អ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គនាយកក្រុមហ៊ុន រីចហ្វាម អេស៊ា កត់សម្គាល់ឃើញថា នៅប៉ុន្មានឆ្នាំចុងក្រោយនេះប្រជាកសិករអ្នកប្រកបរបរដាំស្វាយហាក់មិនសូវសម្រុកដាំដុះ និងផលិតផ្លែស្វាយប៉ុន្មាននោះទេ ពោលគឺចម្ការភាគច្រើនទុកឱ្យផ្លែតាមធម្មតាដោយសារបញ្ហាទីផ្សារ និងតម្លៃនៅលើទីផ្សារអន្តរជាតិ។ ជាការកត់សម្គាល់របស់អ្នកជំនាញរូបនេះ នៅឆ្នាំនេះអ្នកដាំស្វាយធំៗ ក៏មិនសូវបង្កើនការទាញយកផលប្រយោជន៍ពីទិន្នផលផ្លែស្វាយខុសរដូវប៉ុន្មាននោះដែរ ដែលជាហេតុធ្វើឱ្យតម្លៃស្វាយខុសរដូវនៅឆ្នាំនេះហក់ឡើងខ្ពស់គួរឱ្យកត់សម្គាល់។
បើតាមការអះអាងរបស់អ្នកឧកញ៉ា ហ៊ុន ឡាក់ បើទោះបីនៅប៉ុន្មានឆ្នាំចុងក្រោយនេះប្រជាកសិករមិនសូវសម្រុកបង្កបង្កើនផលផ្លែស្វាយក៏ពិតមែន តែការនាំចេញផ្លែស្វាយស្រស់របស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ មានសញ្ញាវិជ្ជមានគួរឱ្យកត់សម្គាល់ ពោលគឺនៅ៧ខែឆ្នាំនេះ ការនាំចេញផ្លែស្វាយស្រស់មានការកើនឡើងជាង១០០% បើធៀបនឹងឆ្នាំមុន។
ជាមួយគ្នានេះ លោក អុំ សុភា ប្រធានក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្ម សាមគ្គីតំបែរ និងជាកសិករដាំស្វាយមួយរូបនៅខេត្តត្បូងឃ្មុំ បានប្រាប់ខេមបូណូមីសថា មកទល់ពេលនេះសមាជិកសហគមន៍របស់លោកកំពុងមមាញឹកជាមួយការផលិតស្វាយខុសរដូវវគ្គទី១។ បើតាមការអះអាងថ្នាក់ដឹកនាំសហគមន៍រូបនេះ មានចម្ការស្វាយរបស់សមាជិកខ្លះបានចេញផ្កាច្រើនដូចបំណង ខណៈនៅចម្ការខ្លះបែរជាកំពុងចេញត្រួយទៅវិញ ដែលនេះគឺជាបញ្ហាប្រឈមរបស់កសិករក្នុងការធ្វើស្វាយខុសរដូវ។
បើតាមការអះអាងរបស់ប្រធានក្រុមប្រឹក្សាភិបាល សហគមន៍កសិកម្ម សាមគ្គីតំបែររូបនេះ ទោះបីបច្ចុប្បន្នស្វាយខុសរដូវមានតម្លៃថ្លៃក៏ពិតមែន តែមកទល់ពេលនេះចម្ការស្វាយរបស់កសិករដែលជាសមាជិករបស់សហគមន៍ នៅពុំទាន់មានផ្លែស្វាយលក់នៅឡើយទេ ដោយសារតែកសិករពុំមានលទ្ធភាពគ្រាប់គ្រាន់ក្នុងការចាប់ផ្ដើមផលិតកាលពីដើមដៃ។ យ៉ាងណាមិញលោករំពឹងថា ចម្ការស្វាយរបស់កសិករដែលជាសមាជិករបស់សហគមន៍នឹងមានផ្លែលក់នៅអំឡុងខែវិច្ឆិកា ខាងមុខនេះ។
បើតាមការគូសបញ្ជាក់របស់ប្រធានក្រុមប្រឹក្សាភិបាលសហគមន៍រូបនេះ កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅ ផ្លែស្វាយខុសរដូវអាចលក់បានក្នុងតម្លៃចន្លោះពីជាង៨០០រៀល ដល់ជាង១,៥០០រៀលក្នុង១គីឡូក្រាម ហើយលោករំពឹងថា ផ្លែស្វាយខុសរដូវរបស់កសិករនៅឆ្នាំនេះនឹងអាចលក់បានក្នុងតម្លៃសមរម្យ៕
អត្ថបទ៖ បូ ដូឡា