មន្ទីរពេទ្យដ៏ធំបំផុតមួយនៅកម្ពុជា

មន្ទីរពេទ្យដ៏ធំបំផុតមួយនៅកម្ពុជាគ្រោងបើកដំណើរការនៅខែមិថុនាឆ្នាំនេះ និងមានតម្រូវការគ្រួពេទ្យដល់១ពាន់នាក់


សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានសម្រេចឲ្យក្រសួងសុខាភិបាលប្រឡងជ្រើសរើសគ្រូពេទ្យថ្មីលើជំនាញផ្សេងៗចំនួន២០០នាក់បន្ថែម ដើម្បីបម្រើការនៅមន្ទីរពេទ្យជាតិតេជោសន្តិភាព ដែលគ្រោងសម្ពោធដាក់ឲ្យប្រើប្រាស់នៅអំឡុងខែមិថុនា ឆ្នាំ២០២៣ខាងមុខនេះ។ បើតាមការគូសបញ្ជាក់របស់ប្រមុខរាជរដ្ឋាភិបាល ក្រោយមន្ទីរពេទ្យនេះដាក់ឲ្យដំណើរការ នឹងមានតម្រូវការគ្រូពេទ្យប្រមាណ១ពាន់នាក់ឯណោះ ខណៈបច្ចុប្បន្នក្រសួងសុខាភិបាលទើបជ្រើសរើសក្រុមគ្រូពេទ្យមកពីមន្ទីរពេទ្យផ្សេងនៅតាមបណ្ដាខេត្ត និងរាជធានីភ្នំពេញបានប្រមាណជាង១០០នាក់ប៉ុណ្ណោះ។
មន្ទីរពេទ្យដ៏ធំបំផុតមួយនៅកម្ពុជាគ្រោងបើកដំណើរការនៅខែមិថុនាឆ្នាំនេះ

មន្ទីរពេទ្យជាតិតេជោសន្តិភាព នេះសាងសង់លើផ្ទៃដីជាង៧ហិកតាដែលមានសមត្ថភាពអាចផ្ទុកគ្រែអ្នកជំងឺបានរហូតដល់ជិត១ម៉ឺននាក់ ហើយជាមន្ទីរពេទ្យដែលធំជាងគេបង្អស់នៅរាជធានីភ្នំពេញ។ បច្ចុប្បន្ន មន្ទីរពេទ្យនេះសម្រេចការសាងសង់បានប្រមាណ៨០%ហើយ។

នាពិធីចុះត្រួតពិនិត្យវឌ្ឍនភាពសាងសង់ និងជួបសំណេះសំណាលជាមួយកម្មករកម្មការិនីនៅការដ្ឋានសាងសង់មន្ទីរពេទ្យជាតិ«តេជោសន្តិភាព»សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានបើកភ្លើងបៃតងឲ្យក្រសួងសុខាភិបាលជ្រើសរើសគ្រូពេទ្យថ្មីបន្ថែមទៀត ដើម្បីបំពេញតម្រូវការ ដែលកំពុងមានការខ្វះខាត។ ក្នុងនោះសម្តេចបានសម្រេចឲ្យក្រសួងសុខាភិបាលប្រឡងជ្រើសរើសគ្រូពេទ្យថ្មីចំនួន២០០នាក់បន្ថែម ដើម្បីត្រៀមបម្រើការងារនៅមន្ទីរពេទ្យជាតិតេជោសន្តិភាព ដែលគ្រោងដាក់ឲ្យដំណើរការនៅអំឡុងខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះ។
ការសម្រេចបែបនេះធ្វើឡើងក្រោយសម្តេចតេជោមើលឃើញពីចំនួនក្រុមគ្រូពេទ្យសម្រាប់បម្រើការនៅមន្ទីរពេទ្យនេះនៅមានចំនួនតិចតួច ខណៈតម្រូវការមានចំនួនច្រើន។ បើតាមការគូសបញ្ជាក់របស់សម្តេចតេជោ ក្រោយមន្ទីរពេទ្យនេះ ត្រូវបានសម្ពោធដាក់ឲ្យដំណើរការនឹងមានតម្រូវការគ្រូពេទ្យសម្រាប់បម្រើការងារក្នុងរង្វង់១ពាន់នាក់ឯណោះ ខណៈបច្ចុប្បន្នក្រសួងសុខាភិបាលទើបជ្រើសរើសគ្រូពេទ្យពីបណ្តាមន្ទីរពេទ្យនានាក្នុងរាជធានីភ្នំពេញបានចំនួន១៥០នាក់ប៉ុណ្ណោះ។ ក្រៅពីគ្រូពេទ្យសម្តេចតេជោ ហ៊ុន សែន ក៏បានឲ្យក្រសួងសុខាភិបាលជ្រើសរើសមន្ត្រីជាប់កិច្ចសន្យាចំនួន៣០០នាក់ ដើម្បីធ្វើការលើមុខជំនាញផ្សេងៗនៅមន្ទីរពេទ្យនេះផងដែរ។

ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកវិស័យសុខាភិបាល និងវិស័យអប់រំជាវិស័យអាទិភាព ដែលសម្តេចផ្តល់ឱកាសឲ្យជ្រើសរើសបុគ្គលិក និងមន្ត្រីថ្មីច្រើនជាងគេ បើធៀបនឹងវិស័យផ្សេងៗ។ ជាក់ស្តែងនៅឆ្នាំ២០២២ កន្លងទៅសម្តេចតេជោ ហ៊ុន សែន បានសម្រេចឲ្យក្រសួងសុខាភិបាលប្រឡងជ្រើសរើសគ្រូពេទ្យថ្មីចំនួន៣ពាន់នាក់ ដើម្បីចូលបម្រើការងារក្នុងក្របខណ្ឌរដ្ឋ ដែលកំពុងមានតម្រូវការខ្ពស់។ សម្តេចសង្កត់ធ្ងន់ថា ក្រៅពីវិស័យអាទិភាពសម្តេចសម្រេចឲ្យជ្រើសរើសមន្ត្រីថ្មីតិចតួចបំផុត ពោលគឺបើចូលនិវត្តន៍៥នាក់ឲ្យជ្រើសរើសថ្មីតែ៣នាក់ប៉ុណ្ណោះ។
គួរបញ្ជាក់ផងដែរថា មន្ទីរពេទ្យជាតិតេជោសន្តិភាពមានទីតាំងស្ថិតតាមបណ្តោយមហាវិថីឈ្នះឈ្នះ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ មន្ទីរពេទ្យដែលមាន១១អគារនេះ សាងសង់លើផ្ទៃដីជាង៧ហិកតា ដោយអាចមានសមត្ថភាពអាចផ្ទុកគ្រែអ្នកជំងឺបានជិត១ម៉ឺននាក់ និងមានចំណតរថយន្តជិត១ពាន់គ្រឿង ដែលជាមន្ទីរពេទ្យធំជាងគេបង្អស់នៅកម្ពុជា។ បច្ចុប្បន្នមន្ទីរពេទ្យដែលបានបើកការសាងសង់នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ នេះសម្រេចការសាងសង់បានប្រមាណ៨០% ហើយ ដោយគ្រោងបញ្ចប់នៅអំឡុងខែមិថុនា ឆ្នាំ២០២៣នេះ។
គោលបំណងចម្បងនៃការស្ថាបនាមន្ទីរពេទ្យនេះដំបូង គឺដើម្បីត្រៀមដាក់ព្យាបាលអ្នកជំងឺកូវីដ-១៩ ដែលកាលណោះកម្ពុជាមានករណីឆ្លងកូវីដ-១៩ ច្រើន តែខ្វះកន្លែងសម្រាប់ឲ្យអ្នកជំងឺសម្រាកព្យាបាល ដោយកាលនោះរាជរដ្ឋាភិបាលកម្ពុជាបានប្រើប្រាស់សណ្ឋាគារ ពហុកីឡដ្ឋានជាតិអូឡាំពិក និងសាលមហោស្រពពិព័រណ៍កោះពេជ្រជាដើមធ្វើជាកន្លែងសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩។ ប៉ុន្តែដោយមើលឃើញការឆ្លងជំងឺកូវីដ-១៩ នៅកម្ពុជាមានភាពធូរស្បើយសម្តេចតេជោ ហ៊ុន សែន បានសម្រេចប្រែក្លាយមន្ទីរពេទ្យនេះជាកន្លែងព្យាបាលជំងឺផ្សេងៗវិញ ដោយរៀបចំគ្រែតែ២ពាន់ប៉ុណ្ណោះ សម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ និងជំងឺឆ្លងនានា៕




អត្ថបទបន្ទាប់


រំលស់ម៉ូតូ បានអាំងប៉ាវពី អេ អឹម ខេ

ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បានរៀបចំការផ្តល់ជូនពិសេស “រំលស់ម៉ូតូ បានអាំងប៉ាវ”។ សម្រ…

ការចរចាកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ កម្ពុជា-អេមីរ៉ាតអារ៉ាប់រួម នឹងបិទបញ្ចប់នៅខែមីនា

បន្ទាប់ពីបានចរចាគ្នាយ៉ាងផុសផុលអស់ពីរជុំរួចមក កម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម គ្រោងនឹងបិទបញ្ចប់ការចរចាកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ