លោកឧកញ៉ាចេង ខេង បានប្រសាសន៍ថា « យើងសូមអរគុណដល់អ្នកឧកញ៉ា ពុង ឃាវសែ ដែលជាម្ចាស់គម្រោង អគារ The Legacyនេះ ដែលបានផ្តល់ទំនុកចិត្តដល់ក្រុមហ៊ុន CPL អោយធ្វើការលក់ផ្តាច់មុខ ហើយយើងប្តេជ្ញាថានឹងធ្វើអោយគម្រោងនេះជោគជ័យនៅក្នុងរយៈពេលខ្លី»។ លោកឧកញ៉ាបន្តថា ហេតុដែលលោកមានការជឿជាក់ខ្លាំងចំពោះការលក់អគារ The Legacy យ៉ាងដូច្នេះគឺព្រោះតែ ទីតាំងនៃអគារនេះ ល្អដែលអំណោយផលដល់ការរស់នៅ និងធ្វើអាជីវកម្ម ខ្លាំងណាស់ ដោយសារតែវាស្ថិតនៅលើក្រុងរណបជ្រោយចង្វារ ដែលកំពុងតែមានការអភិវឌ្ឍខ្លាំង ដូច្នេះមិនដល់៣ខែទេ លោកជឿជាក់ថា ក្រុមហ៊ុនអចលនទ្រព្យ CPL នឹងលក់ដាច់ចំនួន១១ជាន់ ក្នុងចំណោមជាន់សរុបចំនួន ២១ជាន់នេះមិនខាន។
ក្រោយដំណើរទស្សនកិច្ចនោះភ្លាមៗ លោកស្រី សាយ សោភា នាយិកាសាលាអន្តរជាតិវើល និងអ្នកជំនួញផ្នែកអចលនទ្រព្យដែរនោះ បានសម្រេចិត្តទិញជាន់ទី១៨ ដើម្បីផ្លាស់ប្តូរទីតាំងក្រុមហ៊ុនមកកាន់ទីនេះ។ លោកស្រី សាយ សោភាបានឲ្យដឹងថា « ខ្ញុំគិតវែងឆ្ងាយ ដោយសារតែនៅទីនេះ យើងជិះពីស្ពានជ្រោយចង្វារមកតែប្រមាណ ១០០ម៉ែត្រទេ មកដល់ ហើយបរិស្ថានជុំវិញនេះវាមានទន្លេ មានបុរី ហើយមានអគារពន្ធដានៅហ្នឹង អ៊ីចឹងខ្ញុំគិតថានៅទីនេះ Potential (សក្ដានុពល) ខ្លាំង។
បើតាមលោកឧកញ៉ាចេង ខេង អគារពាណិជ្ជកម្ម The Legacy មានលក្ខណៈប្រសើរច្រើនសម្រាប់អ្នកដែលចាប់ផ្តើមអាជីវផ្ទាល់ខ្លួនដំបូងៗ ដោយមាន២ជាន់ បានរៀបចំជាកន្លែងធ្វើការរួម Co-working and Networking space ដោយមិនត្រឹមជាកន្លែងធ្វើការតែមួយមុខទេ តែនៅទីនេះក៏មានអ្នកជំនាញលើវិស័យ មួយៗដែលអាចផ្តល់ប្រឹក្សាបានដូចជា អ្នកជំនាញផ្នែកបច្ចេកវិទ្យាលើវិស័យកសិកម្ម អ្នកជំនាញផ្នែកហិរញ្ញវត្ថុជាដើម ដើម្បីជួយដល់អាជីវកម្មដែលទើបតែចាប់ផ្តើម អាចដំណើរការទៅបានដោយរលូន។
ចំពោះ Co-working and Networking space ថ្វីត្បិតតែមិនទាន់មានការពេញនិយមខ្លាំងនៅក្នុងប្រទេសកម្ពុជាក៏ពិតមែន តែលោកឧកញ៉ា ចេង បញ្ជាក់ថា អគារពាណិជ្ជកម្ម The Legacy នឹងអាចទាក់ទាញ និងផ្លាស់ប្តូរគំនិតរបស់យុវជនជំនាន់ក្រោយឲ្យយល់ពីតម្លៃនៃការចែករំលែក ការធ្វើការរួមគ្នា ទំនាក់ទំនងឲ្យតែទូលំទូលាយ ដែលនឹងអាចឈានដល់ការពេញនិយមខ្លាំងដូចបណ្តាប្រទេសនានានៅលើពិភពលោកផងដែរ។
អគារពាណិជ្ជកម្ម The Legacy មិនខុសពីអគារពាណិជ្ជកម្មដទៃទៀតនោះទេ មានដូចជា សេវាកម្មកក់សំបុត្រផ្សេងៗ សេវាកម្មបដិសណ្ឋារកិច្ច ការគ្រប់គ្រងអចលនវត្ថុ សេវាកម្មរដ្ឋបាល សេវាកម្មរត់ការ ផ្ទេរសិទ្ធិ និងបង់ពន្ធអចលនវត្ថុ សេវាកម្មបោះពុម្ព ការរិយាល័រួមនឹងផ្សាភ្ជាប់ទំនាក់ទំនង ការផ្គត់ផ្គង់សម្ភារការិយាល័យ និងសេវាកម្មដឹកជញ្ជូនម្ហូបអាហារជាដើម។
រហូតមកទល់នេះ អគារពាណិជ្ជកម្ម The Legacy បានសាងសង់ហើយរួចរាល់ប្រមាណ ៩០%ហើយ ដែលនឹងសាងសង់រួចរាល់ ១០០ភាគរយ នៅខែមេសា ឆ្នាំ២០២០ ខាងមុខនេះ ក្នុងនាមជាអគារខ្ពស់ដែលបានសាងសង់រួចរាល់មុនគេលើទឹកក្រុងរណបជ្រោយចង្វារ របស់ក្រុមហ៊ុន OCIC របស់អ្នកឧកញ៉ា ពុង ឃាវសែ៕