
កិច្ចប្រជុំកំពូលនេះ បានប្រមូលផ្តុំមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល រួមមាន លោក Maroš Šefčovič ស្នងការពាណិជ្ជកម្មសហភាពអឺរ៉ុប និង ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការ អាស៊ាន ភ្ញៀវកិត្តិយសជាន់ខ្ពស់សហភាពអឺរ៉ុប និងអ្នកដឹកនាំធុរកិច្ចសំខាន់ៗ ដើម្បីដឹកនាំកិច្ចពិភាក្សាលើការពង្រឹងកិច្ច សហប្រតិបត្តិការសេដ្ឋកិច្ច និងនវានុវត្តន៍រវាងអាស៊ាន និងសហភាពអឺរ៉ុប។
ប្រធានបទសំខាន់ៗនៃកិច្ចប្រជុំកំពូលនេះ គឺការពិភាក្សារទៅលើកំណើនសេដ្ឋកិច្ចបៃតង ប្រព័ន្ធស្បៀងអាហារ ប្រកប ដោយនិរន្តរភាព និងតួនាទីដ៏ទូលំទូលាយនៃបច្ចេកវិទ្យាឌីជីថលក្នុងការកំណត់ឡើងវិញនូវការងារ ពាណិជ្ជកម្ម និងការ អភិវឌ្ឍប្រកបដោយនិរន្តរភាព។ លោក Jo Miyake ប្រធានផ្នែកធនាគារ ប្រចាំតំបន់អាស៊ី និងមជ្ឈិមបូព៌ា នៃនាយកដ្ឋាន Corporate and Institutional Banking នៅធនាគារ HSBC ដែលជាអ្នកឧបត្ថម្ភកម្រិត Platinum លោកបានលើកឡើងពីតួនាទីដ៏សំខាន់នៃហិរញ្ញវត្ថុ និងការវិនិយោគប្រកបដោយនិរន្តរភាព ដើម្បីជំរុញភាពជាដៃគូ សេដ្ឋកិច្ចអាស៊ាន-សហភាពអឺរ៉ុប ឲ្យមានភាពរឹងមាំ បរិយាបន្ន និងត្រៀមខ្លួនសម្រាប់អនាគត។

តាមរយៈកិច្ចពិភាក្សាទាំងមូល អ្នកចូលរួមបានស្វែងយល់ពីយុទ្ធសាស្ត្រដែលអាចអនុវត្តបាន ដើម្បីធ្វើសមាហរណកម្ម ទីផ្សារ លើកកម្ពស់ប្រព័ន្ធនវានុវត្តន៍ និងសម្រេចបាននូវវិបុលភាពបរិយាបន្ន ដោយផ្អែកលើគោលការណ៍និរន្តរភាព។
ការចូលរួមរបស់អ្នកឧកញ៉ា សៀ ឫទ្ធី បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តដ៏រឹងមាំរបស់ក្រុមហ៊ុន WorldBridge Group ក្នុងការបង្ហាញប្រទេសកម្ពុជា នៅជួរមុខនៃភាពជាដៃគូក្នុងតំបន់ ដែលផ្តោតលើពាណិជ្ជកម្មប្រកបដោយនិរន្តរភាព នវានុវត្តន៍បច្ចេកវិទ្យា និងកំណើនសេដ្ឋកិច្ចដែលមានភាពរឹងមាំ។ វត្តមានរបស់លោកនៅក្នុងកិច្ចប្រជុំកំពូលនេះ បាន ពង្រឹងទស្សនវិស័យរបស់ក្រុមហ៊ុនក្នុងការលើកកម្ពស់សហប្រតិបត្តិការយ៉ាងសកម្ម ដែលជំរុញការវិនិយោគឆ្លងដែន ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល និងកំណើនបៃតងទាំងនៅក្នុងតំបន់អាស៊ាន និងសហភាពអឺរ៉ុប។
