អង្គការ OECD បានព្រមានទៀតថា បើសិនជាមានរលកទី២នៃការឆ្លងមេរោគ ផ្ទុះឡើងនៅឆមាសទី២នេះ សេដ្ឋកិច្ចសកល អាចនឹងធ្លាក់ចុះរហូតដល់ទៅ ៧,៦% ហើយ សេដ្ឋកិច្ច អាចងើបឡើងវិញ ក្នុងល្បឿនយឺតបំផុត និងមិនច្បាស់លាស់ថែមទៀតផង។
យ៉ាងណាក៏ដោយ បើសិនជាបញ្ហាមេរោគកូវីដ-១៩ ត្រូវបានគ្រប់គ្រងត្រឹមត្រូវនោះ សេដ្ឋកិច្ចសកល នឹងអាចកើនឡើងវិញដល់ ៥,២% នៅក្នុងឆ្នាំ ២០២១ខាងមុខ។
ផ្ទុយទៅវិញ បើវិបត្តិមេរោគនៅតែអូសបន្លាយ ការបាត់បង់ប្រាក់ចំណូលនឹងក្លាយជាបញ្ហាធ្ងន់ធ្ងរ និងយូរអង្វែងសម្រាប់ប្រជាពលរដ្ឋ ក្រុមហ៊ុន និងរដ្ឋាភិបាលជាដើម។
ចំពោះអត្រាគ្មានការងារធ្វើនឹងកើនឡើងខ្ពស់ ហើយអាជីវកម្មដែលក្ស័យធន និងដួលរលំ នឹងកាន់តែមានច្រើន។
សូមរម្លឹកដែរថា កាលពីខែមីនាកន្លងទៅ អង្គការ OECD បានធ្វើការព្យាករពី កំណើនសេដ្ឋកិច្ចសកលរួចម្តងទៅហើយ ដោយរំពឹងថា អាចនឹងសម្រេច ២,៤% ក្នុងឆ្នាំ២០២០នេះ តែដោយសារតែស្ថានការណ៍មេរោគកូវីដ-១៩ កាន់តែអាក្រក់ពេក វាប៉ះពាល់ទៅដល់ការធ្វើជំនួញពាណិជ្ជកម្ម ការធ្វើដំណើរកម្សាន្ត និងជីវភាពប្រជាពលរដ្ឋ ទើបមានការព្យាករជាថ្មីថា នឹងអាចធ្លាក់ដល់ អវិជ្ជមានតែម្តង៕