជំនាញផ្នែកវេជ្ជសាស្ត្ររូបនេះប្តេជ្ញាថា លោកឧកញ៉ានឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីធ្វើឲ្យផលិតផលតែសុខភាពមួយនេះល្អលើសគេលើពិភពលោកទាំងគុណភាព និងសារធាតុសកម្មនៅក្នុងផលិតផលនេះ។
បើតាមការលើកឡើងរបស់ប្រធានអគ្គនាយកក្រុមហ៊ុន ខន ហ្វីរេល រូបនេះ ក្រៅពីផ្គត់ផ្គង់តម្រូវការប្រើប្រាស់ក្នុងស្រុក ផលិតផលតែសុខភាព«គីរម្យ»នេះត្រូវបាននាំចេញទៅលក់នៅលើទីផ្សារអន្តរជាតិផងដែរ ដូចជាប្រទេសបារាំង និងជប៉ុនជាដើម។ ប៉ុន្តែអ្វីដែលជាបញ្ហាប្រឈមសម្រាប់ផលិតផលនេះ គឺការកង្វះធនធាន និងវត្ថុធាតុដើម ដែលធ្វើឲ្យបរិមាណផលិតបានមិនអាចឆ្លើយតបនឹងតម្រូវការ។ កត្តានេះលោកឧកញ៉ា ហៃ លីអ៊ាង ស្នើឲ្យរាជរដ្ឋាភិបាលជួយគាំទ្រដល់ដំណើរការផលិតផលិតផលតែសុខភាពនេះ ដ្បិតវាជាផ្នែកជួយលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិ។
គួរបញ្ជាក់ថា ការទទួលបានកម្មសិទ្ធិបញ្ហារបស់ផលិតផលតែសុខភាព«គីរម្យ»ត្រូវបានប្រកាសជាផ្លូវការកាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២២០២៣ ក្នុងអំឡុងពេលកម្ពុជារៀបចំកម្មវិធីអបអរសាទរទិវាកម្មសិទ្ធិបញ្ញាពិភពលោក
ប្រចាំឆ្នាំ២០២៣។ ក្រៅពីតែសុខភាព«គីរម្យ» ក្រុមហ៊ុននេះ ក៏គ្រោងយកផលិតផលក្រោមការច្នៃប្រឌិតរបស់ខ្លួនជាច្រើនទៀតដូចជាខេម ប្រូបាយអ៊ូទិក, ដំណាប់ស្វាយរមូល និងស្រាជាដើម ដើម្បីដាក់ស្នើសុំកម្មសិទ្ធិបញ្ញាផងដែរ៕