កម្មសិទ្ធិបញ្ញា

រដ្ឋាភិបាលចាត់ទុកគោលនយោបាយស្តីពី«កម្មសិទ្ធិបញ្ញា»ជាផ្នែកមួយក្នុងការឈានទៅសម្រេចគោលដៅក្លាយជាប្រទេសមានចំណូលកម្រិតខ្ពស់


សេចក្តីព្រាងគោលនយោបាយជាតិស្តីពី«កម្មសិទ្ធិបញ្ញាឆ្នាំ២០២៤-២០២៨» គឺជារបៀបវារៈមួយស្ថិតក្នុងចំណោមរបៀបវារៈសំខានៗចំនួន៤ ដែលត្រូវបានលើកយកមកពិភាក្សានៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣។
កម្មសិទ្ធិបញ្ញា
ដោយ

សេចក្តីព្រាងគោលនយោបាយនេះ គឺមានចក្ខុវិស័យអភិវឌ្ឍប្រព័ន្ធកម្មសិទ្ធិបញ្ញានៅកម្ពុជាឱ្យក្លាយជាកម្លាំងចលករក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ពាណិជ្ជកម្ម ឧស្សាហកម្ម វប្បធម៌ ទេសចរណ៍ និងកសិកម្ម ដើម្បីឆ្លើយតបនឹងបរិបទសេដ្ឋកិច្ច និងសង្គមឌីជីថល និងបដិវត្តឧស្សាហកម្មជំនាន់ទី៤ ក៏ដូចជាចូលរួមចំណែកក្នុងការសម្រេចបាននូវចក្ខុវិស័យរបស់កម្ពុជាក្នុងការប្រែក្លាយជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។

យោងតាមសេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលសម័យប្រជុំពេញអង្គរបស់គណៈរដ្ឋមន្ត្រី សេចក្តីព្រាងគោលនយោបាយជាតិស្តីពី«កម្មសិទ្ធិបញ្ញា»នេះ ត្រូវបានតាក់តែងឡើងដោយឆ្លងកាត់កិច្ចប្រជុំលេខា​ធិការដ្ឋាន នៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា ចំនួន៨លើក និងកិច្ចប្រជុំពិគ្រោះយោបល់ចំនួន១លើក ដោយមានការចូលរួមពីតំណាងសមាគម សហគ្រាសធុនតូច និងមធ្យម សមាគមកម្មសិទ្ធិបញ្ញាកម្ពុជា សមាគមសហគ្រិនស្ត្រីកម្ពុជា សភាពាណិជ្ជកម្ម និ សាកលវិទ្យាល័យ វិទ្យាសាស្រ្តស្រាវជ្រាវ​។

សេចក្ដីព្រាងគោលនយោបាយនេះ ត្រូវបានរៀបចំ និងតាក់តែងឡើងក្នុងគោលបំណងធំៗចំនួន៣ រួមមានរៀបចំច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ដែលទាក់ទងនឹងកម្មសិទ្ធិបញ្ញាឱ្យស្របតាមបទដ្ឋានអន្តរជាតិ និងពង្រឹងការអនុវត្តច្បាប់កម្មសិទ្ធិបញ្ញា ដើម្បីឆ្លើយតបទៅនឹងតម្រូវការសេដ្ឋកិច្ច-សង្គម និងការអភិវឌ្ឍ, ពង្រឹងនិងលើកកម្ពស់សមត្ថភាពមន្ត្រី និងអង្គភាពក្នុងការអនុវត្តប្រព័ន្ធកម្មសិទ្ធិបញ្ញា ដើម្បីគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងផ្សព្វផ្សាយនិងលើកកម្ពស់ចំណេះដឹងសាធារណៈអំពីការប្រើប្រាស់កម្មសិទ្ធិបញ្ញាក្នុងការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម ដើម្បីជំរុញវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា។

រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ជឿជាក់ថា តាមរយៈគោលនយោបាយនេះ វានឹងជួយលើកកម្ពស់កិច្ចការពារកម្មសិទ្ធិបញ្ញា កេរ្តិ៍ឈ្មោះម៉ាក និងផលិតផលរបស់កម្ពុជា ការបង្កើតស្នាដៃ សិទ្ធិអ្នកនិពន្ធ តក្កកម្ម ធនធានពិន្ធុ ចំណេះដឹងជាប្រពៃណី និងវិញ្ញត្តិវប្បធម៌ និងជំរុញការប្រើប្រាស់កម្មសិទ្ធិបញ្ញា ដើម្បីលើកកម្ពស់ការស្រាវជ្រាវ និងអភិវឌ្ឍន៍ក្នុងការបង្កើតផលិតផលបច្ចេកវិទ្យា និងគំនិតច្នៃប្រតិដ្ឋ និងការបង្កើតថ្មី ព្រមទាំងឧស្សាហកម្មវប្បធម៌ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកគោលនយោបាយនេះ ក៏ជាផ្នែកមួយក្នុងការរួមចំណែកជួយកម្ពុជាឱ្យឈានទៅសម្រេចគោលដៅក្នុងការប្រែក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ផងដែរ៕

អត្ថបទ៖ បូ ដូឡា​

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


មេធំក្រុមហ៊ុន ជីប ម៉ុង អះអាងថា ដើម្បីកសាងក្រុមហ៊ុនមួយឈរជើងបានរាប់រយឆ្នាំ ត្រូវការការរៀនសូត្រ និងអនុវត្តឲ្យទាន់និន្នាការស្ដង់ដារពិភពលោក

ព័ត៌មាន
ថ្នាក់ដឹកនាំកំពូលរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានអះអាងថា ការកសាងក្រុមហ៊ុនមួយឲ្យឈានដល់ភាពជោគជ័យ រឹងមាំ និងឈរជើងបានរាប់រយឆ្នាំ មិន…

រាជរដ្ឋាភិបាលដាក់ចេញយុទ្ធនាការសាលារៀនស្អាតគ្មានសំរាមនៅទូទាំងប្រទេស

ព័ត៌មាន
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសដាក់ឱ្យអនុវត្តស្តង់ដារសាលារៀនគំរូ និងពានរង្វាន់សាលាគំរូសម្តេចមហាបវរធិបតី និង«…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ